Connect with us

ព័ត៌មានអន្ដរជាតិ

លោក Pezeshkian ចេញមុខបដិសេធ ក្រោយ​​លោកត្រាំថា អ៊ីរ៉ង់​កំពុង​បែកបាក់​ផ្ទៃក្នុងធ្ងន់ធ្ងរ

បានផុស

នៅ

រឿងរ៉ាវតានតឹងរវាងមហាអំណាចអាមេរិក និងអ៊ីរ៉ង់ កាន់តែឡើងកម្តៅខ្លាំង បន្ទាប់ពីលោកប្រធានាធិបតីអ៊ីរ៉ង់ Masoud Pezeshkian បានចេញមុខបដិសេធដាច់អហង្ការចំពោះការលើកឡើងរបស់លោក ដូណាល់ ត្រាំ ដែលថា ប្រទេសអ៊ីរ៉ង់កំពុងមានការបែកបាក់ផ្ទៃក្នុង។

លោក Pezeshkian និង​លោកត្រាំ (រូបថត៖ REUTERS)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីភ្នាក់ងារ​​ព័ត៌មាន Anadolu បាន​ចុះផ្សាយ​​នា​ថ្ងៃទី​២៤​មេសា​២០២៦នេះ​ថា លោក Pezeshkian បានបញ្ជាក់យ៉ាងច្បាស់ៗនៅលើបណ្តាញសង្គម X ថា នៅក្នុងប្រទេសអ៊ីរ៉ង់ គឺមិនមានការបែងចែកជាក្រុមអ្នកនិយមកណ្តាល ឬក្រុមអ្នកជ្រុល​និយមខ្លាំង​អ្វីនោះទេ ពោលគឺពលរដ្ឋទាំងអស់គឺជាជនជាតិអ៊ីរ៉ង់ និងជាអ្នកបដិវត្តន៍តែមួយ ដែលមានសាមគ្គីភាពរឹងមាំដូចជាដែកថែបរវាងរដ្ឋាភិបាល និងប្រជាជន។

ការចេញមុខមកបកស្រាយនេះ ធ្វើឡើងបន្ទាប់ពីប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ បានបង្ហោះសារនៅលើបណ្តាញសង្គម Truth Social ដោយអះអាងថា អ៊ីរ៉ង់កំពុងជួបវិបត្តិជម្លោះផ្ទៃក្នុងយ៉ាងធ្ងន់ធ្ងរ រវាងក្រុមអ្នកកាន់អំណាចផ្តាច់ការដែលកំពុងចាញ់ប្រៀបលើសមរភូមិ និងក្រុមអ្នកនិយមកណ្តាលដែលកំពុងទទួលបានការគាំទ្រច្រើន។ លោកត្រាំ ថែមទាំងបាននិយាយចំអកថា អ៊ីរ៉ង់កំពុងមានភាពវឹកវររហូតដល់មិនដឹងថាអ្នកណាជាមេដឹកនាំពិតប្រាកដរបស់ខ្លួនទៀតផង។ លើសពីនេះ លោកត្រាំ ក៏បានអះអាងទៀតថា សហរដ្ឋអាមេរិកកំពុងគ្រប់គ្រងច្រកសមុទ្រហ័រមូស​ទាំងស្រុង ដោយមិនអនុញ្ញាតឲ្យ​នាវាណាមួយឆ្លងកាត់បានឡើយ បើមិនមានការយល់ព្រមពីកងទ័ពជើងទឹកអាមេរិក រហូតទាល់តែអ៊ីរ៉ង់ព្រមធ្វើកិច្ចព្រមព្រៀងណាមួយ។

ជាការឆ្លើយតបទៅនឹងការគំរាមកំហែងនេះ មេដឹកនាំអ៊ីរ៉ង់បានប្តេជ្ញាថា ទីក្រុងតេហេរ៉ង់នឹងធ្វើឲ្យ​ «អ្នកឈ្លានពាន» ស្តាយក្រោយចំពោះទង្វើរបស់ខ្លួន។ លោកបានសង្កត់ធ្ងន់លើពាក្យស្លោកដ៏មានឥទ្ធិពលមួយថា អ៊ីរ៉ង់មានព្រះតែមួយ ប្រជាជាតិតែមួយ មេដឹកនាំតែមួយ និងដើរលើវិថីតែមួយ គឺវិថីឆ្ពោះទៅរកជ័យជម្នះសម្រាប់មាតុភូមិជាទីស្រឡាញ់។ លោកចង់បង្ហាញឲ្យ​ពិភពលោកឃើញថា ទោះបីជាមានសម្ពាធពីខាងក្រៅយ៉ាងណាក៏ដោយ ក៏អ៊ីរ៉ង់នៅតែឈរជើងយ៉ាងរឹងមាំ។

គួររំលឹកផងដែរថា ស្ថានភាពនៅតំបន់មជ្ឈិមបូព៌ាបានប្រែជាអាក្រក់ខ្លាំង ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានបើកការវាយប្រហាររួមគ្នាលើអ៊ីរ៉ង់កាលពីចុងខែកុម្ភៈ ដែលបណ្តាល​ឲ្យ​មនុស្សរាប់ពាន់នាក់ស្លាប់ និងរបួស។ ជាការសងសឹក អ៊ីរ៉ង់ក៏បានវាយបកទៅលើអ៊ីស្រាអែល និងប្រទេសមួយចំនួនដែលផ្តល់ទីតាំងឲ្យ​កងទ័ពអាមេរិក ព្រមទាំងបានរឹតបន្តឹងការធ្វើដំណើរតាមច្រកសមុទ្រ​ហ័រមូសផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ កាលពីថ្ងៃអង្គារកន្លងទៅ លោកប្រធានាធិបតីត្រាំ បានសម្រេចពន្យារពេលបទឈប់បាញ់ជាមួយអ៊ីរ៉ង់​បន្ថែមទៀត ចំពេលដែលកិច្ចព្រមព្រៀងចាស់ជិតផុតកំណត់ ដែលនេះហាក់ដូចជាការផ្តល់ឱកាសចុងក្រោយសម្រាប់ការចរចាដោះស្រាយវិបត្តិដ៏តានតឹងនេះ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម