Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក បញ្ជាឲ្យកប៉ាល់ ៣១គ្រឿង បកក្រោយវិញ ចាប់តាំងពីការបិទខ្ទប់ផ្លូវទឹកអ៊ីរ៉ង់

បានផុស

នៅ

ទីបញ្ជាការកណ្ដាលសហរដ្ឋអាមេរិក (CENTCOM) បញ្ជាក់ថា មានកប៉ាល់ចំនួន៣១គ្រឿង ដែលភាគច្រើនជាកប៉ាល់ដឹកប្រេង ត្រូវបង្ខំចិត្តធ្វើដំណើរបកក្រោយវិញ ចាប់តាំងពីទីក្រុងវ៉ាស៊ីនតោន បិទខ្ទប់ផ្លូវទឹករបស់ប្រទេសអ៊ីរ៉ង់។

កប៉ាល់ក្នុងច្រក Hormuz (រូប៖ Reuters)

តាមរយៈសារបង្ហោះលើបណ្តាញសង្គម X កាលពីថ្ងៃពុធទី២២ខែមេសាឆ្នាំ២០២៦ CENTCOM អះអា​ងថា កងកម្លាំងអាមេរិក បានបញ្ជាឲ្យកប៉ាល់ទាំងនោះ បកក្រោយវិលទៅកំពង់ផែវិញ ព្រោះតែការបិទខ្ទប់។

កាលពីថ្ងៃអង្គារ ប្រមុខសេតវិមាន ដូណាល់ ត្រាំ បានប្រកាសថា សហរដ្ឋអាមេរិក នៅតែបិទខ្ទប់ផ្លូវទឹករបស់អ៊ីរ៉ង់ ដ្បិតលោកប្រកាសបន្តបទឈប់បាញ់ជាមួយអ៊ីរ៉ង់ ដោយគ្មានពេលកំណត់ក៏ដោយ។

ក្នុងសារបង្ហោះលើបណ្តាញសង្គម Truth Social លោកត្រាំសរសេរថា៖ «ដោយផ្អែកលើអង្គហេតុថា រដ្ឋាភិបាលអ៊ីរ៉ង់កំពុងមានការបែកបាក់គ្នាយ៉ាងខ្លាំង ដែលវាមិនមែនជារឿងគួរឲ្យភ្ញាក់ផ្អើលទេនោះ ហើយនិងតាមសំណើរបស់សេនាប្រមុខ Asim Munir និងនាយករដ្ឋមន្ត្រី Shehbaz Sharif នៃប្រទេសប៉ាគីស្ថាន យើងត្រូវបានគេស្នើសុំឲ្យផ្អាកការវាយប្រហារលើអ៊ីរ៉ង់ រហូតដល់ពេលដែលមេដឹកនាំ និងតំណាងរបស់ពួកគេ អាចដាក់ចេញនូវសំណើដ៏ឯកភាពមួយ»។

យ៉ាងណា មេដឹកនាំប្រទេសមហាអំណាចផុតលេខរូបនេះអះអាងថា លោកបានបញ្ជាឲ្យកងទ័ពអាមេរិក បន្តការបិទខ្ទប់ផ្លូវទឹកអ៊ីរ៉ង់ ហើយក្នុងទិដ្ឋភាពផ្សេងទៀត ត្រូវរក្សាការត្រៀមខ្លួន និងសមត្ថភាពឲ្យបានខ្ជាប់ខ្ជួន។ បទឈប់បាញ់ដែលត្រូវផុតកំណត់ក្នុងរយៈពេលប៉ុន្មានម៉ោងខាងមុខ នឹងពន្យារពេល រហូតដល់ទីក្រុងតេហេរ៉ង់ ដាក់សំណើ ហើយកិច្ចពិភាក្សាត្រូវបានបញ្ចប់ មិនថាតាមផ្លូវណាមួយនោះទេ៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម