Connect with us

ព័ត៌មានអន្ដរជាតិ

តៃវ៉ាន់ បង្កើន​រយៈពេល​ធ្វើ​​សមយុទ្ធយូរ​ជាង​មុន​២ដង ត្រៀម​ខ្លួនសម្រាប់​ការ​ឈ្លានពាន​ពី​ចិន​នៅ​ឆ្នាំ​២០២៧​

បានផុស

នៅ

កាល​ពី​ថ្ងៃ​ទី​១៨​ខែ​មីនា ក្រសួងការពារជាតិតៃវ៉ាន់បានប្រកាសថា សមយុទ្ធយោធា Han Kuang នាពេលខាងមុខ នឹង​បង្កើន​រយៈពេល​លើស​ពី​ឆ្នាំ​មុនៗ​ដល់​ទៅ​២​ដង ពោល​គឺ​កើន​ពី​៥​ថ្ងៃ​ឡើង​ដល់​១០​ថ្ងៃ ដែលឆ្លុះបញ្ចាំងពីការសង្កត់ធ្ងន់កាន់តែខ្លាំងលើការត្រៀមលក្ខណៈយោធា ទប់ទល់​​ការឈ្លានពាន​ដែល​អាចកើត​មាន​ពី​​​ប្រទេស​ចិននៅឆ្នាំ​២០២៧។

សមយុទ្ធ Han Kuang ឆ្នាំ​២០១៩ (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការជ្រើសរើសឆ្នាំ២០២៧ ស្របតាមការវាយតម្លៃរបស់មន្ត្រីការពារជាតិអាមេរិក និងអ្នកវិភាគដែលបានកំណត់ថា ២០២៧ជាពេលវេលាដ៏មានសក្តានុពលសម្រាប់​ចិន ក្នុងការសម្រេចបាននូវសមត្ថភាពឈ្លានពានកោះ​តៃវ៉ាន់។ នាយឧត្តមនាវី Samuel Paparo មេបញ្ជាការនៃបញ្ជាការដ្ឋានឥណ្ឌូប៉ាស៊ីហ្វិក​អាមេរិក ធ្លាប់​បានកត់សម្គាល់ថា សមយុទ្ធយោធារបស់ចិននៅជុំវិញ​តៃវ៉ាន់ ជាការហាត់សមសម្រាប់​ការ​ត្រៀម​លុកលុយបែបនេះ ដោយជាព័ស្តុតាង​មាន​ដូចជា ការសាងសង់យន្តហោះចម្បាំង នាវាចម្បាំង និងវិធានការ​បង្កើន​​ស្តុក​​​មីស៊ីល​គ្រូស និងមីស៊ីល​ប៉ាលិស្ទិក​​ធំ​ជាង​មុន​​២​ដង ចាប់តាំងពីឆ្នាំ​២០២០​មក​ម៉្លេះ។

កន្លង​មក ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង បានកំណត់គោលដៅកងទ័ពរំដោះប្រជាជនចិន ឲ្យក្លាយជា «យោធាទំនើប» នៅឆ្នាំ​២០២៧ និងជាកងកម្លាំងលំដាប់ពិភពលោកនៅឆ្នាំ​២០៤៧។

ទោះបីជាយ៉ាងណាក៏ដោយ អ្នកជំនាញមួយចំនួន រួមទាំងមន្ត្រីមកពីក្រសួងការពារជាតិសហរដ្ឋអាមេរិក ជឿជាក់ថា «ការឈ្លានពានយ៉ាងខ្លាំងក្លា» លើកោះតៃវ៉ាន់នៅឆ្នាំ​២០២៧ គឺមិនអាចទៅរួចនោះទេ ដោយសារសមត្ថភាព​មាន​កម្រិត​បច្ចុប្បន្ន​របស់​ចិន។

សមយុទ្ធ Han Kuang គឺជា​លំហាត់​យោធា​​ប្រចាំឆ្នាំដ៏ធំបំផុតរបស់តៃវ៉ាន់ ដែលត្រូវបាន​បង្កើត​ឡើងដើម្បីសាកល្បងការត្រៀមខ្លួនប្រយុទ្ធ និងកែលម្អប្រតិបត្តិការរួមគ្នាក្នុងចំណោមកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន។ ដោយ​ផ្តោត​លើ​សេណារីយ៉ូ​ការ​លុកលុយ​ឆ្នាំ​២០២៧ សមយុទ្ធ​នេះ នឹង​ប្រព្រឹត្ត​ទៅ​ក្នុង​អំឡុង​ខែ​កក្កដា​ឆ្នាំ​២០២៥​ ដោយ​មាន​ការ​ចូលរួម​ពី​​ទាហានប្រមាណពី ២ ៤០០​នាក់​ ទៅ ៣ ០០០​នាក់៕

ដោយ៖​ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម