Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីរ៉ង់ប្រាប់ថា ខ្លួនមានសន្លឹកបៀថ្មី លេងជាមួយអាមេរិក បើការចរចា បរាជ័យ

បានផុស

នៅ

ប្រទេសអ៊ីរ៉ង់អះអាងថា ខ្លួនមានសន្លឹកបៀថ្មី សម្រាប់លេងជាមួយអាមេរិកនៅលើសមរភូមិ ប្រសិនបើការចរចាជុំទី២ ទទួលបរាជ័យ។

ប្រធានរដ្ឋសភាអ៊ីរ៉ង់ Mohammad Bagher Ghalibaf (រូប៖ Reuters)

ក្នុងសារបង្ហោះលើបណ្តាញសង្គម X កាលពីថ្ងៃចន្ទទី២០ខែមេសាឆ្នាំ២០២៦ ប្រធានរដ្ឋសភា Mohammad Bagher Ghalibaf សរសេរថា៖ «តាមរយៈការបិទខ្ទប់និងរំលោភលើបទឈប់បាញ់ លោកត្រាំកំពុងស្វែងរកវិធីប្រែក្លាយតុចរចានេះតាមតែការស្រមៃរបស់គាត់ ឲ្យក្លាយទៅជាតុនៃការចុះចាញ់ ឬដើម្បីយកមកធ្វើជាលេសសម្រាប់បង្កសង្គ្រាមជាថ្មី។ យើងមិនទទួលយកការចរចានៅក្រោមស្រមោលនៃការគំរាមកំហែងបានទេ ហើយក្នុងរយៈពេលពីរសប្តាហ៍ចុងក្រោយនេះ យើងបានត្រៀមខ្លួនរួចជាស្រេចដើម្បីបង្ហាញសន្លឹកបៀថ្មីៗ នៅលើសមរភូមិ»។

លោក Qalibaf និងរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ គឺជាមន្ត្រីជាន់ខ្ពស់ដែលដឹកនាំក្រុមចរចាជាមួយអាមេរិក ខណៈជំនួបលើកទី១ គឺមិនទទួលបានជោគជ័យនោះទេ។

សម្រាប់កិច្ចចរចាជុំទី២នេះ ត្រូវបានកំណត់ពេលធ្វើឡើងនៅល្ងាចថ្ងៃពុធ ប៉ុន្តែប្រធានាធិបតីអាមេរិក ​បានគំរាមរួចទៅហើយថា លោកទំនងជានឹងមិនបន្តកិច្ចព្រមព្រៀងឈប់​បាញ់គ្នាជាមួយអ៊ីរ៉ង់ទៀតឡើយ ប្រសិនបើភាគីទាំងពីរនៅតែមិនអាចឈានដល់កិច្ចព្រមព្រៀងសន្តិភាពណាមួយ។

ការប្រកាន់ជំហររឹងរូសរៀងខ្លួននេះ ត្រូវបានអ្នកជំនាញយល់ឃើញថា បទឈប់បាញ់ថ្មីទំនងមិនអាចកើតមានបានឡើយ ហើយសង្គ្រាមជាបន្តក៏នឹងត្រៀមផ្ទុះឡើងផងដែរ។

បើភាគីទាំងពីរ ប្រយុទ្ធគ្នាទ្រង់ទ្រាយធំជាថ្មីមែន ច្បាស់ណាស់ពិភពលោកនឹងធ្លាក់ចូលទៅក្នុងជ្រោះវិបត្តិធ្ងន់ធ្ងរ ជាពិសេសវិបត្តិសេដ្ឋកិច្ចតែម្តង ដែលបណ្តាលមកពីការឡើងថ្លៃទំនិញ ប្រេងសាំង និងឧស្ម័នជាដើម៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម