Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី បាញ់បង្អួតមីស៊ីលលឿនជាងសំឡេង​៩ដង​ ស្រប​ពេលកំពុងសង្គ្រឺតធ្មេញជាមួយណាតូ

បានផុស

នៅ

ប្រទេសរុស្ស៊ីបានបាញ់បង្ហោះមីស៊ីលដ៏ទំនើបប្រភេទ Zircon នៅក្នុងសមុទ្រអាកទិក ដែលនេះត្រូវបានគេមើលឃើញថា ជាការបង្ហាញសាច់ដុំយោធាចំពេលស្ថានការណ៍ជាមួយអង្គការណាតូ កាន់តែតានតឹងជាពិសេស កំពុងមានការសង្រ្គឺតធ្មេញដាក់គ្នាជាមួយប្រទេសប៉ូឡូញ។

ការបាញ់បង្ហោះមីស៊ីល Zircon (រូបថត៖ ក្រសួងការពារជាតិរុស្ស៊ី)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការផ្សាយរបស់ RT កាលពីថ្ងៃចន្ទទី១៥ខែកញ្ញាឆ្នាំ២០២៥, 3M22 Zircon គឺជាមីស៊ីលអស្ចារ្យមានល្បឿនលឿនជាងសំឡេងរហូតដល់ទៅ៩ដង អាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ហោះបានចម្ងាយ ១ ០០០គីឡូម៉ែត្រ និងមានសមត្ថភាពគេចផុតពីខែលការពារអាកាសភាគច្រើនរបស់លោកខាងលិច ដូចជា Patriot ជាដើម។

វាត្រូវបានបាញ់បង្ហោះចេញពីនាវាពិឃាដ Golovko នៃកងនាវាចរណ៍ខាងជើង សំដៅទៅគោលដៅនៅសមុទ្រ​ បារ៉េនស៍​ ហើយការបាញ់នេះគឺផ្នែកនៃសមយុទ្ធ Zapad-2025 ជាមួយប្រទេសបេឡារុស ដែលមានការចូលរួមពីសំណាក់ទាហានសរុប ១៣ ០០០នាក់។

មីស៊ីល Zircon (រូបថត៖ VOV)

សមយុទ្ធនេះកើតឡើងចំពេលរុស្ស៊ីប្រកាសក្តែងៗថា ពេលនេះអង្គការណាតូ កំពុងធ្វើសង្គ្រាមជាមួយខ្លួន តាមរយៈការផ្តល់ជំនួយយោធាដោយផ្ទាល់និងប្រយោល ទៅឲ្យអ៊ុយក្រែន។

ការប្រកាសនេះគឺចេញពីមាត់អ្នកនាំពាក្យវិមានក្រឹមឡាំង Dmitry Peskov ហើយម្យ៉ាងគេក៏ដឹងដែរថា វាគឺជាការឆ្លើយតបទៅរដ្ឋមន្ត្រីការបរទេសប៉ូឡូញដែលស្នើឲ្យមានការដាក់ទ័ពណាតូលើដីអ៊ុយក្រែន ដើម្បីធានាសន្តិសុខ។

អ្នកនាំពាក្យវិមានក្រឹមឡាំង Dmitry Peskov (រូបថត៖ Reuters)

 

លោក Peskov ព្រមានថា «គ្មានអ្វីត្រូវសង្ស័យទៀតឡើយ ហើយក៏មិនចាំបាច់រកព័ស្តុងតាងអ្វីបន្ថែមទៀតដែរ ប៉ុណ្ណឹងគឺគ្រប់គ្រាន់ហើយដើម្បីបង្ហាញថា ណាតូកំពុងចូលរួមក្នុងសង្គ្រាមយ៉ាងជាក់ស្តែង តាមរយៈការផ្តល់ជំនួយយោធាឲ្យទីក្រុងកៀវ»។

មុននេះរដ្ឋមន្ត្រីការបរទេសប៉ូឡូញ Radoslaw Sikorski បានស្នើឲ្យមានអ្នកគាំទ្រលោកខាងលិចរបស់អ៊ុយក្រែន ត្រូវហ៊ានប្រឈមមុខដោយផ្ទាល់ជាមួយរុស្ស៊ី ហើយមិនត្រូវបដិសេធវត្តមានយោធាលោកខាងលិចនៅអ៊ុយក្រែនទេ។ ការធានាសន្តិសុខរបស់ទីក្រុងកៀវ ត្រូវតែមានវត្តមានរបស់ទ័ពណាតូ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ រុស្ស៊ីប្រកាសថា ណាតូ កំពុងធ្វើសង្គ្រាមជាមួយខ្លួន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម