Connect with us

ព័ត៌មានអន្ដរជាតិ

ប្រធានាធិបតីអ៊ីរ៉ង់ព្រមានពីផលវិបាកជាសកល បើមានការគំរាមកំហែងដល់ច្រកសមុទ្រហ័រមូស

បានផុស

នៅ

ថ្មីៗនេះ លោក Masoud Pezeshkian ប្រធានាធិបតីនៃប្រទេសអ៊ីរ៉ង់ បានសន្ទនាតាមទូរស័ព្ទជាមួយលោក Emmanuel Macron ប្រធានាធិបតីបារាំង ដើម្បីជជែកពិភាក្សាអំពីបញ្ហាសំខាន់ៗជាច្រើនដែលកំពុងកើតឡើងនៅក្នុងតំបន់ រួមទាំងការចរចាជាមួយសហរដ្ឋអាមេរិកដែលមានប្រទេសប៉ាគីស្ថានជាអ្នកសម្របសម្រួល និងដំណើរការនៃកិច្ចព្រមព្រៀងឈប់បាញ់។

លោក Masoud Pezeshkian (រូបថត៖ aa)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ការ​ផ្សាយ​របស់ Anadolu កាល​ពី​ថ្ងៃទី​១៣​ខែមេសា​ឆ្នាំ​២០២៦ ក្នុងអំឡុងពេលសន្ទនានោះ លោក Pezeshkian បានលើកឡើងថា ភាគីអ៊ីរ៉ង់បានខិតខំប្រឹងប្រែងអស់ពីសមត្ថភាព និងបង្ហាញពីសុឆន្ទៈយ៉ាងពិតប្រាកដដើម្បីឈានទៅរកកិច្ចព្រមព្រៀងមួយដែលប្រកបដោយនិរន្តរភាព។ ទោះបីជាមានការរីកចម្រើនខ្លះៗនៅកម្រិតបច្ចេកទេសក៏ដោយ ប៉ុន្តែលោកបានអះអាងថា ការទាមទារហួសហេតុ និងការខ្វះខាតនូវឆន្ទៈនយោបាយពីសំណាក់មន្ត្រីអាមេរិក បានក្លាយជាឧបសគ្គដែលធ្វើឲ្យ​កិច្ចព្រមព្រៀងនេះមិនអាចសម្រេចបាន។ លោកបានសង្កត់ធ្ងន់ថា អ៊ីរ៉ង់នៅតែបន្តប្រកាន់ខ្ជាប់នូវផ្លូវការទូត ប៉ុន្តែត្រូវតែស្ថិតនៅក្នុងក្របខ័ណ្ឌច្បាប់អន្តរជាតិ ដើម្បីការពារសិទ្ធិរបស់ប្រជាជនអ៊ីរ៉ង់។ លោកថែមទាំងបានលើកទឹកចិត្ត​ឲ្យ​ប្រទេសនៅអឺរ៉ុប ជួយជំរុញឲ្យ​ទីក្រុងវ៉ាស៊ីនតោនគោរពតាមគោលការណ៍ទាំងនេះផងដែរ។

ពាក់ព័ន្ធនឹងបញ្ហាសន្តិសុខដែនសមុទ្រ លោកប្រធានាធិបតីអ៊ីរ៉ង់បានព្រមានយ៉ាងម៉ឺងម៉ាត់ចំពោះការគំរាមកំហែងពី​​អាមេរិកលើច្រកសមុទ្រហ័រមូស។ លោកបានបញ្ជាក់ថា អ៊ីរ៉ង់តែងតែខិតខំធានាឲ្យ​មានការដឹកជញ្ជូនតាមផ្លូវសមុទ្រដែលមានសុវត្ថិភាពនៅតំបន់យុទ្ធសាស្ត្រនេះ ប៉ុន្តែប្រសិនបើមានការគំរាមកំហែងណាមួយដល់សន្តិសុខនៅទីនោះ វានឹងបង្ក​ឲ្យ​មានផលវិបាកយ៉ាងធ្ងន់ធ្ងរដល់ពាណិជ្ជកម្មពិភពលោកទាំងមូល។ លោកបានបន្ថែមថា អ៊ីរ៉ង់មានការត្រៀមខ្លួនរួចជាស្រេចដើម្បីឆ្លើយតបទៅនឹងគ្រប់សេណារីយ៉ូទាំងអស់ ដើម្បីការពារផលប្រយោជន៍ជាតិរបស់ខ្លួន។

ចំពោះបញ្ហានុយក្លេអ៊ែរ លោក Pezeshkian បានបញ្ជាក់ជាថ្មីថា អ៊ីរ៉ង់នៅតែមានឆន្ទៈបន្តការចរចាជាមួយបណ្តាប្រទេសអឺរ៉ុបដោយផ្អែកលើមូលដ្ឋានដែលបានព្រមព្រៀងគ្នាកាលពីពេលកន្លងទៅ។ លោកបានអះអាងថា ប្រទេសរបស់លោកមិនដែលធ្វើសកម្មភាពណាមួយដែលផ្ទុយពីបទប្បញ្ញត្តិអន្តរជាតិឡើយ។ រីឯលោក Macron បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការដាក់បញ្ចូលប្រទេសលីបង់ទៅក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងឈប់បាញ់ ហើយលោកក៏បានផ្លាស់ប្តូរទស្សនៈជាមួយភាគីអ៊ីរ៉ង់ជុំវិញបញ្ហានុយក្លេអ៊ែរ និងរបបច្បាប់នៃច្រកសមុទ្រហ័រមូសផងដែរ។

គួររំលឹកផងដែរថា កាលពីចុងសប្តាហ៍កន្លងទៅនេះ សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានបើកការចរចាដោយផ្ទាល់នៅទីក្រុងអ៊ីស្លាម៉ាបាដ ប្រទេសប៉ាគីស្ថាន ប៉ុន្តែកិច្ចពិភាក្សានោះបានបញ្ចប់ទៅដោយមិនទាន់មានកិច្ចព្រមព្រៀងណាមួយត្រូវបានសម្រេចនៅឡើយទេ។ ការចរចានេះបានកើតឡើងបន្ទាប់ពីមានការឈប់បាញ់រយៈពេលពីរសប្ដាហ៍​ដែលសម្របសម្រួលដោយប្រទេសប៉ាគីស្ថានកាលពីថ្ងៃទី៨​ខែមេសា ដែលចាត់ទុកថាជាកិច្ចសន្ទនាកម្រិតខ្ពស់បំផុតរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់ ចាប់តាំងពីឆ្នាំ១៩៧៩៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម