Connect with us

ព័ត៌មានអន្ដរជាតិ

ពលរដ្ឋមីយ៉ាន់ម៉ា ភៀសខ្លួនចូលដីថៃ ចំពេលរបបយោធា បង្កើនការវាយប្រហាររឹតខ្លាំង

បានផុស

នៅ

ការប្រយុទ្ធមិនបន្ថយថៃរបស់កងទ័ពមីយ៉ាន់ម៉ា បានឈានដល់ការដណ្តើមបានផ្លូវហាយវ៉េអាស៊ានដែលតភ្ជាប់តំបន់ Kawkareik និងក្រុង Myawaddy ក្នុងរដ្ឋការ៉ែន ហើយក្រោយមកបានដាក់កម្លាំងមកបន្ថែមកាន់តែច្រើន បូករួមទាំងការទ​ម្លាក់គ្រាប់បែក ជាហេតុនាំឲ្យប្រជាពលរដ្ឋរាប់ពាន់នាក់ភ័យខ្លាច ត្រូវបង្ខំចិត្តរត់ភៀសខ្លួន ខណៈមានអ្នកខ្លះរត់ចូលទៅក្នុងដីថៃ។

(រូបថត៖ Irrawaddy)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមសេចក្តីរាយការណ៍របស់ Irrawaddy កាលពីថ្ងៃអង្គារទី៩ខែកញ្ញាឆ្នាំ២០២៥, កងទ័ពមីយ៉ាន់ម៉ា ដោយមានការគាំទ្រពីកងកម្លាំងការពារព្រំដែន (BGF) និងកង​ទ័ព​ចិត្ត​ធម៌​ការ៉ែន​ប្រជាធិបតេយ្យ (DKBA) បានសម្រុកចូលជាភូមិជាច្រើនក្នុងក្រុង Myawaddy រួមជាមួយការវាយប្រហារពីអាកាស ដើម្បីចាប់យកតំបន់នេះ។

ដោយសារតែស្ថានការណ៍ធ្ងន់ធ្ងរខ្លាំង ពលរដ្ឋរាប់ពាន់នាក់ត្រូវបង្ខំចិត្តភៀសខ្លួន អ្នកខ្លះភៀសទៅទន្លេ Salween និងខ្លះទៀតចូលទៅដីថៃ ដើម្បីរត់ពីគ្រាប់បែក។

(រូបថត៖ Irrawaddy)

ទន្ទឹមនោះ អង្គការមនុស្សធម៌ប្រចាំតំបន់បានឲ្យដឹងថា មនុស្ស៧៦៥នាក់មកពី២១៨គ្រួសារ កំពុងជ្រកកោននៅជំរំចាស់ តាមដងទន្លេ Salween ប៉ុន្តែពួកគេកំពុងខ្វះខាតស្បៀងអាហារ ថ្នាំសង្កូវ សម្លៀកបំពាក់និងតង់ជាចាំបាច់ ខណៈប៉ុន្មានថ្ងៃមកនេះ មានភ្លៀងធ្លាក់ខ្លាំងឥតឈប់។

សូមជម្រាបជាថ្មី ស្ថានភាពជម្លោះរវាងរបបមីយ៉ាន់ម៉ានិងក្រុមប្រឆាំងប្រដាប់អាវុធ បានវិវត្តទៅជា សង្គ្រាមស៊ីវិលទ្រង់ទ្រាយធំ ចាប់តាំងពីរដ្ឋប្រហារយោធាខែកុម្ភៈឆ្នាំ២០២១។ ក្រុមប្រឆាំងជាច្រើនបានបើកការប្រយុទ្ធយ៉ាងខ្លាំងក្លា ធ្វើឲ្យរបបយោធាជួបឧបសគ្គក្នុងការគ្រប់គ្រងប្រទេស។

(រូបថត៖ Irrawaddy)

បច្ចុប្បន្ន ការប្រយុទ្ធគ្នាបានរីករាលដាលដល់គ្រប់តំបន់ទូទាំងប្រទេស ដោយក្រុមប្រឆាំងប្រដាប់អាវុធបានប្រើប្រាស់យុទ្ធសាស្ត្រទ័ពព្រៃ ហើយអាចដណ្តើមបានតំបន់ និងទីក្រុងសំខាន់ៗជាច្រើនពីរបបយោធាវិញ។

ជាការឆ្លើយតប របបយោធាបានប្រើប្រាស់យន្តហោះទម្លាក់គ្រាប់បែក និងកាំភ្លើងធំវាយប្រហារទៅលើគោលដៅរបស់ក្រុមប្រឆាំងនិងភូមិរបស់ប្រជាជន បណ្តាលឲ្យមានមនុស្សស្លាប់ និងរបួសយ៉ាងរង្គាល៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ប្រជាជនរាប់ពាន់នាក់ភៀសខ្លួន ខណៈយោធា មីយ៉ាន់ម៉ាបង្កើនការវាយលុកដណ្ដើមទឹកដីមកវិញមុនការបោះឆ្នោត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម