ព័ត៌មានអន្ដរជាតិ
ចិន ដាក់ក្រុមហ៊ុនជប៉ុន២០ ចូលបញ្ជីខ្មៅ ព្រោះបារម្ភរឿងផ្គត់ផ្គង់គ្រឿងយោធា
នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ ២០២៦ នេះ ប្រទេសចិន បានប្រកាសដាក់ស្ថាប័ន និងក្រុមហ៊ុនធំៗរបស់ជប៉ុនចំនួន ២០ ចូលទៅក្នុង «បញ្ជីខ្មៅ» ហាមឃាត់ការនាំចេញ។

តាមការចុះផ្សាយរបស់ AFP ចំណាត់ការនេះ បានធ្វើឡើងបន្ទាប់ពីចិនរកឃើញថា ក្រុមហ៊ុនទាំងនោះបាននាំចេញទំនិញ ដែលអាចយកទៅប្រើប្រាស់បានទាំងខាងផ្នែកស៊ីវិល និងផ្នែកយោធា ដែលជួយពង្រឹងសមត្ថភាពកងទ័ពរបស់ជប៉ុន។ ក្រសួងពាណិជ្ជកម្មចិន បានបញ្ជាក់ថា ការរឹតបន្តឹងនេះ គឺធ្វើឡើងដើម្បីការពារសន្តិសុខជាតិ និងផលប្រយោជន៍របស់ប្រទេសចិន។
ទំនាក់ទំនងរវាងមហាយក្សទាំងពីរនេះ បានចាប់ផ្ដើមល្អក់កករយ៉ាងខ្លាំង កាលពីខែវិច្ឆិកាឆ្នាំមុន នៅពេលដែលនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi បានបង្ហើបថា ជប៉ុនអាចនឹងប្រើប្រាស់កម្លាំងយោធាតបតវិញ បើមានការវាយប្រហារណាមួយលើកោះតៃវ៉ាន់។ ចាប់តាំងពីលោកស្រីឡើងកាន់តំណែងមក ជប៉ុនបានពន្លឿនការផ្លាស់ប្តូរនយោបាយការពារជាតិរបស់ខ្លួនឱ្យកាន់តែសកម្មជាងមុន ដោយមានការគាំទ្រពីសហរដ្ឋអាមេរិក ប៉ុន្តែវាបែរជាធ្វើឱ្យចិនមិនពេញចិត្តយ៉ាងខ្លាំង រហូតដល់ថ្នាក់ចោទប្រកាន់ជប៉ុនថា កំពុងដើរលើផ្លូវខុស និងព្យាយាមបង្កើត «លទ្ធិយោធានិយមបែបថ្មី»។
នៅក្នុងបញ្ជីខ្មៅដែលចិនទើបតែប្រកាសនេះ មានរួមបញ្ចូលទាំងវិទ្យាស្ថានជាតិសម្រាប់ការសិក្សាការពារជាតិរបស់ជប៉ុន និងក្រុមហ៊ុនបច្ចេកវិទ្យាការពារជាតិធំៗ ដូចជា ក្រុមហ៊ុន Mitsubishi Electric ផ្នែកបច្ចេកវិទ្យាការពារជាតិ និងអវកាសជាដើម ដែលសុទ្ធសឹងតែជាអ្នកផ្គត់ផ្គង់គ្រឿងបន្លាស់ និងបច្ចេកវិទ្យាដល់វិស័យយោធាជប៉ុន។ ក្រៅពីបញ្ជីខ្មៅនេះ ចិនក៏បានដាក់ស្ថាប័នជប៉ុនចំនួន ២០ ផ្សេងទៀតចូលក្នុង «បញ្ជីតាមដាន» ផងដែរ ដែលតម្រូវឱ្យអ្នកនាំចេញត្រូវសុំការអនុញ្ញាត និងធានាថា ទំនិញទាំងនោះមិនត្រូវបានយកទៅពង្រឹងកងទ័ពជប៉ុនឡើយ។
យ៉ាងណាមិញ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន បានអះអាងថា ចំណាត់ការរបស់ចិន គឺត្រឹមត្រូវ និងស្របច្បាប់ទាំងស្រុង ហើយវានឹងមិនប៉ះពាល់ដល់ការដោះដូរពាណិជ្ជកម្មធម្មតា រវាងប្រទេសទាំងពីរនោះទេ។
បច្ចុប្បន្ន ចិនគឺជាប្រទេសផលិត និងចម្រាញ់រ៉ែកម្រធំជាងគេបំផុតនៅលើពិភពលោក ដែលរ៉ែទាំងនេះមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ផលិតទូរស័ព្ទ ឡានអគ្គិសនី រួមទាំងប្រព័ន្ធនាំផ្លូវមីស៊ីល និងឡាស៊ែរផងដែរ។ ហេតុនេះហើយទើបជប៉ុន សហរដ្ឋអាមេរិក និងប្រទេសជាច្រើនទៀត តែងតែព្យាយាមកាត់បន្ថយការពឹងផ្អែកលើរ៉ែកម្រពីប្រទេសចិន ដើម្បីចៀសវាងការដែលក្រុងប៉េកាំងលើកយកបញ្ហានេះមកធ្វើជាឧបករណ៍គាបសង្កត់ផ្នែកនយោបាយ៕
ប្រែសម្រួល៖ ឈាង
-
កីឡា៥ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៥ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានជាតិ១ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


