Connect with us

ព័ត៌មានអន្ដរជាតិ

លែង​ខ្វះប្រេង! ឥណ្ឌូណេស៊ីសម្រេចកិច្ចព្រមព្រៀងនាំចូលប្រេងមហាសាលពីរុស្ស៊ី

បានផុស

នៅ

បន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវការទៅកាន់ទីក្រុងមូស្គូរបស់លោកប្រធានាធិបតី Prabowo Subianto ឥណ្ឌូណេស៊ីបានឈានដល់កិច្ចព្រមព្រៀងដ៏ធំមួយជាមួយរុស្ស៊ីក្នុងការផ្គត់ផ្គង់ប្រេងរហូតដល់​១៥០​លានបារ៉ែល។ នេះ​បើយោង​តាម​ការ​ចុះផ្សាយ​របស់ The Strait Times កាល​ពី​ថ្ងៃទី​២៣​ខែមេសា​ឆ្នាំ​២០២៦។

លោកពូទីន និង​លោក Prabowo (រូបថត៖ REUERS)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Hashim Djojohadikusumo ដែលជាបេសកជនពិសេសផ្នែកថាមពល និងត្រូវជាប្អូនប្រុសរបស់លោកប្រធានាធិបតី Prabowo បានបញ្ជាក់កាលពីថ្ងៃ​ព្រហស្បតិ៍​ថា នេះគឺជាជំហានយុទ្ធសាស្ត្រដើម្បីជួយ​ឲ្យ​សេដ្ឋកិច្ចឥណ្ឌូណេស៊ីមានស្ថិរភាព ចំពេលដែលតម្លៃប្រេងពិភពលោកកំពុងហក់ឡើងខ្ពស់ខ្លាំង។

នៅក្នុងជំនួបកាលពីសប្តាហ៍មុននៅវិមានក្រឹមឡាំង លោកប្រធានាធិបតី Prabowo និងលោក វ្ល៉ាឌីមៀរ ពូទីន បានជជែកគ្នាយ៉ាងស៊ីជម្រៅអំពីការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រ ជាពិសេសគឺការធានាសន្តិសុខផ្នែកថាមពល។ ជាលទ្ធផល រុស្ស៊ីបានយល់ព្រមលក់ប្រេងចំនួន ១០០លានបារ៉ែលក្នុងតម្លៃពិសេសបំផុតជូនឥណ្ឌូណេស៊ី ហើយថែមទាំងត្រៀមបម្រុងទុកចំនួន​៥០​លានបារ៉ែលបន្ថែមទៀត ប្រសិនបើឥណ្ឌូណេស៊ីត្រូវការនៅពេលក្រោយ។ ការសម្រេចចិត្តនេះធ្វើឡើងដើម្បីឆ្លើយតបទៅនឹងវិបត្តិដែលឥណ្ឌូណេស៊ីកំពុងជួបប្រទះ ដោយសារតែប្រភពប្រេង២០ទៅ​២៥​ភាគរយរបស់ខ្លួន ត្រូវនាំចូលតាមរយៈច្រកសមុទ្រហ័រមូស ដែលកំពុងមានភាពតានតឹងខ្លាំងដោយសារសង្គ្រាមនៅមជ្ឈិមបូព៌ា។

ថ្វីដ្បិត​ឥណ្ឌូណេស៊ីជាប្រទេសផលិតប្រេង ប៉ុន្តែតម្រូវការប្រើប្រាស់ប្រចាំថ្ងៃមានរហូតដល់ ១,៦​លានបារ៉ែល ខណៈដែលសមត្ថភាពផលិតក្នុងស្រុកមានត្រឹមតែ ៦០០ ០០០​បារ៉ែលប៉ុណ្ណោះ។ ភាពខុសគ្នានេះបានបង្ខំ​ឲ្យ​ឥណ្ឌូណេស៊ី​ត្រូវពឹងផ្អែកលើការនាំចូល ហើយរដ្ឋាភិបាលត្រូវចំណាយថវិកាយ៉ាងច្រើនដើម្បីឧបត្ថម្ភធនលើតម្លៃប្រេងជូនប្រជាជន។ កន្លងមក ដើម្បីសន្សំសំចៃថាមពល រដ្ឋាភិបាលថែមទាំងបានដាក់ចេញនូវវិធានការរឹតត្បិតការប្រើប្រាស់ប្រេង និងតម្រូវ​ឲ្យ​មន្ត្រីរាជការធ្វើការពីផ្ទះមួយថ្ងៃក្នុងមួយសប្តាហ៍ទៀតផង។

កិច្ចព្រមព្រៀងជាមួយរុស្ស៊ីលើកនេះ ប្រៀបដូចជាការបន្ធូរបន្ថយបន្ទុកដ៏ធ្ងន់ធ្ងរសម្រាប់រដ្ឋាភិបាលឥណ្ឌូណេស៊ី ដែលបានប្តេជ្ញាថានឹងមិនដំឡើងតម្លៃប្រេងឧបត្ថម្ភធននៅក្នុងឆ្នាំ​២០២៦​ឡើយ។ ការមានប្រេងស្តុកទុកក្នុងបរិមាណដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះ នឹងជួយឲ្យ​ប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេនៅអាស៊ីអាគ្នេយ៍មួយនេះ អាចទប់ទល់នឹងភាពមិនប្រាកដប្រជានៃទីផ្សារពិភពលោក និងធានាថា ជីវភាពរបស់ប្រជាជនមិនត្រូវរងផលប៉ះពាល់ខ្លាំងដោយសារតែការឡើងថ្លៃនៃទំនិញ និងសេវាកម្មផ្សេងៗដែលបណ្តាលមកពីតម្លៃប្រេង៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម