ព័ត៌មានអន្ដរជាតិ
ទាហានអាមេរិកម្នាក់លួចប្រើព័ត៌មានចាប់ខ្លួនលោកម៉ាឌូរ៉ូ ភ្នាល់ល្បែងឈ្នះជាង៤០ម៉ឺនដុល្លារ
រឿងរ៉ាវដ៏មិនគួរឲ្យជឿមួយបានកើតឡើងនៅក្នុងជួរកងទ័ពអាមេរិក នៅពេលដែលទាហានពិសេសម្នាក់ត្រូវគេរកឃើញថា បានប្រើប្រាស់ព័ត៌មានសម្ងាត់របស់រដ្ឋាភិបាលទៅធ្វើការភ្នាល់ ដើម្បីរកប្រាក់ចំណេញផ្ទាល់ខ្លួន។

លោក Gannon Ken Van Dyke ដែលជាទាហានពិសេសក្នុងជួរកងទ័ពជើងគោកអាមេរិក កំពុងប្រឈមមុខនឹងការកាត់ទោសពីបទប្រើប្រាស់ព័ត៌មានផ្ទៃក្នុងក្នុងប្រតិបត្តិការយោធាដ៏រស៊ើបបំផុតមួយ។
យោងតាមពាក្យបណ្តឹងដែលប្រកាសកាលពីថ្ងៃទី២៣ខែមេសាឆ្នាំ២០២៦ ដែលត្រូវបានចុះផ្សាយដោយ AFP លោក Van Dyke បានបើកគណនីនៅលើគេហទំព័រភ្នាល់អន្តរជាតិមួយកាលពីចុងឆ្នាំ២០២៥។ លោកបានដាក់ប្រាក់ភ្នាល់ជាង ៣៣ ០០០ ដុល្លារ ដោយចាក់ថា លោកប្រធានាធិបតីវ៉េណេស៊ុយអេឡា នីកូឡាស ម៉ាឌូរ៉ូ នឹងត្រូវគេទម្លាក់ពីអំណាចមុនដាច់ខែមករាឆ្នាំ២០២៦។ អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ លោក Van Dyke ខ្លួនឯងគឺជាអ្នកដែលចូលរួមដោយផ្ទាល់ក្នុងរៀបចំផែនការ និងអនុវត្តយុទ្ធនាការយោធាដើម្បីចាប់ខ្លួនលោកម៉ាឌូរ៉ូនេះតែម្តង។ លោកបានភ្នាល់ដល់ទៅ ១៣ដង ហើយទទួលបានប្រាក់ចំណេញត្រឡប់មកវិញរហូតដល់ជាង ៤០៩ ០០០ដុល្លារ។
អាជ្ញាធរអាមេរិកបានរកឃើញថា បន្ទាប់ពីយុទ្ធនាការបានបញ្ចប់ជោគជ័យ លោក Van Dyke បានដកប្រាក់ចំណេញទាំងនោះទៅដាក់ក្នុងកាបូបលុយអេឡិចត្រូនិក (Crypto wallet) នៅក្រៅប្រទេស ដើម្បីបិទបាំងដាន។ សូម្បីតែគណនីភ្នាល់ ក៏លោកបានស្នើសុំឲ្យគេលុបចោលដែរ ដោយយកលេសថាបាត់បង់ការគ្រប់គ្រងអ៊ីមែល។ ទោះជាយ៉ាងណា ខាងក្រុមហ៊ុនភ្នាល់បានសហការជាមួយក្រសួងយុត្តិធម៌អាមេរិក បន្ទាប់ពីសង្ស័យថាមានអ្នកប្រើប្រាស់ព័ត៌មានសម្ងាត់មកលេងបែបនេះ។
នៅពេលដឹងរឿងនេះ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានសម្តែងការមិនពេញចិត្តយ៉ាងខ្លាំង។ លោកបានមានប្រសាសន៍ថា លោកមិនចូលចិត្តអ្វីដែលពាក់ព័ន្ធនឹងការភ្នាល់ឡើយ ហើយវាជារឿងគួរឲ្យសោកស្តាយដែលពិភពលោកបច្ចុប្បន្នបានប្រែខ្លួនទៅជាកាស៊ីណូ ស្ទើរតែទាំងអស់ទៅហើយ។ ចំណែកឯនាយក FBI លោក Kash Patel បានសង្កត់ធ្ងន់ថា ករណីនេះគឺជាភស្តុតាងដែលបង្ហាញថា គ្មាននរណាម្នាក់ស្ថិតនៅពីលើច្បាប់នោះទេ ហើយ FBI នឹងធ្វើគ្រប់យ៉ាងដើម្បីការពារអាថ៌កំបាំងជាតិ។
សូមរំលឹកផងដែរថា កាលពីថ្ងៃទី៣មករា អាមេរិកបានបើកប្រតិបត្តិការ «Operation Absolute Resolve» ដោយប្រើប្រាស់យន្តហោះប្រមាណ ១៥០គ្រឿង បើកការវាយប្រហារតាមអាកាសក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីបើកផ្លូវឲ្យកងទ័ពពិសេសចូលទៅចាប់ខ្លួនលោកម៉ាឌូរ៉ូ និងភរិយាដល់ក្នុងរដ្ឋធានីការ៉ាកាស។ បច្ចុប្បន្ន លោកម៉ាឌូរ៉ូ ត្រូវបានឃុំខ្លួននៅក្នុងមន្ទីរឃុំឃាំងមួយនៅទីក្រុងញូវយ៉ក ដោយត្រូវបានអនុញ្ញាតឲ្យទាក់ទងតែជាមួយគ្រួសារ និងមេធាវីក្នុងរយៈពេលខ្លីប៉ុណ្ណោះ។ ចំណែកឯអំណាចដឹកនាំនៅវ៉េណេស៊ុយអេឡា បច្ចុប្បន្នបានធ្លាក់ទៅលើដៃលោកស្រី Delcy Rodriguez ដែលជាប្រធានាធិបតីបណ្តោះអាសន្ន៕
ប្រែសម្រួល៖ ឈាង
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


