ព័ត៌មានអន្ដរជាតិ
ត្រាំ ព្រមាន ណេតាន់យ៉ាហ៊ូ៖ ប្រយ័ត្នអាមេរិកលែងជួយ បើនៅរឹងទទឹងបន្តវាយអ៊ីរ៉ង់
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមាននាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ យ៉ាងធ្ងន់ៗថា អ៊ីស្រាអែលអាចនឹងត្រូវគេបោះបង់ចោលឱ្យនៅឯកោ បើសិនជាហ៊ានបន្តបើកការវាយប្រហារយោធាខ្នាតធំលើអ៊ីរ៉ង់។

ផ្អែកតាមរបាយការណ៍ពី Axios ដែលត្រូវយកចុះផ្សាយបន្តដោយ India Today នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ នេះ លោក ត្រាំ បានប្រាប់លោក ណេតាន់យ៉ាហ៊ូ ចំៗថា «អ្នកគួរតែប្រយ័ត្នខ្លួន បើមិនដូច្នោះទេ អ្នកនឹងត្រូវនៅម្នាក់ឯង ក្នុងពេលឆាប់ៗនេះហើយ»។ ការព្រមាននេះ ធ្វើឡើងក្រោយពេលដែលអ៊ីស្រាអែល បានវាយប្រហារលើក្រុមហេសបូឡានៅរដ្ឋធានីបេរូត នៃប្រទេសលីបង់ រហូតធ្វើឱ្យអ៊ីរ៉ង់បាញ់មីស៊ីលតបតវិញយ៉ាងសាហាវ ដែលធ្វើឱ្យលោក ត្រាំ បារម្ភថានឹងបង្កជាសង្គ្រាមក្នុងតំបន់ទ្រង់ទ្រាយធំ និងបំផ្លាញឱកាសចរចាការទូតជាមួយអ៊ីរ៉ង់។
លោក ត្រាំ បានបង្ហើបទៀតថា មានប្រទេសចំនួនប្រាំនៅក្នុងតំបន់ បានទាក់ទងមកលោកទាំងក្ដីបារម្ភ ដើម្បីសុំឱ្យអាមេរិកជួយឃាត់អ៊ីស្រាអែល និងជួយការពារកិច្ចព្រមព្រៀងសន្តិភាព ដែលកំពុងចរចាគ្នា។
លោក ត្រាំ បានអះអាងទៀតថា ការនិយាយគ្នាផ្ទាល់តាមទូរស័ព្ទរវាងលោក និងលោក ណេតាន់យ៉ាហ៊ូ គឺជាគន្លឹះសំខាន់បំផុត ដែលបានជួយទប់ស្កាត់គម្រោងការបាញ់ប្រហារខ្នាតធំរបស់អ៊ីស្រាអែលទៅលើអ៊ីរ៉ង់ទាន់ពេលវេលា។ លោកបានរំឮកពីហេតុការណ៍កាលពីថ្ងៃអាទិត្យថា ខាងកងទ័ពអ៊ីស្រាអែល បានចេញដំណើរទៅហើយ និងទើបតែប្រាប់អាមេរិកនៅនាទីចុងក្រោយប៉ុណ្ណោះ ប៉ុន្តែចុងក្រោយលោកបានដេញដោល រហូតទាល់តែអ៊ីស្រាអែលព្រមបន្ថយកម្រិតវាយប្រហារមកវិញ។ លោក ត្រាំ នៅតែមានជំនឿចិត្តខ្ពស់ថា អាមេរិកជិតសម្រេចបានកិច្ចព្រមព្រៀងដ៏អស្ចារ្យមួយជាមួយអ៊ីរ៉ង់ ដើម្បីរារាំងមិនឱ្យប្រទេសនេះផលិតអាវុធនុយក្លេអ៊ែរ ឬចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមបានឡើយ ទោះបីជាប្រធានសភា និងជាប្រធានអ្នកចរចារបស់អ៊ីរ៉ង់ លោក Mohammad Bagher Ghalibaf បានចេញមុខទាត់ចោលសម្ដីលោក ត្រាំ ដោយលើកឡើងថា អាមេរិកនិយាយគ្មានការពិត និងមិនអាចទុកចិត្តបានក៏ដោយ។
ដើមចមដែលនាំឱ្យកើតរឿងរ៉ាវផ្អើលពិភពលោកនេះ គឺផ្ដើមចេញពីការប៉ះទង្គិចគ្នាផ្នែកយោធាយ៉ាងខ្លាំងក្លារយៈពេលពីរថ្ងៃ ដែលបានបំផ្លាញបទឈប់បាញ់ដ៏ផុយស្រួយនៅក្នុងតំបន់។ វាបានចាប់ផ្ដើមឡើង បន្ទាប់ពីអ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសនៅទីក្រុងបេរូត សម្លាប់ក្រុមសកម្មប្រយុទ្ធហេសបូឡា ហើយត្រូវបានអ៊ីរ៉ង់សងសឹកវិញ ដោយការបាញ់មីស៊ីលរាប់សិបគ្រាប់សំដៅទៅអ៊ីស្រាអែល។ ទោះបីជាលោក ត្រាំ ខំឃាត់ក៏ដោយ ក៏អ៊ីស្រាអែលបានលួចវាយបកទៅលើទីតាំងខែលអាកាស រោងចក្រផលិតមីស៊ីល និងរោងចក្រគីមីឥន្ធនៈនៅក្នុងប្រទេសអ៊ីរ៉ង់ កាលពីព្រឹកថ្ងៃចន្ទ។
ទោះជាយ៉ាងណា ជម្លោះដ៏ក្តៅគគុកនេះ ត្រូវបានបិទបញ្ចប់ទៅវិញជាបណ្ដោះអាសន្ន ក្រោយពេលមានការលូកដៃជួយសម្របសម្រួលយ៉ាងស្វិតស្វាញពីសំណាក់រដ្ឋាភិបាលអាមេរិក រហូតបង្កើតបានជាបទឈប់បាញ់មួយ។ ខាងភាគីអ៊ីរ៉ង់ បានយល់ព្រមផ្អាកការបាញ់ប្រហារ ដែលពួកគេហៅថាជា «ការព្រមាន» បន្ទាប់ពីទទួលបានសារតាមអ្នកសម្របសម្រួលថា អ៊ីស្រាអែលក៏ព្រមឈប់ដូចគ្នា។ ចំណែកឯលោក ណេតាន់យ៉ាហ៊ូ ក៏បានយល់ព្រមផ្អាកសកម្មភាពយោធាដែរ ប៉ុន្តែលោកនៅតែមិនចោលចរិតរឹងរូសឡើយ ដោយបានព្រមានទុកជាមុនថា បើអ៊ីរ៉ង់ហ៊ានតែឆ្កឹះឆ្កៀលរករឿងម្តងទៀត នោះនឹងត្រូវជួបនឹងការវាយបកវិញយ៉ាងចាស់ដៃជាមិនខាន៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


