ព័ត៌មានអន្ដរជាតិ
តុលាការថៃ អនុញ្ញាតឲ្យលោក ថាក់ស៊ីន បង់ប្រាក់ធានានៅក្រៅឃុំបណ្ដោះអាសន្ន
តុលាការព្រហ្មទណ្ឌថៃ បានសម្រេចអនុញ្ញាតឲ្យលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ស្ថិតនៅក្រៅឃុំ ដោយតម្រូវឲ្យបង់ប្រាក់ធានាខ្លួនចំនួន ៥០ម៉ឺនបាត ឬស្មើនឹងជាង ១៣ ៦០០ដុល្លារ ក្រោយពីអតីតនាយករដ្ឋមន្ត្រីរូបនេះត្រូវបានចោទប្រកាន់ពីបទប្រមាថព្រះមហាក្សត្រ និងបណ្ដឹងឧក្រិដ្ឋកម្មកុំព្យូទ័រ។ នេះបើយោងតាមការចុះផ្សាយដោយកាសែត Bangkok Post នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤។

ការចោទប្រកាន់នេះ មានជាប់ពាក់ព័ន្ធនឹងកិច្ចផ្ដល់បទសម្ភាសន៍មួយរបស់លោក ថាក់ស៊ីន ទៅកាន់កាសែតកូរ៉េខាងត្បូង Chosun Ilbo កាលពីឆ្នាំ២០១៥កន្លងទៅ។ លោក ថាក់ស៊ីន ត្រូវបាននាំខ្លួនទៅកាន់ព្រះរាជអាជ្ញារដ្ឋនៅព្រឹកថ្ងៃអង្គារនេះ ហើយក៏បានចូលសវនាការបន្តនៅតុលាការព្រហ្មទណ្ឌ ដើម្បីសាកសួរពីសំណុំរឿងប្រមាថព្រះមហាក្សត្រ។ សំណុំរឿងនេះ ធ្វើឡើងកាលពីម៉ោង ៨ និង៥៦នាទីព្រឹក ដោយតុលាការសម្រេចចាត់ទុកលោក ថាក់ស៊ីន ជាចុងចោទជាផ្លូវការ។
តុលាការថៃ បានឲ្យដឹងថា ការដែលឲ្យអ្នកនយោបាយវ័យ៧៤ឆ្នាំរូបនេះអាចស្ថិតនៅក្រៅឃុំបាន ក៏ព្រោះតែមានហេតុផលមួយចំនួនដូចជា លោក ថាក់ស៊ីន មិនបានរត់គេចទៅណា មិនបានបំភ្លៃព័ស្តុតាង មិនបង្កសកម្មភាពគ្រោះថ្នាក់ ឬក៏រារាំងដំណើរការរបស់តុលាការនោះទេ។ ទោះជាយ៉ាងនេះក្ដី លោក ថាក់ស៊ីន នឹងត្រូវដកហូតលិខិតឆ្លងដែន ហើយត្រូវហាមឃាត់មិនឲ្យធ្វើដំណើរទៅក្រៅប្រទេសនោះឡើយ។
ទាក់ទិននឹងរឿងនេះ លោក ថាក់ស៊ីន បានបដិសេធនូវរាល់ការចោទប្រកាន់ទាំងឡាយ ហើយបានធ្វើសច្ចាប្រណិធានម្ដងហើយម្ដងទៀតនូវភក្ដីភាពចំពោះរាជានិយម។

សូមបញ្ជាក់ថា លោក ថាក់ស៊ីន បានកាន់តំណែងជាមេដឹកនាំប្រទេសថៃ កាលពីឆ្នាំ២០០១ រហូតដល់ការផ្ដួលរលំដោយរដ្ឋប្រហារយោធាឆ្នាំ២០០៦។ លោកបានត្រឡប់ចូលប្រទេសថៃវិញ កាលពីខែសីហា ឆ្នាំមុន ពោលគឺរយៈពេល១៥ឆ្នាំក្រោយនិរទេសខ្លួននៅបរទេស។ លោក ថាក់ស៊ីន ត្រូវបានចាប់ខ្លួនចូលពន្ធនាគារ បន្ទាប់ពីការវិលត្រឡប់មកវិញ។ យ៉ាងណាមិញ អ្នកជំនាញមួយចំនួន ជឿជាក់ថា លោកបានចរចារួចមកហើយជាមួយរដ្ឋាភិបាលក្នុងការធ្វើមាតុភូមិនិវត្តន៍នេះ។ លោកត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ ៨ឆ្នាំ តែត្រូវបន្ថយមកត្រឹម១ឆ្នាំវិញ។ នៅក្នុងខែកុម្ភៈ ឆ្នាំ២០២៤ លោកក៏ត្រូវបានដោះលែងឲ្យនៅក្រៅឃុំ។
ប្រទេសថៃ មានច្បាប់តឹងរ៉ឹងចំពោះការប្រមាថខ្សែរាជវង្ស ដែលទោសធ្ងន់បំផុតអាចត្រូវជាប់ពន្ធនាគាររយៈពេល ១៥ឆ្នាំឯណោះនៅក្នុង១បណ្ដឹង។ បើតាមក្រុមមេធាវីថៃដើម្បីសិទ្ធិមនុស្ស បានឲ្យដឹងថា គិតចាប់តាំងពីបាតុកម្មយុវជនប្រឆាំងរដ្ឋាភិបាល ឆ្នាំ២០២០ និងឆ្នាំ២០២១ មានមនុស្សជាង២១០នាក់ហើយ ដែលត្រូវចោទប្រកាន់ពីបទប្រមាថព្រះមហាក្សត្រ៕
ដោយ៖ ឈាង

-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២១ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?