Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក វាយប្រហារថ្មី លើទីក្រុងជាច្រើនរបស់អ៊ីរ៉ង់ ធ្វើឲ្យក្តីសង្ឃឹមបញ្ចប់សង្គ្រាម ត្រូវរលាយបាត់​

បានផុស

នៅ

ក្តីសង្ឃឹមបញ្ចប់សង្គ្រាមមជ្ឈិមបូព៌ា ត្រូវរលាយបាត់​ ខណៈសហរដ្ឋអាមេរិក បានបើកការវាយលើទីតាំងជាច្រើន ទូទាំងប្រទេសអ៊ីរ៉ង់ រួមទាំងនៅច្រកសមុទ្រ Hormuz ផងដែរ ក្នុងអ្វីដែលទីក្រុងវ៉ាស៊ីនតោន អះអាងថាជាការវាយបកចំពោះទីក្រុងតេហេរ៉ង់ ដែលកំណត់គោលដៅ លើនាវាចម្បាំងរបស់ខ្លួន។

(រូប៖ Reuters)

សារព័ត៌មានរដ្ឋអ៊ីរ៉ង់ ក៏អះអាងដែរថា ពិតជាមានការផ្ទុះនៅទីក្រុងមួយចំនួនមែន ដូចជា តេហេរ៉ង់, Qeshm និង Bandar Abbas ហើយចោទប្រកាន់សហរដ្ឋអាមេរិក ថា រំលោភបទឈប់បាញ់។

តាមការផ្សាយរបស់ BBC នៅថ្ងៃសុក្រ ទី៨​ ខែឧសភា ឆ្នាំ២០២៦, ទីបញ្ជាការកណ្តាលអាមេរិក (CENTCOM) បានបញ្ជាក់ពីការវាយប្រហារនេះ ដោយចេញសេចក្តីថ្លែងការណ៍ថា៖ កងកម្លាំងអាមេរិកបានស្ទាក់ចាប់ ការវាយប្រហារបង្កហេតុពីសំណាក់អ៊ីរ៉ង់ និងបានវាយបកវិញជាការការពារខ្លួន។ កងកម្លាំងអ៊ីរ៉ង់បានបាញ់មីស៊ីល បង្ហោះដ្រូន និងបញ្ជូនទូកតូចៗជាច្រើន ក្នុងពេលដែលនាវា USS Truxtun (DDG 103), USS Rafael Peralta (DDG 115) និង USS Mason (DDG 87) កំពុងធ្វើដំណើរឆ្លងកាត់ផ្លូវទឹកអន្តរជាតិ។

(រូប៖ Reuters)

សេចក្តីថ្លែងការណ៍ដដែលនោះ បន្តថា៖ ជាលទ្ធផល CENTCOM បានវាយប្រហារចំគោលដៅ លើទីតាំងយោធាអ៊ីរ៉ង់ ដែលទទួលខុសត្រូវលើការវាយប្រហារកងកម្លាំងសហរដ្ឋអាមេរិក រួមមាន៖ ទីតាំងបាញ់បង្ហោះមីស៊ីល និងដ្រូន, មជ្ឈមណ្ឌលបញ្ជាការ និងគ្រប់គ្រង និងបណ្តាញសម្ងាត់ ការឃ្លាំមើល និងការស៊ើបការណ៍។

ការវាយប្រហារថ្មីនេះ កើតឡើង ស្របពេលពិភពលោក កំពុងតែមានក្តីសង្ឃឹមខ្ពស់ចំពោះការបញ្ចប់សង្គ្រាមមជ្ឈិមបូព៌ា ខណៈអ៊ីរ៉ង់ បញ្ជាក់ថា ខ្លួននឹងឆ្លើយតប សំណើសន្តិភាព ១៤ចំណុចរបស់អាមេរិក នៅថ្ងៃសុក្រនេះ។ 

តាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសអ៊ីរ៉ង់, ខ្លួននៅតែកំពុងពិនិត្យ លើអនុស្សរណៈនៃការយោគយល់ (MOU) ជាមួយអាមេរិក ហើយពេលដែលសម្រេចចិត្តបែបណា ខ្លូននឹងប្រាប់ទៅប្រទេសប៉ាគីស្ថាន។

១៤ចំណុច ក្នុង MOU នោះ ត្រូវគេមើលឃើញថា មាន៣ចំណុចដែលសំខាន់ជាងគេ និងជាឧបសគ្គធំ អាចរាំងស្ទះដល់ដំណើរការសន្តិភាព រវាងភាគីទាំងពីរ។

៣ចំណុចនោះ រួមមាន៖

🚨បើកច្រកសមុទ្រ Hormuz ឡើងវិញ សម្រាប់ចរាចរណ៍កប៉ាល់ដឹកជញ្ជូន ព្រមជាមួយការដកចេញនូវការបិទខ្ទប់ផ្លូវទឹក ដោយសហរដ្ឋអាមេរិក។

🚨អ៊ីរ៉ង់ នឹងយល់ព្រមលើការផ្អាកចម្រាញ់អ៊ុយរ៉ាញ៉ូម ជាបណ្ដោះអាសន្ន (ទំនងជាក្នុងរយៈពេលពី ១២ ដល់ ១៥ ឆ្នាំ) និងពង្រឹងការត្រួតពិនិត្យ ពីសំណាក់ អង្គការសហប្រជាជាតិ។

🚨ការដកទណ្ឌកម្មចេញជាដំណាក់កាល និងបញ្ចេញថវិការាប់ពាន់លានដុល្លាររបស់អ៊ីរ៉ង់ ដែលត្រូវបានបង្កកទុក៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម