Connect with us

ព័ត៌មានអន្ដរជាតិ

រឿងពិតនៅពីក្រោយ ការដែលអ៊ុយក្រែន ស្ទាក់ចាប់បានតែមីស៊ីលគ្រូស ប៉ុន្តែទប់មីស៊ីលបាលីស្ទិករុស្ស៊ី មិនឈ្នះ

បានផុស

នៅ

កាលពីថ្ងៃអង្គារ ទី៧ ខែកក្កដា ឆ្នាំ២០២៦ កងទ័ពអាកាសអ៊ុយក្រែន បានប្រកាសថា ខ្លួនកំពុងខ្វះប្រព័ន្ធការពារដែនអាកាសយ៉ាងធ្ងន់ធ្ងរ ជាហេតុបណ្តាលឲ្យមីស៊ីលរុស្ស៊ី ជាង២០គ្រាប់ ហោះធ្លាយ ទម្លុះចូលរដ្ឋធានី សម្លាប់មនុស្ស ២៣នាក់។

ការវាយប្រហាររបស់រុស្ស៊ី នៅអ៊ុយក្រែន (រូប៖ Reuters)

អ្នកនាំពាក្យកងទ័ពអាកាសអ៊ុយក្រែន លោក Yurii Ihnat និយាយថា ការខ្វះខាតយ៉ាងធ្ងន់ធ្ងរ នៃប្រព័ន្ធស្ទាក់ចាប់ Patriot  ប្រភេទ PAC-2 និង PAC-3 បានធ្វើឲ្យរដ្ឋធានីកៀវ ធ្លាក់ក្នុងស្ថានភាពងាយរងគ្រោះទាំងស្រុង ចំពោះការវាយប្រហារ តាមផ្លូវអាកាសដោយគ្រាប់មីស៊ីលបាលីស្ទិក។

យ៉ាងណា ទោះគ្មានសមត្ថភាពស្ទាប់ចាប់ មីស៊ីលបាលីស្ទិកបានមែន ប៉ុន្តែអ៊ុយក្រែន អះអាងពីការបាញ់ទប់ស្កាត់មីស៊ីលគ្រូស យ៉ាងច្រើនគ្រាប់ និងបាញ់ទម្លាក់ដ្រូន ៣២៦គ្រឿង ក្នុងចំណោម ៣៥១គ្រឿង អំឡុងការវាយប្រហារទ្រង់ទ្រាយធំ កាលពីចុងសប្តាហ៍។

ប្រព័ន្ធស្ទាក់ចាប់ Patriot  ប្រភេទ PAC-2  (រូប៖ Reuters)

ដូច្នេះហើយ មានសំណួរថា ហេតុអ្វី ប្រព័ន្ធការពារអាកាសអ៊ុយក្រែន ស្ទាក់ចាប់បានតែមីស៊ីលគ្រូស ប៉ុន្តែមិនអាចស្ទាក់ចាប់មីស៊ីល បាលីស្ទិក របស់រុស្ស៊ី បាន?

តាមការផ្សាយរបស់ RBC-Ukraine, មូលហេតុចម្បង ដែលប្រព័ន្ធការពារអាកាសអ៊ុយក្រែន អាចស្ទាក់ចាប់មីស៊ីលគ្រូស បានស្ទើរតែទាំងស្រុង ប៉ុន្តែជួបការលំបាកខ្លាំង ឬមិនអាចស្ទាក់ចាប់មីស៊ីលបាលីស្ទិក របស់រុស្ស៊ី គឺដោយសារ កង្វះខាតគ្រាប់មីស៊ីលស្ទាក់ចាប់កម្រិតខ្ពស់ ដូចជា Patriot PAC-3 រួមផ្សំនឹងល្បឿនដ៏លឿនហួសប្រមាណ និងគន្លងហោះហើរដ៏ស្មុគស្មាញរបស់មីស៊ីលបាលីស្ទិក។

ប្រព័ន្ធស្ទាក់ចាប់ Patriot  ប្រភេទ PAC-2  (រូប៖ Reuters)

ម្យ៉ាង មីស៊ីល២ប្រភេទនេះ ក៏ភាពខុសគ្នានៃបច្ចេកវិទ្យា និងស្ថានភាពជាក់ស្តែងនៅលើសមរភូមិដែរ។ តួយ៉ាង មីស៊ីលគ្រូស មានល្បឿនយឺត ងាយស្រួលបាញ់ ក្នុងល្បឿនក្រោមល្បឿនសំឡេង (Subsonic)។ ដូច្នេះ អ៊ុយក្រែនមានប្រព័ន្ធការពារអាកាសជាច្រើនប្រភេទ (ដូចជា IRIS-T, NASAMS និង NASAMS ចាស់ៗ) ដែលអាចបាញ់ទម្លាក់ បានយ៉ាងងាយ ជាមួយអត្រាជោគជ័យ សឹងតែ ១០០%។

ចំណែក មីស៊ីលបាលីស្ទិក មានល្បឿនលឿនខ្លាំង និងពិបាកបាញ់ទម្លាក់ណាស់។ មីស៊ីលប្រភេទនេះ (ដូចជា Iskander-M ឬ Kinzhal) ត្រូវបានបាញ់បង្ហោះឡើង ទៅលើលំហអាកាស រួចទម្លាក់ខ្លួនចុះមកវិញ ស្ទើរតែបញ្ឈរត្រង់ក្នុងល្បឿនលឿនជាងសំឡេង។ វាទុកពេលឲ្យប្រព័ន្ធការពារអាកាស ត្រៀមខ្លួន បានតែពីរបីនាទីប៉ុណ្ណោះ។

មីស៊ីល Iskander (រូប៖ Reuters)

មួយវិញទៀត នាពេលថ្មីៗនេះ រុស្ស៊ីបានធ្វើបច្ចុប្បន្នភាព កម្មវិធីបញ្ជារបស់មីស៊ីល បាលីស្ទិក ពោលគឺនៅពេលវាហោះជិតដល់គោលដៅ វាមិនហោះតាមគន្លងត្រង់ធម្មតាទេ ប៉ុន្តែវាធ្វើការបត់បែន និងផ្លាស់ប្តូរទិសដៅភ្លាមៗ។

ការផ្លាស់ប្តូរគន្លងបែបនេះ ធ្វើឲ្យប្រព័ន្ធរ៉ាដារបស់ Patriot មានភាពស្រពេចស្រពិល និងមិនអាចគណនាចំណុចបុកទង្គិចបានត្រឹមត្រូវ ដែលធ្វើឲ្យអត្រាស្ទាក់ចាប់ ធ្លាក់ចុះយ៉ាងខ្លាំង។

និយាយទៅ មិនមែនមកពីប្រព័ន្ធការពារអាកាសអ៊ុយក្រែនអន់ទេ ប៉ុន្តែមកពីមីស៊ីលបាលីស្ទិក ត្រូវការតែប្រព័ន្ធ Patriot PAC-3 ប៉ុណ្ណោះ ទើបបាញ់ស្កាត់បាន ប៉ុន្តែបច្ចុប្បន្ន អ៊ុយក្រែនកំពុងដាច់គ្រាប់ Patriot ទៅហើយ៕

អត្ថបទ៖ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម