Connect with us

ព័ត៌មានអន្ដរជាតិ

មន្រ្តី​អាមេរិក៖ អ៊ីរ៉ង់​អាច​ដៅ​ទីតាំង​វាយ​​អាមេរិក​តាម​​​ដែន​អាកាស​រួចហើយ បើ លោក ​ត្រាំ ហ៊ាន​​ផ្តើម​​សង្រ្គាម​​ជា​ថ្មី​

បានផុស

នៅ

មេ​បញ្ជា​ការ​យោធាអ៊ីរ៉ង់​​​​​ប្រហែល​ជា​បាន​​គូសវាស​​​ផែន​ទី​គំរូ​ហោះ​ហើរ​​របស់​យន្ត​ហោះ​ចម្បាំង និងយន្តហោះទម្លាក់​គ្រាប់​បែក​​របស់​សហ​រដ្ឋ​អាមេរិក​​លើ​ដែន​អាកាស​​រួច​​អស់​ទៅ​ហើយ​ ប្រសិនបើ​ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ សម្រេចចិត្ត​ចាប់ផ្តើមសង្គ្រាមសារ​ជា​ថ្មី​ឡើងវិញ​លើអ៊ីរ៉ង់។ នេះបើយោង​តាមមន្ត្រីអាមេរិក​ម្នាក់ប្រាប់កាសែត The New York Times នៅ​ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០២៦ ។

ស្ថានភាពដែនអាកាស​របស់អ៊ីរ៉ង់ទំនង​ជា​សមាស​ធាតុ​សំខាន់មួយ ខណៈ លោក ត្រាំ កំពុង​ថ្លឹងថ្លែង​ថាតើត្រូវ​បន្ត​ការ​វាយ​ប្រហារលើអ៊ីរ៉ង់​ឬអត់​។

លោក ត្រាំ និយាយកាល​ពី​ថ្ងៃចន្ទថា សហរដ្ឋអាមេរិក​​នឹងកំណត់​​ឱ្យបន្តវាយប្រហារអ៊ីរ៉ង់​នៅថ្ងៃអង្គារ​ ប៉ុន្តែការ​សម្រេចចិត្ត​មួយ​នេះ​ផ្អាក​​ទៅ​វិញ​​សិន​ ដោយសារ​តែ​មាន​ការ​អំពាវ​នាវពី​ប្រទេស​ក្នុង​តំបន់ ដូចជា អារ៉ាប៊ីសាអូឌីត កាតា និង​អារ៉ាប់​រួម​។

យន្តហោះ​ចម្បាំង​អាមេរិក​។ រូបភាព៖ The Independent
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ត្រាំ និយាយ​ថា​៖ « យើងកំពុងត្រៀមខ្លួន​​វាយប្រហារ​ដ៏ធំ​មួយនៅ​ថ្ងៃស្អែក [​កាល​ពី​ថ្ងៃ​អង្គារ​] ហើយ​ខ្ញុំ​​ពន្យារពេលមួយរយៈ​សិន​ សង្ឃឹម​ថា​ប្រហែលជារៀង​រហូត ប៉ុន្តែប្រហែលជារយៈខ្លីប៉ុណ្ណោះ ​​ពីព្រោះ​យើងបាន​ពិ​ភាក្សាគ្នាជា​មួយ​អ៊ីរ៉ង់ យើង​នឹងរង់ចាំមើល​ថា​តើនឹង​បាន​លទ្ធផល​អ្វី​ខ្លះ​ »។

មិន​តែ​ប៉ុណ្ណោះ លោក ត្រាំ​ និង​រដ្ឋមន្ត្រីក្រសួងការពារ​ជាតិ​ លោក Pete Hegseth អះ​អាង​ម្តង​ហើយម្តងទៀត​ថា យោធាអ៊ីរ៉ង់​កំពុងចុះខ្សោយ និងគ្មានការ​ការពារ​ផ្លូវអាកាស​ទេ​ ខណៈសហរដ្ឋអាមេរិកអាច​ធ្វើ​ការ​ហោះ​ហើរ​ក្នុង​ដែន​អាកាសអ៊ីរ៉ង់ ព្រោះ​ប្រទេស​នេះ​មិនមានឥទ្ធិពល​ខ្លាំង​ទេ​។

ប៉ុន្មានថ្ងៃមុន​ពេលសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ឈាន​ដល់បទឈប់បាញ់​ដ៏ផុយស្រួយមួយ អ៊ីរ៉ង់បាន​បាញ់ទម្លាក់យន្តហោះ​ចម្បាំង F-១៥E Strike Eagle បង្កឱ្យមានប្រតិបត្តិការសង្គ្រោះ​ដ៏ធំរបស់​សហរដ្ឋអាមេរិក​សម្រាប់អ្នកបើកយន្តហោះ។ ប្រសិនបើអ៊ីរ៉ង់អាច​ចាប់អ្នកបើកយន្តហោះអាមេរិកដែល​នៅរស់បាន អ៊ីរ៉ង់​នឹងដាក់សម្ពាធ​ខ្លាំង​បំផុត​លើ​ទីក្រុងវ៉ាស៊ីនតោន នេះបើយោងតាមអ្នកជំនាញ។

មន្ត្រីអាមេរិកប្រាប់កាសែត The New York Times ថា ការបាញ់​ទម្លាក់យន្តហោះ F-១៥E គឺជាសញ្ញាមួយបង្ហាញថា គំរូហោះហើរ​របស់សហរដ្ឋអាមេរិកកាន់​តែអាចទស្សន៍ទាយ​​លើ​សមត្ថ​ភាព​អ៊ីរ៉ង់។

កាលពីខែមីនា យន្តហោះចម្បាំង F-៣៥ របស់​អាមេរិក​មួយគ្រឿង​ ត្រូវបានខូចខាតដោយការបាញ់ប្រហារ និង​បាត់បង់ដ្រូន​ម៉ាក​ MQ-៩ Reaper យ៉ាងហោច​ណាស់ ១៦គ្រឿង​ នៅ​​លើ​ទឹក​ដី​អ៊ីរ៉ង់​ផងដែរ៕

សម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម