Connect with us

ព័ត៌មានអន្ដរជាតិ

បាត់មុខមេដឹកនាំកំពូលអ៊ីរ៉ង់ មិនឃើញចូលរួមពិធីបុណ្យសពលោក Ali Khamenei បង្កើតជាចម្ងល់

បានផុស

នៅ

ពិធីបុណ្យសពរបស់អតីតមេដឹកនាំកំពូលអ៊ីរ៉ង់ Ali Khamenei ប្រព្រឹត្តទៅ ៣ថ្ងៃហើយ ប៉ុន្តែគេនៅតែមិនឃើញវត្តមានរបស់កូនប្រុសដែលជាមេដឹកនាំកំពូលថ្មី គឺលោក Mojtaba Khamenei ឡើយ នាំឲ្យកើតជាសំណួរ និងចម្ងល់ថា តើពេលនេះគាត់កំពុងនៅឯណា ហើយស្ថានភាពរបស់គាត់ យ៉ាងម៉េចហើយ?

(រូប៖ Reuters)

តាមការផ្សាយរបស់ BBC នៅថ្ងៃចន្ទ ទី៦ ខែកក្កដា ឆ្នាំ២០២៦ ក្នុងពិធីកាលពីថ្ងៃអាទិត្យ គេឃើញតែកូ​នប្រុស ៣នាក់ទៀតរបស់លោក Ali Khamenei ប៉ុណ្ណោះ ដូចជា Masoud, Mostafa និង Meysam ​ដែលចូលរួមជាមួយលោកប្រធានាធិបតី Masoud Pezeshkian និងមេឆ្មាំបដិវត្ត Ahmad Vahidi។

ក្រៅពីនោះ គឺឃើញមានវត្តមាន ប្រធានរដ្ឋសភា Mohammad Bagher Ghalibaf, មេតុលាការកំពូល Gholam-Hossein Mohseni Ejei និង មេបញ្ជាការកងកម្លាំង Quds លោក Esmail Qaani។

(រូប៖ Reuters)

លោក Mojtaba មិនដែលបង្ហាញខ្លួនជាសាធារណៈ សូម្បីតែម្តង ឬថតសារសំឡេងណាមួយឡើយ ចាប់តាំងពីត្រូវបានតែងតាំងជាមេដឹកនាំកំពូល កាលពីដើមខែមីនាមក។ ដូច្នេះហើយ អវត្តមានដ៏យូរបែបនេះ នៅតែបន្តធ្វើឲ្យមានការសង្ស័យថា លោកប្រហែលរបួសធ្ងន់ ដោយរងរបួសត្រង់ផ្ទៃមុខ និងជើង ក្នុងការវាយប្រហារតាមអាកាសតែមួយ ដែលបានសម្លាប់ឪពុករបស់លោក។

សូមជម្រាបថា ប្រជាជនអ៊ីរ៉ង់ចន្លោះប្រមាណពី ១៥ ទៅ ២០ លាននាក់ បានកកកុញពេញដងផ្លូវ ចូលរួមក្នុងពិធីបុណ្យសពរយៈពេល ៦ថ្ងៃ ដែលចាប់ផ្តើមនៅថ្ងៃសៅរ៍ ទី៤ ខែកក្កដា ឆ្នាំ២០២៦។

(រូប៖ Reuters)

ប្រជាជនកាន់ទុក្ខ នាំគ្នាស្លៀកពាក់ខោអាវពណ៌ខ្មៅ ចូលរួមណែនណាន់តាន់តាប់ ក្នុងបរិវេណវិហារឥស្លាម Imam Khomeini Grand Mosalla ដែលជាកន្លែងតម្កល់សព Ayatollah ក្នុងមឈូសកញ្ចក់គ្របដណ្តប់ដោយទង់ជាតិ។

ទោះកំពុងមានទុក្ខធំយ៉ាងណា អ្នកចូលរួមដ៏ច្រើនលើសលប់ ក៏មានកាន់បដាពណ៌ក្រហម ដែលតំណាងឲ្យការសងសឹកដោយឈាម ព្រមទាំងស្រែកខ្លាំងៗ ដាក់បណ្តាសាឲ្យ សហរដ្ឋអាមេរិក និង អ៊ីស្រាអែល វិនាស។

(រូប៖ Reuters)

ក្នុងពិធីនោះ តំណាង និងប្រមុខរដ្ឋមកពីបណ្តាប្រទេសជាង ១០០ រួមមានទាំង អ៊ីរ៉ាក់ ប៉ាគីស្ថាន តួកគី និងអាស៊ែបៃហ្សង់ ផងដែរ បានធ្វើដំណើរមកដល់ទីក្រុងតេហេរ៉ង់ ដើម្បីចូលរួមគោរពវិញ្ញាណក្ខន្ធ ជាលើកចុងក្រោយ៕

អត្ថបទ៖ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម