Connect with us

ព័ត៌មានអន្ដរជាតិ

អារ៉ាប់រួម ប្រកែកថា មិនមាន «ទស្សនកិច្ច​សម្ងាត់» របស់ ណេតាន់យ៉ាហ៊ូ អំឡុង​សង្គ្រាម​អ៊ីរ៉ង់ទេ

បានផុស

នៅ

រដ្ឋាភិបាលនៃប្រទេសអេមីរ៉ាតអារ៉ាប់រួម (UAE) បានចេញមុខបដិសេធយ៉ាងដាច់អហង្ការ ចំពោះការអះអាងរបស់ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ដែលបានលើកឡើងថា លោកបានធ្វើ «ដំណើរទស្សនកិច្ចសម្ងាត់» ទៅកាន់ប្រទេសក្នុងតំបន់ឈូងសមុទ្រមួយនេះ ក្នុងអំឡុងពេល​ដែលសហរដ្ឋអាមេរិក និងអ៊ីស្រាអែល កំពុងធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់។

លោក Sheikh Mohamed bin Zayed Al Nahyan (រូបថត៖ REUTERS)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ការ​ផ្សាយ​របស់ Al Jazeera ដោយ​យោង​​តាម​សេចក្តីថ្លែងការណ៍​របស់​ទីភ្នាក់ងារព័ត៌មានរដ្ឋ WAM កាលពីយប់ថ្ងៃពុធ ទី​១៣ ខែ​ឧសភា អេមីរ៉ាតអារ៉ាប់រួម បានបញ្ជាក់យ៉ាងច្បាស់ថា ទំនាក់ទំនងរបស់ខ្លួនជាមួយអ៊ីស្រាអែល គឺធ្វើឡើងដោយបើកចំហ ក្រោមក្របខ័ណ្ឌនៃ «កិច្ចព្រមព្រៀង Abraham» ដែលមានការទទួលស្គាល់ជាសាធារណៈ។ សេចក្តីថ្លែងការណ៍នោះ បានសង្កត់ធ្ងន់ថា ទំនាក់ទំនងទាំងនេះ មិនមែនផ្អែកលើការលាក់បាំង ឬការរៀបចំអ្វីដែលជាសម្ងាត់នោះឡើយ។ ហេតុដូច្នេះហើយ រាល់ការអះអាងពាក់ព័ន្ធនឹងដំណើរទស្សនកិច្ច ឬកិច្ចព្រមព្រៀងដែលមិនបានបង្ហាញជាសាធារណៈ គឺសុទ្ធតែជាការមិនពិត ប្រសិនបើមិនមែនជាព័ត៌មានដែលចេញពីអាជ្ញាធរមានសមត្ថកិច្ចរបស់អេមីរ៉ាតអារ៉ាប់រួមផ្ទាល់នោះទេ។

ប្រតិកម្មនេះ បានកើតឡើងប៉ុន្មានម៉ោង បន្ទាប់ពីការិយាល័យរបស់លោក ណេតាន់យ៉ាហ៊ូ បានបង្ហោះនៅលើបណ្តាញសង្គម ដោយអះអាងថា លោក ណេតាន់យ៉ាហ៊ូ បានជួបពិភាក្សាការងារជាមួយប្រធានាធិបតីអារ៉ាប់រួម លោក Sheikh Mohamed bin Zayed Al Nahyan ក្នុងអំឡុងពេលទស្សនកិច្ចសម្ងាត់មួយ ដែលការិយាល័យលោកបានចាត់ទុកថាជា «របត់ប្រវត្តិសាស្ត្រ» នៅក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ ទោះបីជាមិនបានបញ្ជាក់ពីកាលបរិច្ឆេទច្បាស់លាស់ក៏ដោយ។

ថ្វីដ្បិត​មានការបដិសេធនេះ ក៏កិច្ចសហប្រតិបត្តិការរវាងអ៊ីស្រាអែល និងអេមីរ៉ាតអារ៉ាប់រួម ហាក់ដូចជាកំពុងពង្រីកកាន់តែខ្លាំងឡើង ជាពិសេសលើវិស័យសន្តិសុខ ដែលពាក់ព័ន្ធនឹងប្រទេសអ៊ីរ៉ង់។ លោក Mike Huckabee ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអ៊ីស្រាអែល បានថ្លែងក្នុង​សប្តាហ៍នេះថា អ៊ីស្រាអែលបានដាក់ពង្រាយប្រព័ន្ធការពារដែនអាកាស Iron Dome និងបុគ្គលិករបស់ខ្លួនទៅកាន់ប្រទេសអារ៉ាប់រួម ដើម្បីជួយទប់ទល់នឹងការវាយប្រហារ ដែលអាចកើតមានពីសំណាក់អ៊ីរ៉ង់។

គួររំលឹកថា ទំនាក់ទំនងរវាងអ៊ីស្រាអែល និងអេមីរ៉ាតអារ៉ាប់រួម បានចាប់ផ្តើមឡើងជាផ្លូវការ បន្ទាប់ពីការចុះហត្ថលេខាលើ «កិច្ចព្រមព្រៀង Abraham» កាលពីឆ្នាំ ២០២០ ដែលមានអាមេរិកជាអ្នកសម្របសម្រួល។ កិច្ចព្រមព្រៀងនេះ កាលនោះត្រូវបានមេដឹកនាំប៉ាឡេស្ទីនថ្កោលទោសថាជា «ការចាក់កាំបិតពីក្រោយខ្នង» ខណៈដែលស្ថានភាពក្នុងតំបន់បច្ចុប្បន្ន កំពុងមានភាពតានតឹងកាន់តែខ្លាំងឡើង ពិសេសក្រោយការផ្ទុះឡើងនៃសង្គ្រាមនៅតំបន់ហ្កាហ្សា និងបញ្ហានយោបាយផ្ទាល់ខ្លួនរបស់លោក ណេតាន់យ៉ាហ៊ូ ដែលកំពុងប្រឈមនឹងដីកាចាប់ខ្លួនពីតុលាការព្រហ្មទណ្ឌអន្តរជាតិ ជុំវិញបទចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្គ្រាម៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម