Connect with us

ព័ត៌មានអន្ដរជាតិ

ខ្មាន់​​កាំភ្លើង​​បាញ់​​រះ​​លើ​វិហារ​​កាតូលិក​​មួយ​​សម្លាប់​​​ជិត​​៥០​​នាក់​​នៅ​​នីហ្សេរីយ៉ា

បានផុស

នៅ

ខ្មាន់​កាំភ្លើង​បាន​បាញ់​ប្រហារ​លើ​វិហារ​កាតូលិក​មួយ​កន្លែង​នៅ​ភាគ​ខាង​ត្បូង​ ប្រទេស​នីហ្សេរីយ៉ា អំឡុង​ពេលពិធី​បុណ្យ​មួយ​កាល​ពី​ថ្ងៃ​អាទិត្យ ទី​៥ ខែ​មិថុនា ដែល​បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់​៥០​នាក់ ក្នុង​នោះ​មាន​ទាំង​ស្ត្រី និង​កិមារ។ នេះ​បើ​តាម​វេជ្ជបណ្ឌិត​នៅ​មន្ទីរ​ពេទ្យ​មួយ និងសារព័ត៌មាន​បាន​ផ្សាយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នក​ស្រី Funmilayo Ibukun Odunlami អ្នក​នាំ​ពាក្យ​​ប៉ូលិសរដ្ឋ​ Ondo ​ថា ខ្មាន់​កាំភ្លើង​បាន​បាញ់​ទៅ​លើ​មនុស្ស​នៅ​ខាង​ក្រៅ និង​ខាង​ក្នុង​​អគារ​​ព្រះ​វិហារ ដែល​បាន​សម្លាប់​មនុស្ស និង​របួស​អ្នក​ថ្វាយ​បង្គំ។

ស្ត្រី​អ្នក​នាំ​ពាក្យ​មិន​បាន​និយាយ​ថា​ តើ​មនុស្ស​ប៉ុន្មាន​នាក់​ដែល​ត្រូវ​បាន​សម្លាប់ ឬ​របួស​នៅ​ព្រះ​វិហារកាតូលិក St Francis នៅ​ទី​ប្រជុំ​ជន Owo ប៉ុន្តែ​បាន​បន្ថែម​ថា ប៉ូលិស​កំពុង​ធ្វើ​ការ​ស៊ើប​អង្កេត​​​ពីមូល​ហេតុ​​នៃ​ការ​វាយ​ប្រហារ។

អភិបាល​រដ្ឋ Ondo លោក Arakunrin Oluwarotimi Akeredolu ដែល​បាន​ទៅ​ពិនិត្យ​ផ្ទាល់​ដល់​កន្លែង​កើត​ហេតុ និង​អ្នក​របួស​នៅ​មន្ទីរ​ពេទ្យ។ លោក​បាន​ចាត់​ទុក​ឧបទ្ទហេតុ​នៃ​ការ​ប្រហារ​កាល​ពី​ថ្ងៃ​អាទិត្យ​ថា​ជាការ​សម្លាប់​រង្គាល​ដ៏​អាក្រក់​ដែល​មិន​គួរ​បណ្តោយ​ឲ្យ​​កើត​​ឡើង។

«វា​ពិត​ជា​សោក​ស្តាយ​ខ្លាំង​ណាស់ ខណៈ​ពិធី​បុណ្យ​​បាន​កំពុង​ដំណើរ​ការ ខ្មាន់កាំភ្លើង​មិន​ស្គាល់​មុខ​បាន​វាយ​ប្រហារ​លើ​វិហារ St Francis ដែលបន្សល់​ទុក​នូវ​សេចក្តីភ័យ​ខ្លាច​នៃ​ការ​ស្លាប់​មនុស្ស​ជា​ច្រើន​នាក់ ក៏​ដូច​ជា​របួសរាប់​មិន​អស់»។ អ្នក​នាំ​ពាក្យ​ព្រះ​វិហារ Catholic Church ​នៅ​នីហ្សេរីយ៉ា លោក Reverend Augustine Ikwu បាន​និយាយ។

វេជ្ជបណ្ឌិត​នៅ​មន្ទីរ​ពេទ្យ​មួយ​ក្នុង​ទី​ក្រុង Owo ​បាន​បញ្ជាក់​ថា យ៉ាង​ហោច​ណាស់ សាក​សព​យ៉ាង​ហោច​ណាស់​៥០​នាក់​ត្រូវ​បាន​ដឹក​ជញ្ជូនទៅ​កាន់​មន្ទីរ​ពេទ្យពីរ​កន្លែង​ពី​ការ​ប្រហារ​នោះ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម