Connect with us

ព័ត៌មានអន្ដរជាតិ

ផ្លូវហោះហើរថ្មីរបស់ ចិន គំរាមដល់សុវត្ថិភាព តៃវ៉ាន់

បានផុស

នៅ

រដ្ឋាភិបាលរបស់តៃវ៉ាន់បានសម្តែងការខឹងសម្បារយ៉ាងខ្លាំង បន្ទាប់ពីប្រទេសចិនបានផ្លាស់ប្តូរផ្លូវហោះហើរ M503 នៅជិតខ្សែបន្ទាត់ដ៏រសើបនៅក្នុងច្រកសមុទ្រតៃវ៉ាន់ ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA កាលពីថ្ងៃទី១៩ ខែមេសាកន្លងទៅ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចិនបានផ្លាស់ប្ដូរផ្លូវហោះហើរថ្មីទៅកាន់ទីក្រុងចំនួន ២ គឺ Xiamen និង Fuzhou តាមរយៈផ្លូវហោះហើរ M503 ហើយរត់ទៅកៀកកោះ Kinmen និង Matsu របស់តៃវ៉ាន់ ខណៈផ្លូវទាំងពីរនេះគឺជាចំណុចដ៏រសើបរវាងប្រទេសទាំងពីរ ។

ចិនបានប្រើផ្លូវហោះជុំវិញខ្សែបន្ទាត់មធ្យមនេះ ជាជាងហោះហើរត្រង់ឆ្លងកាត់ច្រកសមុទ្រ ខណៈកន្លងមកយន្តហោះរបស់ចិនមិនត្រូវបានតៃវ៉ាន់អនុញ្ញាតឲ្យហោះហើរក្នុងដែនអាកាសដែលនៅជុំវិញទីក្រុង Kinmen និង Matsu ឡើយ ខណៈនិយតកររបស់ប្រទេសចិនបញ្ជាក់ថា ការផ្លាស់ប្តូរផ្លូវហោះហើរនេះនឹងជួយបំពេញតម្រូវការអភិវឌ្ឍន៍នៃជើងហោះហើរតាមបណ្តោយឆ្នេរសមុទ្រចិន ធានាសុវត្ថិភាពហោះហើរ បង្កើនសមត្ថភាពឆ្លើយតបនឹងព្យុះផ្គររន្ទះជាដើម ។

ប៉ុន្តែរដ្ឋបាលអាកាសចរណ៍ស៊ីវិលរបស់តៃវ៉ាន់ចោទថា វិធានការនេះបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុវត្ថិភាពអាកាសចរណ៍នៅក្នុងដែនអាកាសតៃវ៉ាន់ ដោយហៅវាថាជាវិធានការឯកតោភាគីដែលធ្វើឡើងដោយគ្មានការពិគ្រោះយោបល់ ខណៈដែលផ្លូវនេះនៅចំណុចជិតកោះ Kinmen មានចម្ងាយត្រឹមតែប្រហែល ២ គីឡូម៉ែត្ររវាងផ្លូវហោះហើររបស់ចិន និងតៃវ៉ាន់ប៉ុណ្ណោះ ។

គួរបញ្ជាក់ថា ខ្សែបន្ទាត់មធ្យមរបស់ច្រកសមុទ្រនេះបានប្រើជាការកំណត់ព្រំដែនក្រៅផ្លូវការរវាងតៃវ៉ាន់ និងចិនច្រើនឆ្នាំមកហើយ ហើយមិនត្រូវបានឆ្លងកាត់ដោយយន្តហោះចម្បាំងពីភាគីណាមួយឡើយ ប៉ុន្តែចិនមិនទទួលស្គាល់អត្ថិភាពនៃខ្សែបន្ទាត់នេះទេ ហើយយន្តហោះចម្បាំងរបស់ចិនតែងតែហោះហើរឆ្លងកាត់បន្ទាត់នេះ ខណៈដែលទីក្រុងប៉េកាំងព្យាយាមដាក់សម្ពាធទីក្រុងតៃប៉ិឲ្យទទួលយកការទាមទារអធិបតេយ្យភាពរបស់ខ្លួន ៕

អត្ថបទ ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម