Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីរ៉ង់​ប្រកាស​សងសឹក​យ៉ាង​ចាស់ដៃ​បំផុត​លើ​អ៊ីស្រាអែល និង​អាមេរិក

បានផុស

នៅ

ក្រោយ​រង​ការ​វាយ​ប្រហារ​​ទៅ​លើ​ទីតាំង​នុយក្លេអ៊ែរ​និង​យោធា​របស់​ខ្លួន​​ អ៊ីរ៉ង់​បាន​ប្រកាស​ថា​នឹង​ឆ្លើយតបយ៉ាង​ចាស់ដៃ​លើ​អ៊ីស្រាអែល ក៏​ដូចជា​សហរដ្ឋ​អាមេរិក​ដែលជា​សម្ព័ន្ធមិត្ត​យ៉ាង​ជិតស្និទ្ធ​​របស់​អ៊ីស្រាអែល។ នេះ​បើយោងតាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន Iran Wire នៅថ្ងៃ​សុក្រ​ទី​១៣ខែ​មិថុនា​ឆ្នាំ​២០២៥។

លោក Abolfazl Shekarchi (រូបថត៖ MEHR)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Abolfazl Shekarchi អ្នក​នាំ​ពាក្យ​របស់​​កងកម្លាំង​អ៊ីរ៉ង់ បាន​និយាយ​ថា «អ៊ីស្រាអែល និង​​អាមេរិក នឹងរង​ការ​វាយ​ប្រហារ​យ៉ាង​ខ្លាំង​ក្លា»។ លោក​បាន​បន្ថែម​ថា «ប្រជាជន​អ៊ីរ៉ង់​មិន​គួរ​​បារម្ភ​ទេ។ សត្រូវ​អ៊ីស្រាអែលដោយ​មាន​ការ​ជួយ​ពី​អាមេរិក បាន​ចាត់​សកម្មភាព ហើយ​​វាយ​ប្រហារ​លើ​តំបន់​លំនៅឋាន។ អ៊ីស្រាអែល​នឹង​ត្រូវទទួល​ការ​សងសឹក​​យ៉ាង​ចាស់ដៃ និង​ត្រូវតែ​រំពឹង​​ថា​នឹងរង​សកម្មភាពធ្ងន់ធ្ងរពីកងកម្លាំងប្រដាប់អាវុធ(អ៊ីរ៉ង់) ហើយការឆ្លើយតបនេះ​ច្បាស់​ណាស់​នឹង​កើត​មាន​​ជាក់​ជា​​មិន​​ខាន»។

អ៊ីស្រាអែល បាន​បើក​ប្រតិបត្តិការ «Rising Lion» វាយ​ប្រហារ​តាម​អាកាស​លើ​ប្រទេស​អ៊ីរ៉ង់ ហើយ​លោក​នាយករដ្ឋមន្ត្រី​ បេនចាមីន ណេតាន់យ៉ាហ៊ូ បាន​អះអាង​​​ថា ចំណាត់ការ​​នេះ នឹង​បន្ត​ធ្វើ​ក្នុង​រយៈពេល​ជា​ច្រើន​ថ្ងៃ​ទៅ​មុខ​ទៀត ដរាបណា​លែង​មាន​ការ​គំរាមកំហែង​នុយក្លេអ៊ែរ និង​យោធា​ពី​ទីក្រុង​តេហេរ៉ង់។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ បានបញ្ជាក់ពីការស្លាប់មេបញ្ជាការឆ្មាំបដិវត្តឥស្លាមលោក Hossein Salami និងមេទ័ពកំពូលៗច្រើននាក់ផ្សេងទៀត។

លោក ណេតាន់យ៉ាហ៊ូ បានព្រមានថា អ៊ីរ៉ង់មានផ្ទុកសារធាតុអ៊ុយរ៉ាញ៉ូមកម្រិតខ្ពស់គ្រប់គ្រាន់សម្រាប់អាវុធនុយក្លេអ៊ែរជាច្រើន ហើយកំពុងជំរុញសមត្ថភាពមីស៊ីលរបស់ខ្លួនក្នុងអត្រាគួរ​ឲ្យ​ព្រួយបារម្ភ។

យ៉ាង​ណា​មិញ សហរដ្ឋ​អាមេរិក​ដែល​ជា​ដៃ​គូ​ដ៏​ល្អ​របស់​អ៊ីស្រាអែល បាន​ចេញ​មុខ​​បញ្ជាក់​ថា ខ្លួន​ពុំ​មាន​ការ​ជាប់​ពាក់ព័ន្ធ​នឹង​ការ​វាយ​ប្រហារ​មួយ​នេះ​ឡើយ ពោល​គឺ​សកម្មភាព​នេះ​ជា​ប្រតិបត្តិការ​ឯកតោភាគី​របស់​អ៊ីស្រាអែល​ប៉ុណ្ណោះ។ រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក Marco Rubio បាន​​ព្រមាន​ថា អ៊ីរ៉ង់​មិន​គួរ​កំណត់​គោលដៅ​លើ​ផល​ប្រយោជន៍ ឬ​បុគ្គលិក​របស់​អាមេរិក​ឡើយ៕

ដោយ៖ ឈាង

ចុចអាន៖ ណេតាន់យ៉ាហ៊ូ៖ ប្រតិបត្តិការ​វាយ​អ៊ីរ៉ង់ នឹង​ធ្វើ​ជា​ច្រើន​ថ្ងៃ ទាល់តែទទួល​ជោគជ័យ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម