Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីរ៉ង់ ផ្តាំទៅអាមេរិក ថា សង្គ្រាមលើកមុនមិនទាន់ប្រើអាវុធទំនើបទេ តែបើផ្ទុះសង្គ្រាមថ្មី ខ្លួននឹង បញ្ចេញប្រើហើយ

បានផុស

នៅ

បន្ទាប់ពីមានការគំរាមម្តងហើយម្តងទៀតពីអាមេរិក ថាសង្គ្រាមនឹងផ្ទុះឡើងជាថ្មីនោះ ពេលនេះ អ៊ីរ៉ង់ បានគំរាមបកទៅវិញថា ខ្លួនមិនទាន់ប្រើប្រាស់អាវុធទំនើបៗនៅឡើយទេ ក្នុងសង្គ្រាម ប៉ុន្តែអាវុធទាំងនោះ នឹងបញ្ចេញពីឃ្លាំង បើអាមេរិក ពិតជាហ៊ាន បើកប្រតិបត្តិការយោធា សាជាថ្មីមែន។

មីស៊ីលរបស់អ៊ីរ៉ង់ (រូប៖ Reuters)

មន្ត្រីយោធាអ៊ីរ៉ង់ សុំមិនបញ្ចេញឈ្មោះ បានប្រាប់ទៅសារព័ត៌មាន RIA Novosti របស់រុស្ស៊ី នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែឧសភា ឆ្នាំ២០២៦ ថា អ៊ីរ៉ង់ មិនខ្វះអាវុធទំនើបៗទេ ហើយអាវុធទំនើបៗទាំងនោះ មិនទាន់ទាំងនឹងបានប្រើផង ក្នុងសមរភូមិជាមួយអាមេរិក និងអ៊ីស្រាអែល។

យ៉ាងណា ប្រភពខាងដដែលអះអាងថា អាវុធទំនើបផលិតក្នុងស្រុកទាំងនោះ នឹងយកចេញពីឃ្លាំង និងត្រៀមរួចរាល់អស់ហើយ ក្នុងការប្រយុទ្ធ បើទីក្រុងវ៉ាស៊ីនតោន ហ៊ានតែបើកការវាយប្រហារម្តងទៀត។ ទីក្រុងតេហេរ៉ង់ មិនខ្វះមធ្យោបាយ វាយបកឡើយ។

មីស៊ីលរបស់អ៊ីរ៉ង់ (រូប៖ Reuters)

ការអះអាងនេះ ត្រូវបានគេផ្សារភ្ជាប់ទៅនឹងសម្តីរបស់រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ Abbas Araghchi​ ដែលគំរាមថា នឹងមានរឿងភ្ញាក់ផ្អើលជាងមុន កើតឡើង បើអាមេរិក ចាប់ផ្តើមសង្គ្រាម សាជាថ្មី។

ក្នុងសារបង្ហោះលើបណ្តាញសង្គម X កាលពីថ្ងៃពុធ ប្រមុខការទូតកំពូលរបស់ទីក្រុងតេហេរ៉ង់ សរសេរថា៖ «ជាច្រើនខែ បន្ទាប់ពីសង្គ្រាមផ្ទុះលើអ៊ីរ៉ង់ សភាអាមេរិក បានទទួលស្គាល់ នូវការបាត់បង់យន្តហោះចម្បាំងរាប់សិបគ្រឿង ដែលមានតម្លៃ ខ្ទង់ពាន់លានដុល្លារ។ កងកម្លាំងប្រដាប់អាវុធ ដ៏មានអំណាចរបស់យើង ត្រូវបានបញ្ជាក់ថា គឺជាកងទ័ពដំបូងគេបង្អស់ ដែលបានបាញ់ទម្លាក់យន្តហោះចម្បាំង F-35 ដែលគេតែងតែអួតអាង។ ជាមួយនឹងមេរៀនដែលទទួលបាន និងចំណេះដឹងដែលយើងប្រមូលបាន ការវិលត្រឡប់ទៅរកសង្គ្រាមវិញ នឹងបង្ហាញនូវការភ្ញាក់ផ្អើលជាច្រើនបន្ថែមទៀត»។

មីស៊ីលរបស់អ៊ីរ៉ង់ (រូប៖ Reuters)

ស្របពេលជាមួយគ្នានោះ កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ក៏គំរាមដែរថា បើអាមេរិក បើកការវាយប្រហារជាថ្មីមែន ​សង្គ្រាមនឹងរីករាលដាល ហួសពីតំបន់នេះទៅទៀត ពោលគឺនឹងបើកឲ្យមានសមរភូមិថ្មីៗជាច្រើន។ 

សូមជម្រាបជាថ្មី សង្គ្រាមអ៊ីរ៉ង់ ផ្ទុះឡើងនៅថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយអាមេរិក និងអ៊ីស្រាអែល បើកការវាយប្រហារ ផ្ដោតសំខាន់លើទីតាំងនុយក្លេអ៊ែរ ឃ្លាំងមីស៊ីល-ដ្រូន និងទីបញ្ជាការដ្ឋានរបស់កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) ហើយឈានដល់ការសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ Ayatollah Ali Khamenei និងមន្ត្រីកំពូលៗច្រើននាក់ថែមទៀតផង។

ជាការសងសឹក អ៊ីរ៉ង់បានបាញ់មីស៊ីលរាប់រយគ្រាប់ទៅលើប្រទេសអ៊ីស្រាអែល និងមូលដ្ឋានទ័ពអាមេរិកនៅក្នុងតំបន់ឈូងសមុទ្រធ្វើឲ្យសង្គ្រាមកាន់តែរីករាលដាល ​នាពេលនោះ៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម