Connect with us

ព័ត៌មានអន្ដរជាតិ

Hegseth ច្រានចោលការអះអាង ថា អ៊ីរ៉ង់ មាន «សត្វផ្សោតអត្តឃាត» ដើម្បី​បំភ័យ​នៅច្រក​Hormuz​

បានផុស

នៅ

​រដ្ឋមន្ត្រីការពារជាតិសហរដ្ឋ​​អាមេរិក លោក Pete Hegseth បាន​​ច្រានចោល​នូវ​ការ​អះអាង​ដែលថា ប្រទេសអ៊ីរ៉ង់​មាន​«សត្វផ្សោត​អត្តឃាត (kamikaze dolphins)» ​ដែល​ជា​ការរំ​​លេចឡើង​ដ៏ភ្នាក់ផ្អើល​ក្នុងសេចក្តីរាយការណ៍នាពេលថ្មីៗនេះ អំពីយុទ្ធសាស្ត្រ​ដ៏​មាន​សក្ដានុពលរបស់អ៊ីរ៉ង់ នៅក្នុង​ភាព​តានតឹង​​នៅ​​ច្រកសមុទ្រ​នាំចេញ​ប្រេង​ Hormuz។

រដ្ឋលេខាធិការក្រសួងការពារជាតិលោក Pete Hegseth (រូបភាពReuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ រដ្ឋមន្ត្រី​ Hegseth បាននិយាយក្នុងអំឡុងសន្និសីទសារព័ត៌មាននៅ​ទីស្តីការ​ក្រសួង​​​ការ​ពារជាតិ​ដែល​គេ​ស្គាល់ថា «មន្ទីរបញ្ចកោណ»​ កាលពីថ្ងៃអង្គារ ទី៥ ខែឧសភា ថា «ខ្ញុំមិនអាចបញ្ជាក់ ឬបដិសេធថា តើសហរដ្ឋអាមេរិក មានផ្សោតធ្វើអត្តឃាត ឬយ៉ាងណានោះទេ ប៉ុន្តែខ្ញុំអាចបញ្ជាក់បានថា អ៊ីរ៉ង់គឺមិនមានឡើយ»។

ដោយឡែក ប្រធាន​សេនាធិការចម្រុះ លោក Dan Caine ត្រូវបានគេចោទសួរឲ្យធ្វើអត្ថាធិប្បាយ ជុំវិញរបាយការណ៍ដែលថា កងកម្លាំងអ៊ីរ៉ង់មាន​ប្រភេទ​​សត្វផ្សោតអត្តឃាតពិតមែន ឬយ៉ាងណា។ លោក ឧត្តមសេនីយ៍ Caine បានអះអាងថា «ខ្ញុំមិនដែលបានឮអំពីរឿងសត្វផ្សោតអត្តឃាត នោះទេ។ វាហាក់ដូចជាសត្វឆ្លាមដែលមានបំពាក់កាំរស្មីឡាស៊ែរអញ្ចឹងមែនទេ?» ដែលនេះ គឺជាការរំលឹកទៅដល់អាវុធក្នុងរឿងនិទានប្រឌិតពីខ្សែភាពយន្ត «Austin Powers»។

កាលពីថ្ងៃទី ៣០ ខែមេសា កាសែត The Wall Street Journal បានស្រង់សម្តីមន្ត្រីអ៊ីរ៉ង់មិនបញ្ចេញឈ្មោះដែលបានលើកឡើងថា ប្រទេសនេះអាចនឹងដាក់ពង្រាយអាវុធដែលមិនធ្លាប់ប្រើក្នុងសមរភូមិពីមុនមក ដើម្បីវាយប្រហារលើនាវាចម្បាំងអាមេរិក ចាប់តាំងពីនាវាមុជទឹក រហូតដល់សត្វផ្សោតផ្ទុកគ្រាប់មីន។ រឿងនេះបានបង្កឲ្យមានការជជែក​ដេញ​ដោល​អំពីលទ្ធភាពនៃការប្រើប្រាស់ដ្រូនផ្សោត ជាអាវុធអត្តឃាត។

ពាក្យចចាមអារ៉ាមដែលថា ទីក្រុងតេហេរ៉ង់មានសមត្ថភាព​​បង្វឹក​​សត្វ​​ផ្សោតអត្តឃាត ត្រូវបានគេលើកយកមកនិយាយអស់រយៈពេលជាងមួយទសវត្សរ៍មកហើយ ដោយវាមានប្រភពចេញពីរបាយការណ៍ដែលថា អ៊ីរ៉ង់បានទិញសត្វផ្សោតដែលត្រូវបានបង្វឹកដោយកងទ័ពជើងទឹកសូវៀត ដើម្បីវាយប្រហារលើនាវា និងនាវាមុជទឹក។

ជាក់ស្ដែង សូម្បីតែកងទ័ពជើងទឹកអាមេរិកបានបង្វឹកសត្វថនិកសត្វសមុទ្រជាយូរមកហើយ សម្រាប់បេសកកម្មនានា ដូចជាការស្វែងរកគ្រាប់មីនក្រោមទឹក និងការតាមដានអ្នកហែលទឹកលបចូល (អ្នកមុជទឹក) ហើយកម្មវិធីរបស់សូវៀតក្នុងអំឡុងសម័យសង្រ្គាមត្រជាក់ ក៏បានធ្វើការពិសោធន៍លើការប្រើប្រាស់ក្នុងគោលដៅវាយប្រហារខ្លាំងក្លាជាងនេះផងដែរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម