Connect with us

ព័ត៌មានអន្ដរជាតិ

តាលីបង់បដិសេធ​ការ​ទាមទារ​របស់​ ត្រាំ ដែល​ចង់​បាន​មូលដ្ឋានទ័ពអាកាស Bagram ទៅគ្រប់​គ្រង​វិញ

បានផុស

នៅ

កាល​ពី​ថ្ងៃ​អាទិត្យ​ទី​២១​ខែ​កញ្ញា​ឆ្នាំ​២០២៥ ក្រុមតាលីបង់ បានច្រានចោលការអំពាវនាវរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែល​ទាមទារ​យក​មូលដ្ឋានទ័ពអាកាស Bagram​ ទៅ​គ្រប់គ្រង​ឡើង​វិញ បួនឆ្នាំបន្ទាប់ពីការដកទ័ពរបស់ទីក្រុងវ៉ាស៊ីនតោនចេញពីទីតាំង​ដ៏​ធំ​នេះ រួច​ទុក​ឲ្យ​ស្ថិត​នៅ​​​​ក្នុងដៃរបស់ពួកតាលីបង់។

មូលដ្ឋានទ័ពអាកាស Bagram (រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ត្រាំ កាលពីថ្ងៃសៅរ៍បាននិយាយថា សហរដ្ឋអាមេរិកឥឡូវ​នេះ​«កំពុង​ជជែក​ជាមួយអាហ្វហ្គានីស្ថាន» អំពីការវិលត្រឡប់ទៅកាន់មូលដ្ឋាន Bagram ប៉ុន្តែ​លោក​បានបដិសេធមិននិយាយថាតើលោក​នឹងពិចារណាការបញ្ជូនកងទ័ពដែរ​ឬ​ក៏​អត់។ លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មានថា «យើងចង់បានវាមកវិញ ហើយយើងចង់បានវាមកវិញភ្លាមៗ។ ប្រសិនបើពួកគេមិនធ្វើវាទេ អ្នកនឹងដឹងថាខ្ញុំនឹងធ្វើអ្វី»។

អ្នកនាំពាក្យក្រុមតាលីបង់ លោក Zabihullah Mujahid បានច្រានចោលការលើកឡើងនេះ ដោយជំរុញ​​ឲ្យ​ទីក្រុងវ៉ាស៊ីនតោន ប្រកាន់យក«ភាពប្រាកដនិយម និងសមហេតុផល»។ លោកបាន​​ថ្លែង​ថា ឯករាជ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសអាហ្វហ្គានីស្ថានមិនអាចចរចាបានឡើយ ហើយបានលើកឡើងពីកិច្ចព្រមព្រៀងទីក្រុងដូហាឆ្នាំ២០២០ ដែលសហរដ្ឋអាមេរិកបានសន្យាថានឹងមិនប្រើប្រាស់កម្លាំង ឬជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងអាហ្វហ្គានីស្ថានឡើយ។

ចំណែក​ឯ​ប្រធានបុគ្គលិកនៃ​ក្រសួងការពារជាតិ​អាហ្វហ្គានីស្ថាន​លោក Fasihuddin Fitrat បានបន្ថែម​​​ថា «ការប្រគល់ដីរបស់យើងសូម្បី​តែ​មួយ​អ៊ីញ​​ឲ្យនរណាម្នាក់គឺជា​​រឿងដែល​មិន​អាច​​ទៅ​រួច​ទាល់តែ​សោះ»។

សូម​ជម្រាបថា​​​​ ទោះបីជាមានវោហាសាស្ត្រមុតស្រួចបែប​នេះក៏ដោយ ក៏ទំនាក់ទំនងមានកម្រិតរវាង​ភាគី​ទាំង​ពីរ​នៅ​តែ​ត្រូវ​បានបន្ត។ ពួកតាលីបង់និយាយថា ពួកគេបានជួបពិភាក្សាជាមួយប្រេសិតសហរដ្ឋអាមេរិក ជុំវិញការផ្លាស់ប្តូរអ្នកទោស និងចំណាប់ខ្មាំង ហើយកាលពីដើមឆ្នាំនេះបានដោះលែងអ្នកទេសចរអាមេរិកម្នាក់ដែលត្រូវបានចាប់ពង្រត់នៅប្រទេសអាហ្វហ្គានីស្ថានកាលពីជាងពីរឆ្នាំមុន៕

លោក ដូណាល់ ត្រាំ (រូបថត៖ Reuters)
មូលដ្ឋានទ័ពអាកាស Bagram (រូបភាព៖ Reuters)

ដោយ៖ ឈាង

ចុចអាន៖ ត្រាំ គំរាមឲ្យអាហ្វហ្គានីស្ថានប្រគល់មូលដ្ឋានទ័ពអាកាស Bagram ឲ្យអាមេរិកវិញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម