Connect with us

ព័ត៌មានអន្ដរជាតិ

ចិន ថា សង្គ្រាមអ៊ីរ៉ង់ មិនគួរកើតឡើងសោះ

បានផុស

នៅ

ជាប្រតិកម្មថ្មីទៀត ចំពោះបញ្ហានៅអ៊ីរ៉ង់ ប្រទេសចិន បានចេញមុខប្រកាសថា សង្គ្រាមនេះ មិនគួរកើតឡើងបានសោះ។ នេះបើតាមការផ្សាយរបស់គេហទំព័រ Breaking the news.net

បុរសម្នាក់កាន់ទង់ជាតិអ៊ីរ៉ង់ និងរូបថតមេដឹកនាំកំពូលថ្មី Mojtaba Khamenei លើដងផ្លូវ ក្នុងទីក្រុង តេហេរ៉ង់ (រូប៖ Reuters)

អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃចន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២៦ ថា អាមេរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់ សុទ្ធតែនៅម្ខាងម្នាក់។ ការផ្ទុះឡើងនូវសង្គ្រាមនេះ ពិតជាទង្វើមិនសមហេតុផល ទាល់តែសោះ។

ទោះបីជាយ៉ាងណាក៏ដោយ លោកស្រី បានបញ្ជាក់ពីជំហររបស់ទីក្រុងប៉េកាំង ក្នុងការដើរតួនាទីស្ថាបនា ដើម្បីឈានទៅសម្រេចបាន នូវសន្តិភាពយូរអង្វែង តាមរយៈមធ្យោបាយការទូត។

ទន្ទឹមនោះ ក្រសួងសង្កត់ធ្ងន់ថា សហគមន៍អន្តរជាតិ ត្រូវតែចាត់វិធានការឲ្យបានឆាប់រហ័ស ដើម្បីស្តារ ការធ្វើនាវាចរណ៍តាមផ្លូវសមុទ្រប្រកបដោយសុវត្ថិភាពឡើងវិញ និងធ្វើឲ្យខ្សែសង្វាក់ផ្គត់ផ្គង់ពាណិជ្ជកម្មសកល មានស្ថិរភាព ឲ្យបានឆាប់បំផុត តាមដែលអាចធ្វើទៅបាន។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning (រូប​៖ Reuters)

កាលពីសប្តាហ៍មុន ក្រសួងការបរទេសចិន ក៏ជំរុញឲ្យ​មាន​ការបើកច្រកសមុទ្រ Hormuz ដែលជា​ផ្លូវដឹកជញ្ជូនប្រេង និងឧស្ម័នដ៏សំខាន់ឡើងវិញ ផងដែរ។

ដោយ​មិន​និយាយចំឈ្មោះ Hormuz, ក្រសួងចេញសេចក្ដីថ្លែងការណ៍ថា៖ «ផ្លូវដឹកជញ្ជូន គួរតែ​បើកឡើងវិញឲ្យបានឆាប់បំផុត ​ដើម្បី​ឆ្លើយតប ទៅនឹងការអំពាវនាវរបស់សហគមន៍អន្តរជាតិ និងរួមគ្នារក្សាស្ថិរភាព ​ក៏ដូចជា​លំហូរដ៏រលូន នៃខ្សែសង្វាក់ផ្គត់ផ្គង់សកល»។

កប៉ាល់ដឹកទំនិញ ក្នុងច្រកសមុទ្រ Hormuz (រូប៖ Reuters)

សូមជម្រាបជាថ្មី សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចាប់ដៃគ្នា ធ្វើសង្គ្រាមទ្រង់ទ្រាយធំលើអ៊ីរ៉ង់ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ ២០២៦។ ពេលនោះ កងទ័ពអាកាសអាមេរិក និងអ៊ីស្រាអែល បានបើកការវាយប្រហារយ៉ាងគំហុក ទៅលើទីតាំងយោធា និងអគាររដ្ឋាភិបាលសំខាន់ៗជាច្រើន នៅក្នុងប្រទេសអ៊ីរ៉ង់។

អាមេរិក អះអាងថា ការទប់ស្កាត់អាវុធនុយក្លេអ៊ែររបស់អ៊ីរ៉ង់ គឺជាគោលដៅធំបំផុត ដែលនាំឲ្យខ្លួនសម្រេច បើកប្រតិបត្តិការយោធានេះ។ អាមេរិក និងអ៊ីស្រាអែល ចោទថា ទីក្រុងតេហេរ៉ង់ បាននិងកំពុងជំរុញដំណើរការ ចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមកម្រិតខ្ពស់ ដើម្បីផលិតអាវុធនុយក្លេអ៊ែរ ដែលអាចបង្កការគំរាមកំហែងដល់សន្តិសុខពិភពលោក។

ដូច្នេះហើយ ទីក្រុងវ៉ាស៊ីនតោន ទាមទារឲ្យអ៊ីរ៉ង់ ប្រគល់សារធាតុអ៊ុយរ៉ាញ៉ូមទាំងអស់ និងកម្ទេចចោលនូវរោងចក្រនុយក្លេអ៊ែរ៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម