ព័ត៌មានអន្ដរជាតិ
ឥណ្ឌូណេស៊ី ដាក់ពង្រាយកម្លាំងរាប់ពាន់នាក់ ត្រៀមទប់នឹងបាតុកម្មនិស្សិតប្រឆាំងរដ្ឋាភិបាល
អាជ្ញាធរប្រទេសឥណ្ឌូណេស៊ី បានសម្រេចដាក់ពង្រាយកម្លាំងនគរបាល និងទាហានរាប់ពាន់នាក់ នៅថ្ងៃសុក្រ ទី១២ ខែមិថុនា ឆ្នាំ២០២៦ នេះ ដើម្បីត្រៀមលក្ខណៈទប់ទល់នឹងគម្រោងធ្វើបាតុកម្មទ្រង់ទ្រាយធំរបស់ក្រុមនិស្សិត ដែលកំពុងខឹងសម្បារយ៉ាងខ្លាំងអំពីបញ្ហាតម្លៃជីវភាពរស់នៅកើនឡើងខ្ពស់ ក៏ដូចជា ការទាមទារឱ្យប្រធានាធិបតី លោក Prabowo Subianto កាត់បន្ថយការចំណាយខ្ជះខ្ជាយលើគម្រោងធំៗ និងងាកមកស្រោចស្រង់សេដ្ឋកិច្ចជាតិឡើងវិញ។ នេះបើយោងតាមការចុះផ្សាយរបស់ The Strait Times។

លោក Budi Hermanto អ្នកនាំពាក្យនគរបាលក្រុងហ្សាកាតា បានឱ្យដឹងថា កម្លាំងសន្តិសុខចម្រុះចំនួន ៤ ១៥១នាក់ ក្នុងនោះរួមមានទាំងទាហាន ៥០០នាក់ផង នឹងត្រូវដាក់ពង្រាយ ដើម្បីជួយគ្រប់គ្រងស្ថានការណ៍បាតុកម្មនេះ ដោយលោកបានអំពាវនាវដល់អ្នកចូលរួមទាំងអស់ កុំឱ្យបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ និងហាមដាច់ខាតការកាន់អាវុធចូលរួម។ ក្រុមសង្គមស៊ីវិល និងសហជីពកម្មករមិនទាន់ចូលរួមនៅក្នុងបាតុកម្មលើកនេះទេ ប៉ុន្តែការចល័តទ័ពដ៏ច្រើននេះ បានបង្ហាញពីការព្រួយបារម្ភយ៉ាងខ្លាំងរបស់រដ្ឋាភិបាល ព្រោះថា កាលពីឆ្នាំ២០២៥ កន្លងទៅ បាតុកម្មហិង្សារឿងជីវភាពរស់នៅ បានបង្ខំឱ្យលោក Prabowo បណ្ដេញរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុចេញពីតំណែងម្តងរួចមកហើយ។
ក្រុមនិស្សិតមកពីសាកលវិទ្យាល័យនានា ជុំវិញរដ្ឋធានីហ្សាកាតា គ្រោងនឹងជួបជុំគ្នា នៅរសៀលថ្ងៃនេះ នៅម្ដុំរង្វង់មូល Plaza Indonesia ដែលស្ថិតនៅចម្ងាយប្រហែល ៣គីឡូម៉ែត្រពីវិមានប្រធានាធិបតី។ យោងតាមការលើកឡើងរបស់សហភាពនិស្សិតនៃសាកលវិទ្យាល័យឥណ្ឌូណេស៊ី (BEM UI) សេដ្ឋកិច្ចរបស់ប្រទេស កំពុងតែធ្លាក់ចុះដុនដាបខ្លាំង រហូតធ្វើឱ្យវិនិយោគិនបរទេសដកទុនរត់ ដែលបណ្ដាលឱ្យទីផ្សារភាគហ៊ុនដួលរលំ ហើយប្រាក់ Rupiah បានក្លាយជាលុយដែលធ្លាក់ថ្លៃអាក្រក់បំផុតប្រចាំតំបន់អាស៊ី នៅក្នុងឆ្នាំ២០២៦។ បន្ថែមពីនោះ ក្រុមនិស្សិត បានរិះគន់ចំៗទៀតថា រដ្ឋាភិបាលបែរជាធ្វើឱ្យស្ថានភាពកាន់តែអាក្រក់ទៅៗ តាមរយៈការចំណាយថវិកាជាតិខ្ជះខ្ជាយ និងការបាត់បង់ឯករាជ្យភាពរបស់ធនាគារកណ្តាល។
បាតុករមានលក្ខខណ្ឌទាមទារធំៗចំនួន ៥ចំណុច ដោយក្នុងនោះ រួមមាន ការស្នើឱ្យរដ្ឋាភិបាល «បញ្ឈប់ការបំផ្លាញ» ថវិកាជាតិ ព្រមទាំងបញ្ចុះតម្លៃទំនិញប្រើប្រាស់ប្រចាំថ្ងៃ និងតម្លៃប្រេងឥន្ធនៈ។ ថ្វីដ្បិតរដ្ឋាភិបាលព្យាយាមរក្សាតម្លៃប្រេងដែលមានការឧបត្ថម្ភធនក្ដី ប៉ុន្តែការដំឡើងថ្លៃប្រេងសាំងសប្ដាហ៍នេះ ដោយសារតែឥទ្ធិពលនៃសង្គ្រាមលើប្រទេសអ៊ីរ៉ង់ បានធ្វើឱ្យប៉ះពាល់ដល់ជីវភាពប្រជាជនវណ្ណៈកណ្ដាលយ៉ាងខ្លាំង។ លើសពីនេះ ក្រុមនិស្សិតក៏បានទាមទារឱ្យលុបចោលកម្មវិធីផ្ដល់អាហារឥតគិតថ្លៃដ៏ចម្រូងចម្រាស ដែលជាគម្រោងដ៏ធំរបស់លោក Prabowo ផងដែរ បន្ទាប់ពីលោកប្រធានាធិបតី ទើបតែបានបណ្ដេញប្រធានអនុវត្តគម្រោងនេះចេញពីតំណែង ជុំវិញរឿងអាស្រូវពុករលួយកាលពីពេលថ្មីៗនេះ៕

ប្រែសម្រួល៖ ឈាង
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


