Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិកបញ្ជាក់ថា IAEA នឹងចូលពិនិត្យអ៊ុយរ៉ាញ៉ូម​អ៊ីរ៉ង់ឡើងវិញភ្លាមៗ នៅថ្ងៃចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង

បានផុស

នៅ

បន្ទាប់ពីការប្រកាសជាប្រវត្តិសាស្ត្រអំពីការបញ្ចប់ជម្លោះរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានបញ្ជាក់ថា អនុស្សរណៈនៃការយោគយល់គ្នា (MOU) ថ្មី នឹងបើកផ្លូវឱ្យទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) ចូលទៅធ្វើការត្រួតពិនិត្យកម្មវិធីនុយក្លេអ៊ែរ នៅក្នុងប្រទេសអ៊ីរ៉ង់ឡើងវិញ។

លោក Vance (រូបថត៖ REUTERS)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ NBC News កាល​ពី​ថ្ងៃទី​១៥ ខែ​មិថុនា ឆ្នាំ​២០២៦ អនុប្រធានាធិបតី​អាមេរិក លោក JD Vance បានសង្កត់ធ្ងន់ថា ចំណុចស្នូលដ៏សំខាន់បំផុតនៃកិច្ចព្រមព្រៀងនេះ គឺការតម្រូវឱ្យទីភ្នាក់ងារ IAEA និងសហរដ្ឋអាមេរិក ចូលរួមជួយអ៊ីរ៉ង់ ក្នុងការកម្ទេចរាល់ស្តុកសារធាតុ​​អ៊ុយរ៉ាញ៉ូម​​កម្រិតខ្ពស់ទាំងអស់ដែលមាន ដែលនេះជាលក្ខខណ្ឌដាច់ខាត ដែលត្រូវបានចែងនៅក្នុងឯកសាររួចជាស្រេច។

ទោះបីជាខ្លឹមសារពេញលេញនៃអនុស្សរណៈនេះ គ្រោងនឹងត្រូវផ្សព្វផ្សាយជាសាធារណៈ បន្ទាប់ពីពិធីចុះហត្ថលេខាផ្លូវការនៅប្រទេសស្វីស នាថ្ងៃសុក្រខាងមុខនេះក៏ដោយ ក៏លោក Vance បានពន្យល់ថា ការមិនទាន់បញ្ចេញឯកសារនៅពេលនេះ គឺដោយសារតែភាគីទាំងពីរកំពុងបន្តរៀបចំ និងកែសម្រួលលើបច្ចេកទេសនៃការអនុវត្តតែប៉ុណ្ណោះ មិនមែនជាការកែប្រែខ្លឹមសារស្នូលនោះទេ។ លោកក៏បានឆ្លៀតឱកាសនេះ ថ្លែងអំណរគុណដល់ប្រទេសកាតា និងប៉ាគីស្ថាន ដែលបានដើរតួជាអ្នកសម្រប​សម្រួល​យ៉ាងសកម្ម ក្នុងការជួយជ្រោមជ្រែងឱ្យមានរបកគំហើញការទូតដ៏ធំធេងនេះ។ លោកបានបន្ថែមថា ការត្រួតពិនិត្យអាវុធនុយក្លេអ៊ែរ រំពឹងថានឹងចាប់ផ្តើមភ្លាមៗនៅថ្ងៃចុះហត្ថលេខានោះ ហើយអ៊ីរ៉ង់នឹងទទួលបានផលប្រយោជន៍តបស្នងវិញ ឱ្យតែពួកគេគោរពតាមលក្ខខណ្ឌយ៉ាងម៉ឺងម៉ាត់។

យ៉ាងណាមិញ របកគំហើញការទូតនេះ បានបង្កឱ្យមានការជជែកដេញដោលគ្នាយ៉ាងខ្លាំង នៅក្នុងឆាកនយោបាយផ្ទៃក្នុងរបស់អាមេរិក។ អតីតប្រធានាធិបតី លោក បារ៉ាក់ អូបាម៉ា បានបង្ហាញការសង្ស័យ តាមរយៈបទសម្ភាសន៍មួយ ដោយលោកបានចោទសួរថា តើកិច្ចព្រមព្រៀងក្រោមរដ្ឋបាលលោក ដូណាល់ ត្រាំ លើកនេះ មានភាពល្អប្រសើរជាងកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ (JCPOA) ដែលលោកធ្លាប់ធ្វើបានដែរឬយ៉ាងណា។ ជាការឆ្លើយតប លោក JD Vance បានវាយបកវិញដោយ​អះអាង​ថា កិច្ចព្រមព្រៀងចាស់របស់លោក អូបាម៉ា គ្រាន់តែជាការផ្តល់ប្រាក់ ដើម្បីឱ្យអ៊ីរ៉ង់ផ្អាកកម្មវិធីនុយក្លេអ៊ែរបណ្តោះអាសន្នប៉ុណ្ណោះ ប៉ុន្តែសម្រាប់កិច្ចព្រមព្រៀងថ្មីនេះ គឺធ្វើឡើងបន្ទាប់ពីប្រព័ន្ធនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ត្រូវបានវាយកម្ទេចស្ទើរទាំងស្រុងរួចទៅហើយ ដូច្នេះវាគឺជាការបង្ខំឱ្យអ៊ីរ៉ង់ចុះហត្ថលេខា ដើម្បីធានាថា ពួកគេមិនអាចស្តារវាឡើងវិញបាន៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម