Connect with us

ព័ត៌មានអន្ដរជាតិ

ចិន កាត់ទោសប្រហារជីវិតមន្ត្រីជាន់ខ្ពស់ម្នាក់ ពីបទ​​ស៊ីសំណូកជាង ៣០០លានដុល្លារ

បានផុស

នៅ

តុលាការក្រុងឆាងចូវ ខេត្តជាំងស៊ូ ប្រទេសចិន កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ​២០២៦ បានប្រកាសទោស​ប្រហារជីវិតភ្លាមៗ ដោយគ្មានការលើកលែង ឬពន្យារពេលឡើយ លើលោក យ៉ាង យូលីន (Yang Youlin) ដែលជាអតីតមន្ត្រីជាន់ខ្ពស់ម្នាក់នៅក្រុងណានជីង បន្ទាប់ពីរកឃើញថា លោកបានប្រព្រឹត្តអំពើពុករលួយ ស៊ីសំណូកកេងប្រវ័ញ្ចលុយរដ្ឋអស់រយៈពេល ៣ទសវត្សរ៍ (ចាប់ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ២០២៣) ក្នុងទំហំទឹកប្រាក់មហាសាលរហូតដល់ទៅជាង ២,២១ពាន់លាន​យ័ន (ប្រហែល ៣២៥លានដុល្លារអាមេរិក)។

លោក យ៉ាង យូលីន (រូបថត៖ CCTV)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការផ្សាយរបស់​សារព័ត៌មានចិន SCMP រឿងរ៉ាវពុករលួយនេះ ត្រូវបានចាត់ទុកថាជាករណីធំបំផុតមួយ នៅក្នុងប្រវត្តិសាស្ត្រចិនសម័យទំនើប ដោយលោក យ៉ាង យូលីន ត្រូវបានចោទប្រកាន់ពីបទល្មើសជាច្រើន ដូចជា ការទទួលសំណូក ការកេងបន្លំថវិកាជាតិ ការសូកប៉ាន់ ការប្រើប្រាស់អំណាចខុសច្បាប់ និងការលាងលុយកខ្វក់ជាដើម។ ជាទូទៅ នៅក្នុងប្រទេសចិន ជនជាប់ចោទរឿងពុករលួយច្រើនតែទទួលបានការសម្រាល​ទោស ឬពន្យារពេលអនុវត្តទោសប្រហារជីវិតរយៈពេល ២ឆ្នាំ ប៉ុន្តែសម្រាប់ករណីលោក យ៉ាង គឺតុលាការបានសម្រេចកាត់ទោសប្រហារជីវិតភ្លាមៗតែម្តង ដោយគ្រាន់តែរង់ចាំការពិនិត្យ និងអនុម័តចុងក្រោយពីតុលាការប្រជាជនកំពូលប៉ុណ្ណោះ។

ពេញមួយអាជីពការងាររបស់លោក យ៉ាង យូលីន លោកបានកាន់តំណែងធំៗជាច្រើន នៅក្នុងតំបន់អភិវឌ្ឍន៍សេដ្ឋកិច្ច និងសំណង់ នៃ​ក្រុងណានជីង។ តុលាការ បានរកឃើញថា លោកបានប្រើប្រាស់អំណាច និងឥទ្ធិពលក្នុងតំណែងទាំងនេះ ដើម្បីជួយសម្រួលដល់ក្រុមហ៊ុនឯកជននានា ក្នុងការទទួលបានគម្រោងសាងសង់ ការផ្តល់ដីធ្លី និងដើមទុនអាជីវកម្ម ជាលាក់កំបាំង ដើម្បីជាការដោះដូរនឹងលុយសំណូកផ្ទាល់ខ្លួន។ នៅក្នុងសវនាការសាធារណៈ លោក យ៉ាង ក៏បានចេញមុខទទួលស្គាល់កំហុស និងបង្ហាញការស្តាយក្រោយយ៉ាងខ្លាំង ចំពោះទង្វើរបស់ខ្លួនផងដែរ ខណៈ​ទ្រព្យសម្បត្តិផ្ទាល់ខ្លួនទាំងអស់របស់លោក ត្រូវបានតុលាការបង្គាប់ឱ្យរឹបអូសចូលរដ្ឋវិញទាំងអស់។

ការដេញដោល និងកាត់ទោសយ៉ាងធ្ងន់ធ្ងរនេះ គឺធ្វើឡើងនៅក្រោមយុទ្ធនាការកម្ចាត់​អំពើពុករលួយទ្រង់ទ្រាយ​ធំ​របស់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង។ លោក យ៉ាង យូលីន មិនមែនជាមន្ត្រីជាន់ខ្ពស់ដំបូងឡើយ ដែលត្រូវកាត់ទោសប្រហារជីវិត ដោយសារតែកាលពីឆ្នាំ២០២១ និងឆ្នាំ២០២៤ កន្លងទៅ ក៏មានអតីតមន្ត្រីជាន់ខ្ពស់ចិនមួយចំនួនទៀត ត្រូវបានកាត់ទោសប្រហារជីវិត និងយកទៅអនុវត្តទោសរួចរាល់ហើយដែរ ក្រោមបទចោទប្រកាន់រឿងពុករលួយស្រដៀងគ្នានេះ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម