ព័ត៌មានអន្ដរជាតិ
តើអ្វីជាមហិច្ឆតាពិតប្រាកដរបស់ អ៊ីស្រាអែល ក្នុងការបន្តយុទ្ធនាការយោធានៅ លីបង់?
យុទ្ធនាការយោធារបស់អ៊ីស្រាអែលនៅដែនដីលីបង់ ដែលបានឈានដល់ការវាយលុកទ្រង់ទ្រាយធំ និងមិនស្តាប់ការអំពាវនាវរបស់អន្តរជាតិ កំពុងឆ្លុះបញ្ចាំងពីមហិច្ឆតាភូមិសាស្ត្រនយោបាយ និងសន្តិសុខដ៏ច្បាស់លាស់មួយរបស់រដ្ឋាភិបាលអ៊ីស្រាអែល ក្នុងការផ្លាស់ប្តូរទម្រង់សន្តិសុខនៅព្រំដែនភាគខាងជើងរបស់ខ្លួនជាអចិន្ត្រៃយ៍។

តាមរយៈសេចក្តីថ្លែងការណ៍ជាបន្តបន្ទាប់ពីមន្ត្រីជាន់ខ្ពស់ និងសកម្មភាពជាក់ស្តែងនៅលើសមរភូមិ មហិច្ឆតាពិតប្រាកដរបស់អ៊ីស្រាអែល មិនមែនត្រឹមតែជាការវាយបកធម្មតានោះទេ ប៉ុន្តែគឺជាការគ្រប់គ្រងទឹកដីមួយផ្នែកនៅភាគខាងត្បូងលីបង់ ដើម្បីកាត់ផ្តាច់ឥទ្ធិពលរបស់ក្រុមហេសបូឡា ទាំងស្រុង។
គោលដៅចម្បង និងបន្ទាន់បំផុតរបស់អ៊ីស្រាអែល គឺការបង្កើត «តំបន់ទ្រនាប់សុវត្ថិភាព» ដ៏ធំមួយដែលលាតសន្ធឹងពីព្រំដែន រហូតទៅដល់ទន្លេ លីតានី ដែលមានចម្ងាយប្រមាណ ៣០ គីឡូម៉ែត្រ។ នេះបើយោងតាមការចុះផ្សាយរបស់ភ្នាក់ងារ BBC។
រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល លោក Israel Katz បានប្រកាសយ៉ាងច្បាស់លាស់ថា កងកម្លាំងការពារជាតិអ៊ីស្រាអែល (IDF) នឹងគ្រប់គ្រងតំបន់ភាគខាងត្បូងទាំងស្រុង ហើយបានបើកការវាយប្រហារកម្ទេចស្ពានសំខាន់ៗនៅលើទន្លេលីតានី ដើម្បីកាត់ផ្តាច់ផ្លូវដឹកជញ្ជូនអាវុធ និងការចល័តទ័ពរបស់ក្រុមហេសបូឡា។
សកម្មភាពនេះធ្វើឡើងក្នុងបំណងរុញច្រានកងកម្លាំងទ័ពព្រៃ ឬកងកម្លាំងពិសេសរ៉ាដ្វាន (Radwan Force) របស់ហេសបូឡា ឲ្យដកថយទៅភាគខាងជើង ដើម្បីការពារកុំឲ្យមានការលបចូលវាយប្រហារ និងទប់ស្កាត់ការបាញ់គ្រាប់រ៉ុក្កែត ឬមីស៊ីលប្រឆាំងរថក្រោះសំដៅលើសហគមន៍ប្រជាជនអ៊ីស្រាអែលនៅភាគខាងជើង។
ក្រៅពីការបង្កើតតំបន់ទ្រនាប់ យុទ្ធសាស្ត្រយោធារបស់អ៊ីស្រាអែល ក៏កំពុងអនុវត្តតាម «គំរូ Rafah និង Beit Hanoun » ដូចដែលពួកគេបានធ្វើនៅក្នុងតំបន់ហ្គាហ្សាផងដែរ។ យោងតាមរបាយការណ៍ពីសារព័ត៌មាន The Guardian អ៊ីស្រាអែលមានបំណងកម្ទេចភូមិឋាន និងរចនាសម្ព័ន្ធផ្ទះសម្បែងរបស់ប្រជាជនលីបង់នៅតាមបណ្តោយព្រំដែន ដែលរដ្ឋបាលអ៊ីស្រាអែលសង្ស័យថាជាជម្រក និងជាទម្រង់ការពារបណ្តាញរូងក្រោមដីរបស់ក្រុមហេសបូឡា។
ទន្ទឹមនឹងនេះ គោលដៅរយៈពេលវែងរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ គឺការបង្ខំឲ្យក្រុមហេសបូឡាចុះចាញ់ដោយគ្មានលក្ខខណ្ឌ និងរំលាយអាវុធរបស់ក្រុមនេះចោល។ មហិច្ឆតានេះមានគោលបំណងកាត់បន្ថយឥទ្ធិពលរបស់អ៊ីរ៉ង់នៅក្នុងតំបន់ ដែលជាអ្នកឧបត្ថម្ភធំផ្នែកហិរញ្ញវត្ថុ និងអាវុធដល់ក្រុមហេសបូឡា និងដើម្បីធានាថា អ៊ីស្រាអែលនឹងទទួលបានសន្តិភាពយូរអង្វែងពីទីតាំងដែលមានឧត្តមភាពយោធាដាច់ខាត៕
អត្ថបទ ៖ សាង ស្រីល័ក្ខ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


