ព័ត៌មានអន្ដរជាតិ
បារាំង និងសម្ព័ន្ធមិត្តអន្តរជាតិ ដាក់ទណ្ឌកម្ម ហាមរដ្ឋមន្ត្រី អ៊ីស្រាអែល មិនឲ្យចូលប្រទេសខ្លួន
រដ្ឋមន្ត្រីការបរទេសបារាំង បាននិយាយនៅថ្ងៃ ទី៩ ខែមិថុនា ថា បារាំងបានហាមឃាត់រដ្ឋមន្ត្រីហិរញ្ញវត្ថុស្តាំនិយមជ្រុលរបស់អ៊ីស្រាអែល លោក បេហ្សាឡែល ស្មូទ្រីក (Bezalel Smotrich) មិនឲ្យចូលក្នុងប្រទេសរបស់ខ្លួន ដែលនេះជាផ្នែកមួយនៃទណ្ឌកម្មសម្របសម្រួលជាមួយបណ្តាប្រទេសមួយចំនួនផ្សេងទៀត ជុំវិញអំពើហិង្សារបស់អ្នកទៅតាំងទីលំនៅខុសច្បាប់ប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីន។

យោងតាមទីភ្នាក់ងារសារព័ត៌មាន AFP, រដ្ឋមន្ត្រីការបរទេសបារាំង លោក ហ្សង់-ណូអែល បារ៉ូត (Jean-Noel Barrot) បានសរសេរនៅលើបណ្តាញសង្គម X ថា ទណ្ឌកម្មរបស់បារាំង ត្រូវបានធ្វើឡើងក្រោមការសម្របសម្រួលជាមួយ អង់គ្លេស, កាណាដា, អូស្ត្រាលី, ន័រវែស និងនូវែលសេឡង់ ដោយផ្ដោតគោលដៅលើ «អ្នកដែលទទួលខុសត្រូវចំពោះការបង្កើនសកម្មភាពតាំងទីលំនៅ និងអំពើហិង្សានៅតំបន់វេសប៊ែង »។
រដ្ឋមន្ត្រីបារាំង បានបន្តថា លោក ស្មូទ្រីក បានជំរុញយ៉ាងសកម្មនូវការកាត់យកដីតំបន់វេសប៊ែង មកធ្វើជាកម្មសិទ្ធិ ដែលលោកបានប្រកាសជាចំហ ការបង្កើតទីតាំងថ្មីៗនៅតំបន់វេសប៊ែង, ការដាក់អាណានិគមឡើងវិញនៅតំបន់ហ្គាហ្សា, ការធ្វើឲ្យដួលរលំសេដ្ឋកិច្ចនៃអាជ្ញាធរប៉ាឡេស្ទីន និងផលវិបាកដ៏គ្រោះថ្នាក់របស់វាទៅលើប្រជាជនប៉ាឡេស្ទីន។
លោក បារ៉ូត បានសរសេរបញ្ជាក់បន្ថែមទៀតនៅលើបណ្ដាញសង្គម X ថា នេះគឺជាគោលនយោបាយដែលសហគមន៍អន្តរជាតិភាគច្រើនលើសលប់ ដែលប្តេជ្ញាចិត្តយ៉ាងមុតមាំ ចំពោះដំណោះស្រាយរដ្ឋពីរ មិនអាចទទួលយកបានឡើយ។
ភ្លាមៗនោះ ក្រសួងការបរទេសអ៊ីស្រាអែល បានថ្កោលទោសទណ្ឌកម្មទាំងនេះថាជា រឿង «គួរឲ្យអាម៉ាស់»។ ជាក់ស្ដែង នាំពាក្យក្រសួង លោក អូរេន ម៉ាម័រស្ទីន (Oren Marmorstein) បាននិយាយថា «ខ្លឹមសារពិតប្រាកដនៃជំហានទាំងនេះ គឺការប៉ុនប៉ងបង្ខំឲ្យមានជំហរនយោបាយពាក់ព័ន្ធនឹងសិទ្ធិរបស់ជនជាតិជ្វីហ្វក្នុងការតាំងទីលំនៅនៅលើទឹកដីអ៊ីស្រាអែល និងពាក់ព័ន្ធនឹងជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន ដោយបន្លំធ្វើជាវិធានការប្រឆាំងនឹងអំពើហិង្សា»។
សូមរម្លឹកដែរថា លោក ស្មូទ្រីក គឺជារដ្ឋមន្ត្រីទីពីរនៃរដ្ឋាភិបាលអ៊ីស្រាអែល ដែលត្រូវបានហាមឃាត់មិនឲ្យចូលប្រទេសបារាំងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ បន្ទាប់ពីរដ្ឋមន្ត្រីសន្តិសុខជាតិ លោក អ៊ីតាម៉ា បេន ហ្គីរ (Itamar Ben Gvir) ត្រូវបានហាមឃាត់កាលពីថ្ងៃទី២៣ ខែឧសភា ពីបទចំអកដាក់សកម្មជនដែលត្រូវបានទាហានអ៊ីស្រាអែលចាប់ខ្លួន ពីលើកប៉ាល់ដឹកជំនួយមនុស្សធម៌ឆ្ពោះទៅកាន់តំបន់ហ្គាហ្សា។ បណ្តាប្រទេសផ្សេងទៀតក៏បានហាមឃាត់រដ្ឋមន្ត្រីទាំងពីរនេះផងដែរ រួមមានប្រទេសអេស្ប៉ាញ ស្លូវេនី និងចុងក្រោយបង្អស់គឺប្រទេសអៀរឡង់។
ទន្ទឹមនឹងនេះ បារាំងក៏បានហាមឃាត់មេដឹកនាំអង្គការអ្នកតាំងទីលំនៅចំនួន ៤នាក់ និងអ្នកតាំងទីលំនៅដែលប្រើប្រាស់អំពើហិង្សាចំនួន ២១នាក់ផ្សេងទៀតផងដែរ៕
អត្ថបទ ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


