Connect with us

ព័ត៌មានអន្ដរជាតិ

ទីភ្នាក់ងារ IAEA មិនបង្អង់​ពេលយូរទៀតទេ​ និង​ត្រៀមចុះទៅកាន់ទីតាំងនុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់​

បានផុស

នៅ

ប្រមុខទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) នៃអង្គការសហប្រជាជាតិ នៅថ្ងៃពុធ ទី២៤ ខែមិថុនា បានបង្ហើបឲ្យដឹងថា ក្រុមអ្នកត្រួតពិនិត្យរបស់លោក នឹងចុះទៅបំពេញទស្សនកិច្ចនៅតាមទីតាំងចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមរបស់អ៊ីរ៉ង់ ដែលនេះជាសមាសភាគដ៏សំខាន់មួយនៅក្នុងកិច្ចព្រមព្រៀងបណ្តោះអាសន្នរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដើម្បីឈានទៅបញ្ចប់សង្គ្រាមឆាប់ៗ។

ប្រមុខទីភ្នាក់ងារ IAEA លោក Rafael Mariano Grossi (រូបភាព៖Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងរបស់ប្រមុខទីភ្នាក់ងារ IAEA លោក Rafael Mariano Grossi គឺជាការអះអាងដ៏ម៉ឺងម៉ាត់បំផុតមួយ ពីសំណាក់ទីភ្នាក់ងារអង្គការសហប្រជាជាតិមួយនេះ ដែលត្រូវបានគេមើលឃើញថា ជាគន្លឹះក្នុងការកំណត់ស្ថានភាពនៃស្តុកអាវុធនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ នេះបើតាមការចេញផ្សាយពីសារព័ត៌មាន washingtonpost

លោក Grossi បានថ្លែងប្រាប់អ្នកសារព័ត៌មាន នៅក្នុងសន្និសីទសារព័ត៌មានមួយនៅឯរោងចក្រថាមពលនុយក្លេអ៊ែរ ហ្វូគូស៊ីម៉ា ដាយអ៊ីឈី (Fukushima Daiichi) ក្នុងប្រទេសជប៉ុនថា «ខ្ញុំអាចយល់ពីសេចក្តីថ្លែងការណ៍នយោបាយ ព្រោះវាជាផ្នែកមួយនៃតថភាពជាក់ស្តែង ប៉ុន្តែរឿងជាមូលដ្ឋានដែលខ្ញុំចង់រំលឹក និងទាញអារម្មណ៍របស់អ្នកទាំងអស់គ្នាគឺថា មានអនុស្សរណៈនៃការយោគយល់គ្នា (MoU) មួយ ដែលត្រូវបានចុះហត្ថលេខាដោយប្រធានាធិបតីទាំងពីរ»។

លោកបានសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងនោះ បានចែងយ៉ាងច្បាស់លាស់ថា សកម្មភាពនុយក្លេអ៊ែរដែលនឹងត្រូវអនុវត្តពាក់ព័ន្ធនឹងសម្ភារៈ និងបរិក្ខារនុយក្លេអ៊ែរ នឹងត្រូវស្ថិតក្រោមការត្រួតពិនិត្យដោយ IAEA ដោយគ្មានការលើកលែងមួយណាឡើយ។

នាយក IAEA បានគូសបញ្ជាក់បន្ថែមទៀតថា «ជាការជាក់ស្ដែង ដើម្បីធ្វើកិច្ចការនោះបាន យើងត្រូវតែចុះត្រួតពិនិត្យ។ ទោះបីជារឿងនេះកើតឡើងនៅថ្ងៃខានស្អែក ក្នុងរយៈពេលមួយសប្តាហ៍ ឬ១០ថ្ងៃទៀតក៏ដោយ វាជារឿងសំខាន់ ប៉ុន្តែវាមិនមែនជាបញ្ហាចោទឡើយ។ រឿងនេះនឹងត្រូវតែកើតឡើង»។

ការចុះត្រួតពិនិត្យទាំងនោះ គឺជាគន្លឹះដ៏សំខាន់សម្រាប់កិច្ចព្រមព្រៀង ដែលទាមទារឲ្យស្តុកអ៊ុយរ៉ាញ៉ូមរបស់អ៊ីរ៉ង់ ត្រូវកាត់បន្ថយកម្រិតផ្សំមកនៅត្រឹមកម្រិតទាបវិញ។ ទោះជាយ៉ាងនេះក្ដី ទាំងអាមេរិក និងអ៊ីរ៉ង់ បានផ្តល់ការអត្ថាធិប្បាយផ្ទុយគ្នា កាលពីថ្ងៃអង្គារម្សិលមិញនេះ អំពីថា តើទីតាំងទាំងនោះនឹងត្រូវត្រួតពិនិត្យដែរឬទេ?

សូមបញ្ជាក់ថា ចាប់តាំងពីអ៊ីស្រាអែលបានបើកសង្គ្រាមរយៈពេល ១២ ថ្ងៃលើអ៊ីរ៉ង់កាលពីឆ្នាំ២០២៥ មក ទីក្រុងតេហេរ៉ង់បានរារាំងទីភ្នាក់ងារ IAEA មិនឲ្យចូលទៅពិនិត្យទីតាំងចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមនោះឡើយ ដែលជាកន្លែងគេជឿថា សាធារណរដ្ឋអ៊ីស្លាមមួយនេះរក្សាទុកសារធាតុអ៊ុយរ៉ាញ៉ូមចម្រាញ់កម្រិតខ្ពស់គ្រប់គ្រាន់ ដើម្បីផលិតអាវុធនុយក្លេអ៊ែររហូតដល់ទៅ ១០ ដើម ប្រសិនបើពួកគេសម្រេចចិត្តផលិតវា។ យ៉ាងណាក៏ដោយ អ៊ីរ៉ង់បានប្រកែកម្ដងហើយម្ដងទៀតថា កម្មវិធីរបស់ខ្លួនគឺធ្វើឡើងក្នុងគោលបំណងសន្តិភាព ទោះបីជាខ្លួនជាប្រទេសតែមួយគត់នៅលើពិភពលោកដែលមានអ៊ុយរ៉ាញ៉ូមចម្រាញ់រហូតដល់កម្រិតភាពបរិសុទ្ធ ៦០ ភាគរយ ដោយមិនមានកម្មវិធីផលិតអាវុធក៏ដោយ៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល ចង់រំដោះ​​ខ្លួន​ពីការ​ពឹង​វិស័យ​យោធាអាមេរិក ងាកមក​ផលិតអាវុធដោយខ្លួនឯង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម