ព័ត៌មានអន្ដរជាតិ
ឥណ្ឌូណេស៊ី ប្រើរថយន្តមិនមែនចាក់សាំង ឬម៉ាស៊ូត ដឹកមេដឹកនាំសម្រាប់កិច្ចប្រជុំ G20
មេដឹកនាំពិភពលោកដែលបានមកដល់ប្រទេសឥណ្ឌូណេស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូល G20 នៅកោះបាលី ត្រូវបានទទួលស្វាគមន៍ និងដឹកដោយរថយន្តមិនមែនចាក់សាំង ឬម៉ាស៊ូតនោះទេ នៅពេលធ្វើដំណើរទៅកាន់កន្លែងពាក់ព័ន្ធនានា ។

ឥណ្ឌូណេស៊ី បានកំណត់យករថយន្តអគ្គិសនី (EV) ថាជាមធ្យោបាយដឹកជញ្ជូនតែមួយគត់ ក្នុងអំឡុងពេលកិច្ចប្រជុំកំពូល G20 នៅកោះបាលី ហើយប្រទេសម្ចាស់ផ្ទះមួយនេះ បានរៀបចំរថយន្តជាង ១,៤០០ គ្រឿង ក្នុងនោះ រថយន្តអគ្គិសនី ៩៦២ គ្រឿង, ម៉ូតូអគ្គិសនី ៤៥៤ គ្រឿង និងរថយន្តក្រុងអគ្គិសនី ៣៦ គ្រឿង ដើម្បីដឹកមេដឹកនាំ និងប្រតិភូ ក៏ដូចជា អ្នកសារព័ត៌មាន និងបុគ្គលិកសន្តិសុខទាំងនៅក្នុង និងជុំវិញកន្លែងសំខាន់ៗ ។
លោក Adita Irawati អ្នកនាំពាក្យក្រសួងដឹកជញ្ជូនបានប្រាប់សារព័ត៌មាន Arab News ថា “រដ្ឋាភិបាលឥណ្ឌូណេស៊ីមានការយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះការបញ្ចូលថាមពលកកើតឡើងវិញ ទើបយើងសម្រេចជ្រើសរើសយកការប្រើប្រាស់រថយន្តអគ្គិសនីនេះ” ។

លោក Irawati បានបញ្ជាក់ថា ការសម្រេចយករថយន្តអគ្គិសនីនេះ ដោយសារតែក្រសួងដឹកជញ្ជូនបានប្តេជ្ញាចិត្តក្នុងការកាត់បន្ថយការបំភាយឧស្ម័នផ្សែងចេញពីយានយន្តដែលផ្អែកលើឥន្ធនៈហ្វូស៊ីល ហើយវាក៏ស្របពេលដែលរដ្ឋាភិបាលឥណ្ឌូណេស៊ី បានកំណត់គោលដៅដើម្បីឲ្យមានរថយន្តអគ្គិសនីចំនួន ២ លានគ្រឿងនៅលើផ្លូវរបស់ប្រទេសនៅឆ្នាំ ២០២៥ ។
ឥណ្ឌូណេស៊ី គឺជាប្រទេសជីករ៉ែនីកែល ធំជាងគេបំផុតក្នុងពិភពលោក ដែលជាសមាសធាតុសំខាន់សម្រាប់អាគុយរថយន្តអគ្គិសនី ។ នៅក្នុងខែសីហា ប្រទេសនេះបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនផលិតរថយន្តអគ្គិសនីកំពូលរបស់ពិភពលោកគឺ Tesla ក្នុងតម្លៃ ៥ ពាន់លានដុល្លារក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ។

គួរបញ្ជាក់ថា ការដាក់ឲ្យប្រើប្រាស់រថយន្តអគ្គិសនី ក្នុងអំឡុងពេលកិច្ចប្រជុំកំពូល G20 ដែលបានធ្វើឡើងកាលពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែវិច្ឆិកានេះ ត្រូវបានគេមើលឃើញថា ជាជំហានដ៏ល្អមួយឆ្ពោះទៅរកការសម្រេចបាន នូវការបំភាយឧស្ម័នសូន្យសុទ្ធ ឆ្នាំ ២០៦០ របស់ប្រទេសឥណ្ឌូណេស៊ី ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Arab News
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


