Connect with us

ព័ត៌មានអន្ដរជាតិ

មួយថ្ងៃ អ៊ីស្រាអែល សម្លាប់ពលរដ្ឋប៉ាឡេស្ទីនជាង១០០នាក់ នៅហ្គាហ្សា 

បានផុស

នៅ

ដ្បិតមានការថ្កោលទោសជាអន្តរជាតិ ក៏យុទ្ធនាការរបស់អ៊ីស្រាអែលតាមកម្ទេចក្រុមហាម៉ាសប៉ាឡេស្ទីន មិនបន្ថយដៃឡើយ ដោយត្រឹមមួយថ្ងៃអង្គារប៉ុណ្ណោះ កងកម្លាំង IDF បានសម្លាប់ពលរដ្ឋនៅហ្គាហ្សា ១០៦នាក់។

(រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការផ្សាយរបស់ Al jazeera នៅថ្ងៃពុធទី១៧ខែកញ្ញាឆ្នាំ២០២៥ ក្នុងប្រតិបត្តិការទ្រង់ទ្រាយធំថ្មីនេះ រថក្រោះនិងរថពាសដែកអ៊ីស្រាអែល បានសម្រុកចូលទីក្រុងហ្គាហ្សា បាញ់កម្ទេចផ្ទះសម្បែងនិងសំណង់អគារនានា ព្រមទាំងវាយប្រហារវិហារឥស្លាមមួយផងដែរ។

ការវាយប្រហារនេះកើតឡើងស្របពេលការស៊ើបអង្កេតឯករាជ្យរបស់អង្គការសហប្រជាជាតិបានរកឃើញថា សង្រ្គាមជិតពីរឆ្នាំរបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា គឺជា «អំពើប្រល័យពូជសាសន៍»។

(រូបថត៖ Reuters)

គណៈកម្មការស៊ើបអង្កេតរបស់ UN បានគូសបញ្ជាក់នៅក្នុងរបាយការណ៍របស់ខ្លួនថា ប្រទេសនានាជុំវិញពិភពលោក ពិតជាមានទំនួលខុសត្រូវក្នុងការបញ្ឈប់អំពើឃោរឃៅរបស់អ៊ីស្រាអែល។

យោងទៅតាមតុលាការយុត្តិធម៌អន្តរជាតិ ដែលរដ្ឋភាគីអាចរួមចំណែកក្នុងការទប់ស្កាត់អំពើប្រល័យពូជសាសន៍បាននោះ, ពួកគេមានកាតព្វកិច្ចប្រើប្រាស់គ្រប់មធ្យោបាយដែលមានដោយសមហេតុផល ដើម្បីទប់ស្កាត់អំពើប្រល័យពូជសាសន៍តាមដែលអាចធ្វើទៅបាន។

(រូបថត៖ Reuters)

ទន្ទឹមនោះ ក្រសួងការបរទេសបារាំង ក៏បានថ្កោលទោសយ៉ាងដាច់អហង្ការដែរ ចំពោះការពង្រីកនិងបង្កើនប្រតិបត្តិការវាយលុកជើងគោក អាកាស និងជើងទឹករបស់អ៊ីស្រាអែល នៅទីក្រុងហ្គាហ្សា។

បារាំងជំរុញឲ្យអ៊ីស្រាអែលបញ្ឈប់យុទ្ធនាការបំផ្លិចបំផ្លាញ នៅក្នុងទីក្រុងនេះ ដែលអ៊ីស្រាអែលគ្រោងនឹងដណ្តើមយក ក្នុងរយៈពេលប៉ុន្មានខែខាងមុខ។ ទីក្រុងប៉ារីស ក៏ជំរុញឲ្យអ៊ីស្រាអែល ដកការរឹតត្បិតជាបន្ទាន់ផងដែរចំពោះជំនួយមនុស្សធម៌ចូលទៅក្នុងហ្គាហ្សា ដើម្បីអនុញ្ញាតឱ្យមានការចែកចាយភ្លាមៗ ដ៏ធំ និងគ្មានការរារាំង។

ចំណែកសមាជិកសភាអាមេរិក ក៏អំពាវនាវឲ្យពិភពលោក ឈប់លើកទឹកចិត្តចំពោះអំពើប្រល័យពូជសាសន៍របស់អ៊ីស្រាអែល នៅហ្គាហ្សាផងដែរ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ អ៊ីស្រាអែល សម្លាប់មនុស្ស២៥នាក់ទៀតនៅហ្គាហ្សា ក្នុងនោះមានទាំងកូនភ្លោះអាយុ ៦ឆ្នាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម