ព័ត៌មានអន្ដរជាតិ
ក្រុមហេសបូឡា៖ ការទម្លាក់អាវុធ ប្រៀបដូចការនាំលីបង់ទៅរក «សេចក្ដីវិនាស»
មេដឹកនាំក្រុមហេសបូឡា (Hezbollah) លោក Naim Qassem បានចេញមុខប្រកាសយ៉ាងដាច់អហង្ការថា រាល់ការបង្ខំឱ្យក្រុមរបស់លោកទម្លាក់អាវុធ គឺប្រៀបដូចជាការរុញច្រានប្រទេសលីបង់ ទៅរក «សេចក្ដីវិនាសសាបសូន្យ» យ៉ាងដូច្នោះដែរ។

តាមការផ្សាយរបស់សារព័ត៌មាន The New Region នៅក្នុងការថ្លែងសារតាមកញ្ចក់ទូរទស្សន៍ កាលពីថ្ងៃអាទិត្យ ទី២៤ ខែឧសភា ឆ្នាំ២០២៦ លោក Qassem បានសង្កត់ធ្ងន់ថា ការដកហូតអាវុធពីហេសបូឡា នឹងធ្វើឱ្យលីបង់បាត់បង់សមត្ថភាពការពារខ្លួន ហើយលោកចោទប្រកាន់អ៊ីស្រាអែលថា មានគំនិតចង់វាយលុកទន្ទ្រានកាន់កាប់ទឹកដីលីបង់ជាបណ្តើរៗ។
ការប្រកាសមិនព្រមប្រគល់អាវុធនេះ ធ្វើឡើង ចំពេលដែលសហរដ្ឋអាមេរិក កំពុងដាក់សម្ពាធយ៉ាងខ្លាំងលើរដ្ឋាភិបាលទីក្រុងបេរូត ឱ្យគោរពតាមការសន្យា ក្នុងការលុបបំបាត់ឥទ្ធិពល និងដកហូតអាវុធពីក្រុមប្រដាប់អាវុធគាំទ្រដោយអ៊ីរ៉ង់មួយនេះ។ យ៉ាងណាមិញ មេដឹកនាំហេសបូឡា បានតវ៉ាថា អាវុធទាំងអស់ នឹងបន្តស្ថិតនៅក្នុងដៃរបស់ពួកគេ រហូតទាល់តែរដ្ឋលីបង់ មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការការពារប្រទេស ហើយលោកបានព្រមានថា ហេសបូឡា នឹងតតាំងជាមួយអ្នកណា ដែលហ៊ានមកប៉ះពាល់ក្រុមរបស់លោក ដូចអ្វីដែលពួកគេកំពុងតទល់ជាមួយអ៊ីស្រាអែលដែរ។
ទាក់ទងនឹងបទឈប់បាញ់ លោក Qassem បានរំឮកថា កាលពីចុងឆ្នាំ ២០២៤ លីបង់ធ្លាប់បានព្រមព្រៀង ដោយប្រយោល ដើម្បីបញ្ចប់ការវាយប្រហារពីអ៊ីស្រាអែល ប៉ុន្តែការវាយប្រហារ នៅតែបន្តកើតមានជាហូរហែ ដោយសារតែអាជ្ញាធរលីបង់ទន់ខ្សោយ មិនអាចបង្ខំឱ្យមានការគោរពកិច្ចព្រមព្រៀងបាន។ ទោះបីជាថ្មីៗនេះ មានការព្រមព្រៀងពន្យារពេលបទឈប់បាញ់រយៈពេល ៤៥ថ្ងៃបន្ថែមទៀត តាមរយៈការចរចា ដែលមានអាមេរិកជាអ្នកសម្របសម្រួល នៅទីក្រុងវ៉ាស៊ីនតោន ក៏ដោយ ក៏ការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលទៅលើក្រុមហេសបូឡា នៅតែបន្តកើតមានស្ទើរតែរាល់ថ្ងៃ។
ដ្បិតស្ថានការណ៍កំពុងតានតឹងខ្លាំង លោក Qassem បានសម្តែងការរំពឹងទុកខ្ពស់លើកិច្ចព្រមព្រៀងសន្តិភាពដ៏ធំមួយ រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលកំពុងមានសញ្ញាវិជ្ជមាន ក្រោមការដឹកនាំរបស់ប្រធានាធិបតី ដូណាល់ ត្រាំ។ លោកសង្ឃឹមថា បើកិច្ចព្រមព្រៀងនោះលេចចេញជារូបរាងមែន ប្រទេសលីបង់ ក៏នឹងត្រូវបានរាប់បញ្ចូល ក្នុងការទទួលបានសន្តិភាព និងការបញ្ឈប់រាល់អរិភាពទាំងស្រុងផងដែរ។ ប៉ុន្តែភ្លាមៗនោះ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហូ បានចេញមកបញ្ជាក់វិញថា ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ លោក ដូណាល់ ត្រាំ បានគាំទ្រសិទ្ធិរបស់អ៊ីស្រាអែល ក្នុងការការពារខ្លួនប្រឆាំងនឹងការគំរាមកំហែងគ្រប់ទិសទី រួមទាំងនៅលីបង់ផងដែរ ដែលនេះហាក់ដូចជាការបើកភ្លើងខៀវឱ្យអ៊ីស្រាអែល បន្តវាយប្រហារទៅលើក្រុមហេសបូឡា ដដែល។
សង្គ្រាមដ៏រ៉ាំរ៉ៃនេះ បានបង្កឱ្យមានការខូចខាត និងបាត់បង់ជីវិតមនុស្សយ៉ាងច្រើនសន្ធឹកសន្ធាប់។ យោងតាមរបាយការណ៍ពីក្រសួងសុខាភិបាលលីបង់ ចាប់តាំងពីការវាយប្រហារគ្នាជាថ្មី បានផ្ទុះឡើងយ៉ាងខ្លាំងក្លា កាលពីដើមខែមីនា មក មនុស្សចំនួន ៣ ១៥១នាក់ ត្រូវបានសម្លាប់ និងជាង ៩ ៥០០នាក់ផ្សេងទៀត បានរងរបួស នៅក្នុងយុទ្ធនាការយោធាដ៏ស្រួចស្រាវរវាងអាមេរិក-អ៊ីស្រាអែល ប្រឆាំងនឹងខ្សែបណ្តាញរបស់ប្រទេសអ៊ីរ៉ង់នៅក្នុងតំបន់៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


