Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកទោសជាង ១៥ ០០០​នាក់ហែក​គុក​​នៅ​នេប៉ាល់ អំឡុង​ពេល​ចលាចល

បានផុស

នៅ

អ្នកទោសជាង ១៥​ ០០០​នាក់បានលួច​​រត់​ចេញ​​​ពី​ពន្ធនាគារ​យ៉ាងហោចណាស់ចំនួន ២៥​កន្លែង គិត​ចាប់តាំងពីថ្ងៃអង្គារ​ទី​៩ខែ​កញ្ញា​ឆ្នាំ​២០២៥ ចំពេលមានបាតុកម្ម​នៅ​ទូទាំងប្រទេស​នេប៉ាល់​ប្រឆាំងនឹងអំពើពុករលួយ និងរដ្ឋាភិបាល។

បាតុកម្ម​នៅ​នេប៉ាល់ (រូបថត៖ X)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការហែក​គុកដ៏ធំនេះ បានចាប់ផ្តើមនៅពេលដែលក្រុមអ្នកតវ៉ាបានសម្រុកចូលកន្លែងជាច្រើន ដុតបំផ្លាញអគាររដ្ឋបាល និងបង្ខំ​ឲ្យ​បើកទ្វារពន្ធនាគារ។ អ្នកទោស​ក៏​បាន​ប៉ុនប៉ង​ដណ្តើម​កាន់កាប់​កន្លែង​មួយ​ចំនួន​ដែល​នាំ​​ឲ្យ​​មានការ​ប៉ះទង្គិច​ជាមួយ​កងកម្លាំង​សន្តិសុខ​។

យោងតាមកាសែត The Rising Nepal នៅក្នុងស្រុក Banke អ្នកទោសជាអនីតិជនចំនួន ៥​នាក់ត្រូវបានសម្លាប់ និង ៤​នាក់ផ្សេងទៀតបានរងរបួស បន្ទាប់ពីប៉ូលិសបានបើកការបាញ់ប្រហារអំឡុងពេលប្រឈមមុខដាក់គ្នានៅឯមណ្ឌល​កែប្រែ Naubasta។ អាជ្ញាធរ​បាន​និយាយ​ថា​​​​​​ អ្នក​ទោស​​បាន​ព្យាយាម​ដណ្ដើម​​អាវុធ​ពី​បុគ្គលិក​សន្តិសុខ។

នាយកដ្ឋានគ្រប់គ្រងពន្ធនាគារ បានបញ្ជាក់ពីការរត់គេចខ្លួនទ្រង់ទ្រាយ​ធំ​ ខណៈ​តួ​លេខ​ផ្លូវការ​កំពុងប្រមូល​នៅ​ឡើយ។ លោក​អគ្គនាយក Lila Prasad Sharma បាននិយាយថា «យើងកំពុងកៀងគរធនធានដែលមានទាំងអស់ ដើម្បីចាប់ខ្លួនពួកគេឡើងវិញ​ឲ្យបានលឿនតាមដែលអាចធ្វើទៅបាន» ដោយបន្ថែមថា កងកម្លាំងប៉ូលិស និងប្រដាប់អាវុធត្រូវបានដាក់ពង្រាយទូទាំងប្រទេស។

ក្នុងចំណោមអ្នកដែលរត់​ចេញ​ពី​ពន្ធនាគារ រួម​មាន លោក Rabi Lamichhane អតីតឧបនាយករដ្ឋមន្ត្រី និងជាមេដឹកនាំគណបក្ស Rastriya Swatantra ដែលជាគណបក្សនយោបាយធំជាងគេទីបួនរបស់ប្រទេសនេប៉ាល់។ លោក Lamichhane ត្រូវ​បាន​គេ​ឃុំ​ខ្លួន​ពាក់ព័ន្ធ​នឹង​ការ​ឆបោក​ជា​ប្រព័ន្ធ​។

សូម​ជម្រាប​ថា ភាពចលាចលបានចាប់ផ្តើម បន្ទាប់ពីរដ្ឋាភិបាលបានហាមឃាត់វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមចំនួន២៦​ ដូចជា Facebook, Instagram, WhatsApp និង WeChat បង្ក​ឲ្យមានការតវ៉ាដែលបានកើនឡើងយ៉ាងឆាប់រហ័សទៅជាចលនាកាន់តែទូលំទូលាយប្រឆាំងនឹងការចោទប្រកាន់ពីបទពុករលួយ និង​ការ​បំពាន​ច្បាប់៕

(រូបថត៖ Reuters)
(រូបថត៖ Reuters)

ដោយ៖ ឈាង

ចុចអាន៖ ភរិយារបស់អតីតនាយករដ្ឋមន្ត្រីនេប៉ាល់ ត្រូវដុតទាំងរស់ ក្នុងបាតុកម្មហិង្សា ដ៏សាហាវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម