មានការបាញ់កាំភ្លើង និងការវាយប្រហារជាច្រើនដង នៅក្នុងសាលារៀន និងមហាវិទ្យាល័យ សហរដ្ឋអាមេរិក នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
ហេតុការណ៍ថ្មីបំផុត បានកើតឡើងនៅសាលាបឋមសិក្សាទីក្រុង Uvalde រដ្ឋតិចសាស់ ដោយព័ត៌មានគិតត្រឹមពេលនេះ មានអ្នកស្លាប់ចំនួន២១នាក់។
ថ្ងៃនេះ កម្ពុជាថ្មី សូមសង្ខេបហេតុការណ៍បាញ់សម្លាប់រង្គាលនៅសាលារៀនអាមេរិក ដែលកើតឡើងក្នុងរយៈពេល ប៉ុន្មានឆ្នាំចុងក្រោយ៖
សាលាបឋមសិក្សា ROBB ខែឧសភា ឆ្នាំ ២០២២
ខ្មាន់កាំភ្លើងអាយុ១៨ឆ្នាំម្នាក់ បានបើកការបាញ់ប្រហារកាលពីថ្ងៃអង្គារនៅសាលាបឋមសិក្សា ROBB ក្នុងទីក្រុង Uvalde នៃរដ្ឋតិចសាស់ ដោយបានសម្លាប់កុមារចំនួន ១៩ នាក់ គ្រូបង្រៀន២នាក់ និងផ្សេងទៀតបានរងរបួស រីឯខ្មាន់កាំភ្លើងត្រូវបានសម្លាប់។
វិទ្យាល័យ SANTA FE ខែឧសភា ឆ្នាំ ២០១៨
ក្មេងអាយុ១៧ឆ្នាំម្នាក់ បានបើកការបាញ់ប្រហារនៅវិទ្យាល័យនេះក្នុងតំបន់ Houston ដោយបានសម្លាប់មនុស្ស ១០ នាក់ ភាគច្រើនជាសិស្ស។ ជនសង្ស័យត្រូវបានចោទប្រកាន់ពីបទមនុស្សឃាត។
វិទ្យាល័យ MARJORY STONEMAN DOUGLAS ខែកុម្ភៈ ឆ្នាំ ២០១៨
ការវាយប្រហារមួយ បានបណ្តាលឲ្យសិស្សចំនួន១៤នាក់ និងបុគ្គលិក៣នាក់ស្លាប់នៅវិទ្យាល័យក្នុងទីក្រុង Parkland រដ្ឋ Florida និងជាច្រើននាក់ផ្សេងទៀតរងរបួស។ ជនសង្ស័យអាយុ២០ឆ្នាំត្រូវចោទប្រកាន់ពីបទមនុស្សឃាត។
សាលាសហគមន៍ UMPQUA ខែតុលា ឆ្នាំ ២០១៥
បុរសម្នាក់បានសម្លាប់មនុស្ស៩នាក់នៅសាលាក្នុងទីក្រុង Roseburg រដ្ឋ Oregon និង៩នាក់ផ្សេងទៀតរងរបួស បន្ទាប់មកខ្មាន់កាំភ្លើងបានសម្លាប់ខ្លួនឯង។
សាលាបឋមសិក្សា SANDY HOOK ខែធ្នូ ឆ្នាំ២០១២
បុរសអាយុ ១៩ឆ្នាំម្នាក់បានសម្លាប់ម្តាយរបស់គាត់នៅផ្ទះ ក្នុងទីក្រុង Newtown រដ្ឋ Connecticut បន្ទាប់មកបានទៅសាលាបឋមសិក្សា Sandy Hook ដែលនៅជិតនោះ ហើយ សម្លាប់សិស្សថ្នាក់ទី១ ចំនួន២០នាក់ និងគ្រូបង្រៀននាក់ រួចគាត់ក៏បានសម្លាប់ខ្លួន។
សាលា VIRGINIA TECH ខែមេសា ឆ្នាំ ២០០៧
សិស្សអាយុ ២៣ ឆ្នាំម្នាក់ បានសម្លាប់មនុស្ស៣២នាក់ក្នុងបរិវេណសាលា នៅទីក្រុង Blacksburg នៃរដ្ឋ Virginia ក្នុងខែមេសា ឆ្នាំ ២០០៧។ ជាង២០នាក់ផ្សេងទៀតបានរងរបួស។ បន្ទាប់មកខ្មាន់កាំភ្លើងបានសម្លាប់ខ្លួន។
វិទ្យាល័យ RED LAKE ខែមីនា ឆ្នាំ២០០៥
សិស្សអាយុ ១៦ ឆ្នាំម្នាក់បានសម្លាប់ជីតារបស់គាត់ និងដៃគូរបស់ខ្លួននៅផ្ទះក្នុងរដ្ឋ Minnesota បន្ទាប់មកទៅវិទ្យាល័យ Red Lake សម្លាប់សិស្ស ៥នាក់ គ្រូបង្រៀនម្នាក់ និងសន្តិសុខម្នាក់ មុនពេលបាញ់សម្លាប់ខ្លួនឯង។
វិទ្យាល័យ COLUMBINE ខែមេសា ឆ្នាំ ១៩៩៩
សិស្ស២នាក់បានសម្លាប់មិត្តភក្ដិរបស់ពួកគេចំនួន ១២ នាក់ និងគ្រូបង្រៀនម្នាក់នៅសាលាក្នុងទីក្រុង Littleton រដ្ឋ Colorado ខណៈច្រើននាក់ទៀតរងរបួស មុនពេលសម្លាប់ខ្លួន៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ សមាជិកព្រឹទ្ធសភាអាមេរិក សំពះអង្វរ ឲ្យធ្វើកំណែទម្រង់កាំភ្លើង ក្រោយហេតុការណ៍បាញ់សម្លាប់ ក្មេងៗសិស្សបឋម