Connect with us

ព័ត៌មានអន្ដរជាតិ

លោកត្រាំ៖ អ៊ីរ៉ង់ ជូនដំណឹងមកថា ពួកគេជិតដួលរលំហើយ, សុំបើកច្រក Hormuz ឲ្យបានឆាប់បំផុត

បានផុស

នៅ

ជាថ្មីម្តងទៀត ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានចេញសារលើបណ្តាញសង្គម Truth Social ​ដើម្បីវាយប្រហារអ៊ីរ៉ង់ ដោយលើកនេះ ប្រមុខសេតវិមាន អះអាងថា ទីក្រុងតេហេរ៉ង់​ បានជូនដំណឹងមកលោកថា ពួកគេជិតដួលរលំហើយ និងសុំបើកច្រកសមុទ្រ Hormuz ឲ្យបានឆាប់ តាមដែលអាចធ្វើទៅបាន។

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (រូប៖ Reuters)

ក្នុងសារបង្ហោះកាលពីថ្ងៃអង្គារ ទី២៨ ខែមេសា ឆ្នាំ២០២៦ ដែលផ្សាយបន្តដោយ New York Post, លោកត្រាំ សរសេរថា៖ «អ៊ីរ៉ង់ ទើបតែជូនដំណឹងមកយើងថា ពួកគេស្ថិតក្នុង ស្ថានភាពដួលរលំ ហើយ។ ពួកគេចង់ឲ្យយើង បើកច្រកសមុទ្រ Hormuz ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ខណៈពួកគេកំពុងព្យាយាមដោះស្រាយបញ្ហា អ្នកដឹកនាំរបស់ពួកគេ ដែលខ្ញុំជឿថា ពួកគេនឹងអាចធ្វើទៅបាន!»។

ទោះបីជាយ៉ាងណាក៏ដោយ ភាគីអ៊ីរ៉ង់ មិនទាន់ចេញមុខនិយាយ ឬប្រតិកម្មអ្វីទេ ចំពោះការបង្ហោះសាររបស់លោកត្រាំ។

ការអះអាងនេះ កើតឡើងបន្ទាប់ពី ប្រមុខដឹកនាំរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ចេញមុខបដិសេធ​សំណើ​អ៊ីរ៉់ង់ ដើម្បីពន្លត់ភ្លើងសង្គ្រាម ហើយប្រកាស​ថា ទាល់ដោះស្រាយ​បញ្ហា​នុយក្លេអ៊ែរ​សិន ទើប​​បញ្ចប់​សង្គ្រាមបាន។

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (រូប៖ Reuters)

មូលហេតុចម្បងដែលធ្វើ​ឲ្យ​លោក ត្រាំ មិនសូវពេញចិត្ត​នឹងសំណើចុងក្រោយនេះ គឺដោយសារតែក្នុងនោះ មិនបានលើកយកបញ្ហាកម្មវិធី​នុយក្លេអ៊ែររបស់អ៊ីរ៉ង់ មកជជែកវែកញែកឲ្យ​បានច្បាស់លាស់ទេ ដែលនេះគឺជាចំណុចក្ដៅបំផុតសម្រាប់ទីក្រុងវ៉ាស៊ីនតោន។

ថ្មីៗ​ ទីក្រុងតេហេរ៉ង់បានបញ្ជាក់ថា ពួកគេចង់ទុកបញ្ហានុយក្លេអ៊ែរមួយឡែកសិន រង់ចាំរហូតដល់សង្គ្រាមបញ្ចប់ និងបញ្ហាដឹកជញ្ជូនតាមផ្លូវទឹកក្នុងតំបន់ឈូងសមុទ្រ ត្រូវបានដោះស្រាយរួចរាល់ ទើបព្រមជជែក។ យ៉ាងណា ខាងអាមេរិកវិញ បានប្រកាន់ជំហរដាច់ខាតថា បញ្ហានុយក្លេអ៊ែរត្រូវតែដោះស្រាយតាំងពីដំបូងទីតែម្ដង៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម