ព័ត៌មានអន្ដរជាតិ
វៀតណាមលេងធម៌ក្តៅ ចាប់អ្នកបង្ហោះព័ត៌មានមិនពិត ឬរូបភាពមិនសមរម្យ ពិន័យប្រាក់រាប់សិបលានដុង
ប្រទេសវៀតណាម បានសម្រេចដាក់ចេញនូវវិធានការក្តៅ ដោយផាកពិន័យជាប្រាក់ចាប់ពី ២០លាន ទៅ ៣០លានដុង (ស្មើនឹងប្រមាណ ៧៩៤ ទៅ ១ ១៩០ដុល្លារ) ចំពោះបុគ្គលណាដែលបានផ្តល់ ឬចែករំលែកព័ត៌មានក្លែងក្លាយ ព័ត៌មានមិនពិត បំភ្លៃការពិត ឬព័ត៌មានបរិហារកេរ្តិ៍នៅលើបណ្តាញសង្គម ដែលធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់ស្ថាប័ន អង្គភាព ឬកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់បុគ្គលដទៃ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុក Nhan Dan កាលពីថ្ងៃអង្គារ ទី៣០ ខែមិថុនា ឆ្នាំ២០២៦។

ទោសទណ្ឌពិន័យជាប្រាក់ក្នុងកម្រិតដដែលនេះ ក៏នឹងត្រូវអនុវត្តផងដែរ ចំពោះការល្មើសផ្សេងៗទៀត ដូចជា ការចែករំលែករូបភាពព្រឺព្រួចដែលបង្ហាញពីការសម្លាប់មនុស្ស អំពើហិង្សា គ្រោះថ្នាក់ចរាចរណ៍ ឬទិដ្ឋភាពគួរឱ្យរន្ធត់ផ្សេងៗ។ ក្រៅពីនេះ ការចែកចាយស្នាដៃសារព័ត៌មាន អក្សរសិល្ប៍ ឬសិល្បៈដែលមានរក្សាសិទ្ធិដោយគ្មានការអនុញ្ញាត ការផ្សព្វផ្សាយទំនិញឬសេវាកម្មដែលត្រូវបានហាមឃាត់ ការបង្ហោះផែនទីប្រទេសវៀតណាមដែលខុសពីអធិបតេយ្យភាពពិតប្រាកដរបស់ជាតិ ឬការចែករំលែកតំណភ្ជាប់ (Link) ទៅកាន់មាតិកាអនឡាញដែលច្បាប់វៀតណាមហាមឃាត់ ក៏ត្រូវរងការផាកពិន័យដូចគ្នាដែរ។
អ្វីដែលរឹតតែធ្ងន់ធ្ងរជាងនេះទៅទៀតនោះ ស្ថិតក្រោមបទប្បញ្ញត្តិថ្មីដដែលនេះ ការផាកពិន័យជាប្រាក់ចាប់ពី ៣០លាន ទៅ ៥០លានដុង (ស្មើនឹងប្រមាណ ១ ១៩០ ទៅ ១ ៩៨៤ដុល្លារអាមេរិក) នឹងត្រូវប្រកាសអនុវត្ត ចំពោះការចែករំលែកមាតិកាទាំងឡាយណា ដែលបំភ្លៃប្រវត្តិសាស្ត្រ បដិសេធសមិទ្ធផលបដិវត្តន៍ បំផ្លិចបំផ្លាញសាមគ្គីភាពជាតិ ប្រមាថដល់សាសនា ឬញុះញង់ឱ្យមានការរើសអើងពូជសាសន៍និងយេនឌ័រ ប្រសិនបើសកម្មភាពទាំងនោះ មិនទាន់ឈានដល់កម្រិតត្រូវរងការចោទប្រកាន់ជាបទល្មើសព្រហ្មទណ្ឌ។
របាយការណ៍ដដែល បានបន្ថែមថា ទំហំទឹកប្រាក់ពិន័យដ៏ច្រើននេះ ក៏នឹងត្រូវយកមកអនុវត្ត ចំពោះសកម្មភាពទម្លាយអាថ៌កំបាំងរដ្ឋ អាថ៌កំបាំងឯកជនភាពបុគ្គល ឬព័ត៌មានសម្ងាត់ដទៃទៀត ដែលមិនទាន់ឈានដល់ការកាត់ទោសព្រហ្មទណ្ឌ រួមទាំងការផ្សព្វផ្សាយព័ត៌មានមិនពិត ដែលបង្កឱ្យមានការភ័យស្លន់ស្លោក្នុងចំណោមសាធារណជន ធ្វើឱ្យរំខានដល់សកម្មភាពសេដ្ឋកិច្ចសង្គម រារាំងដល់ប្រតិបត្តិការរបស់ស្ថាប័នរដ្ឋ ឬមន្ត្រីរាជការ ឬរំលោភលើសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ស្ថាប័ន និងបុគ្គលនានាផងដែរ។ គោលនយោបាយ និងវិធានការតឹងរ៉ឹងទាំងអស់នេះ ត្រូវបានដាក់បញ្ចូលទៅក្នុងអនុក្រឹត្យរបស់រដ្ឋាភិបាលវៀតណាម ដែលចាប់ផ្តើមចូលជាធរមានជាផ្លូវការចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ នេះតទៅ៕
ប្រែសម្រួល៖ ឈាង
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


