Connect with us

ព័ត៌មានជាតិ

ក្រសួងសុខាភិបាល៖ ករណីជនជាតិថៃស្លាប់នៅកម្ពុជាដោយសារជំងឺគាំងបេះដូង

បានផុស

នៅ

ក្រសួងសុខាភិបាល ​និងមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបន្ទាយមានជ័យ ប្រកាសបដិសេធ និងច្រានចោលទាំងស្រុង ចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត អំពីករណីពាក់ព័ន្ធនឹងមរណភាពបុរសជនជាតិថៃ ឈ្មោះ METHACHAN YOSENG អាយុ ២៤ឆ្នាំ មកពីខេត្ត Nakhon Si Thammarat នៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការច្រានចោលនេះ បន្ទាប់ពីសារព័ត៌មានថៃ និងបណ្តាញសង្គមនានា បានលើកឡើងថា “ចុងភៅជនជាតិថៃបានស្លាប់ ក្រោយពីមន្ទីរពេទ្យក្នុងស្រុកមិនព្រមទទួលព្យាបាល” ដោយក្រសួងចាត់ទុកថា គឺជាព័ត៌មានមិនពិត។ តាមការពិនិត្យស្រាវជ្រាវជាក់ស្តែងរបស់អាជ្ញាធរមានសមត្ថកិច្ច និងតាមរយៈការធ្វើកោសល្យវិច័យ បុរសជនជាតិថៃនោះ បានស្លាប់ដោយសារគាំងបេះដូង ដោយមិនបានមកទទួលសេវាព្យាបាល ឬត្រូវបានបដិសេដដោយមន្ទីរពេទ្យក្នុងស្រុក មុនពេលទទួលមរណភាពឡើយ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានក្រសួងសុខាភិបាល។

ក្រសួងសង្កត់ធ្ងន់ថា ការផ្សព្វផ្សាយព័ត៌មានមិនពិតខាងលើធ្វើឱ្យប៉ះពាល់កិត្តិយស សេចក្តីថ្លៃថ្នូរបស់អ្នកវិជ្ជាជីវៈសុខា​ភិបាលកម្ពុជា និងបណ្តាលឱ្យមានការយល់ច្រឡំពីសាធារណជនជាតិ និងអន្តរជាតិ។ កន្លងមកមន្ត្រី បុគ្គលិក នៅគ្រប់មូលដ្ឋានសុខាភិបាល តែងតែងប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ក្នុងការជួយសង្គ្រោះអាយុជីវិត អ្នកជំងឺដោយគ្មានការរើសអើង ជាតិសាសន៍ សាសនា ឬនិន្នាការនយោបាយ ណាមួយឡើយ។ ក្រសួងសុខាភិបាលបាននិងកំពុងផ្តោតសំខាន់ក្នុងការបម្រើសេវាសុខាភិបាលឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ពោលគឺគ្មាននរណាម្នាក់ត្រូវបានទុកចោលដោយមិនបានទទួលសេវាថែទាំសុខភាពនោះឡើយ។

ទន្ទឹមនេះ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបន្ទាយមានជ័យ សូមធ្វើការបដិសេធ និងច្រាលចោល ទាំងស្រុង ចំពោះការចុះផ្សាយព័ត៌មានមិនពិត មានលក្ខណៈញុះញង់ឱ្យមានការរើសអើង ប្រកាន់ពូជសាសន៍ និងប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូររបស់ក្រុមគ្រូពេទ្យ ដែលកំពុងបម្រើការនៅតាមមន្ទីរពេទ្យក្នុងខេត្តបន្ទាយមានជ័យ តាមរយៈការចុះផ្សាយរបស់គណនីហ្វេសបុកឈ្មោះ “Khaosod English” ដែលបានលើកឡើងថា “ចុងភៅជនជាតិថៃបានស្លាប់ ក្រោយពីមន្ទីរពេទ្យក្នុងស្រុកមិនព្រម ទទួលព្យាបាល ”។

នៅក្នុងខ្លឹមសារគណនីហ្វេសបុកនេះ បានបញ្ជាក់ទៀតថា៖ “បុរសជនជាតិថៃអាយុ ២៤ឆ្នាំម្នាក់ មកពីខេត្ត Nakhon Si Thammarat បានស្លាប់នៅតាមផ្លូវក្នុងប្រទេសកម្ពុជា កាលពីល្ងាច ថ្ងៃអង្គារ បន្ទាប់ពីមន្ទីរពេទ្យក្នុងស្រុក បដិសេដមិនព្យាបាលគាត់ ដោយសារគាត់គ្មានលុយ ឬឯកសារ បញ្ជាក់អត្តសញ្ញាណ” នេះបើយោងតាមហ្វេសបុករបស់មជ្ឈមណ្ឌលសម្រាប់ជំនួយជនជាតិថៃនៅក្រៅប្រទេស។

ចំពោះករណីនេះ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត សូមធ្វើការបំភ្លឺជូនសាធារណៈជាតិ និងអន្តរជាតិ មេត្តាជ្រាបថា កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ១៤និង១០នាទីរសៀល សមត្ថកិច្ចជំនាញនៃការិយាល័យនគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ របស់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានអញ្ជើញគ្រូពេទ្យ មន្ទីរពេទ្យបង្អែកប៉ោយប៉ែត ចូលរួមធ្វើកោសល្យវិច័យលើសាកសពបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ (គ្មានឯកសារអ្វីជាប់នឹងខ្លួនទេ) ដែលតម្កល់នៅវត្តប្រជាធម្ម ស្ថិតនៅភូមិប្រជាធម្មកើត សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត។

តាមការបញ្ជាក់របស់សមត្ថកិច្ចជំនាញ សពនេះត្រូវបានប្រជាជនប្រទះឃើញ និងរាយការណ៍ជូនសមត្ថកិច្ចជំនាញដើម្បីចុះពិនិត្យ និងស្រាវជ្រាវដល់ទីតាំង បានបញ្ជាក់ថា៖ សព នេះដេកស្លាប់នៅមុខសំយ៉ាបអគារកម្ពស់ ៥ជាន់ ដែលទុកចោលមិនមានមនុស្សរស់នៅស្ថិតនៅភូមិ ក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចំណែកភិនភាគសពខាងលើមាន ស្លៀកខោខ្លីពណ៌ខ្មៅលាយក្រហម គ្មានពាក់អាវ ហើយក្រុមកោលសល្យវិច័យបានធ្វើការកំណត់មូលហេតុ ជាបឋម នៃការស្លាប់សង្ស័យ “ដោយសារជំងឺគាំងបេះដូង” ។

សមត្ថកិច្ចបានបញ្ជាក់ទៀតថា នៅម៉ោង២១និង១០នាទី ក្រុមការងារទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ ច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានទទួលព័ត៌មានពី ក្រុមការងារទំនាក់ទំនងព្រំដែនថៃ-កម្ពុជា ដោយផ្ញើរូបថត និងអត្តសញ្ញាណប័ណ្ណ ដើម្បីឱ្យភាគីកម្ពុជាជួយស្វែងរកជនជាតិថៃ ដែលបានបាត់ខ្លួន និងមានការរាយការណ៍ថាបានស្លាប់នៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ បន្ទាប់មកទៀត ទើបសមត្ថកិច្ចបានមកពិនិត្យ និងផ្ទៀងផ្ទាត់ ភិនភាគសពម្តងទៀត ទើបអាចកំណត់បានថា សពដែលបានស្លាប់នេះ ជាជនជាតិថៃ មាន ឈ្មោះ METHACHAN YOSENG ភេទប្រុស កើតថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០០១ កាន់អត្តសញ្ញាណប័ណ្ណថៃ លេខ ១៨០០២០០០៨៨១៧៤។ ចំពោះជនជាតិថៃរូបនេះ ចូលមកធ្វើការនៅព្រះរាជាណាចក្រកម្ពុជា មិនស្របច្បាប់ទេ។ សពត្រៀមនឹងធ្វើការបញ្ជូនទៅប្រទេសថៃវិញតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត តាមសំណើសុំរបស់ស្ថានអគ្គកុងស៊ុលថៃប្រចាំខេត្តសៀមរាប។

ដោយឡែក នៅមន្ទីរពេទ្យប៉ោយប៉ែត ក្រុមគ្រូពេទ្យមិនបានទទួល និងឃើញអ្នកជំងឺឈ្មោះ METHACHAN YOSENG មកទទួលការពិនិត្យព្យាបាលនៅក្នុងមន្ទីរពេទ្យឡើយ។ កន្លងមក ក៏ដូច បច្ចុប្បន្ន មន្ទីរពេទ្យមិនដែលបានបដិសេធក្នុងការទទួលការពិនិត្យ ព្យាបាល និងសង្គ្រោះអាយុជីវិត អ្នក ជំងឺណាម្នាក់ឡើយ ទោះបីអ្នកជំងឺនោះគ្មានថវិកាបង់ថ្លៃសេវា គឺមន្ទីរពេទ្យលើកលែងការបង់ថ្លៃ ការ ព្យាបាល (ដោយមិនគិតពីរបាំងហិរញ្ញវត្ថុ ការប្រកាន់ពូជសាសន៍ ពណ៌សម្បុរ សាសនា ឬនិន្នាការ នយោបាយឡើយ)។

ពិសេសតាមរយៈការចុះពិនិត្យ និងអង្កេត បានបញ្ជាក់យ៉ាងច្បាស់ថា សពឈ្មោះ METHACHAN YOSENG បានប្រទះឃើញដេកស្លាប់ នៅមុខសំយ៉ាបអគារទុកចោល គ្មានមនុស្សរស់នៅ ដោយមិនដឹង មូលហេតុច្បាស់លាស់ និងមិនបានបញ្ជូនមកមន្ទីរពេទ្យ ដើម្បីធ្វើការពិនិត្យ និងព្យាបាលឡើយ។ បើគិតចាប់តាំងពីខែមិថុនា ឆ្នាំ២០២៥ រហូតមកដល់បច្ចុប្បន្ន ដែលច្រកទ្វារព្រំដែនអន្តរជាតិ ព្រំដែនកម្ពុជា-ថៃ ត្រូវបានបិទដោយឯកតោភាគីរបស់ភាគីថៃ ខេត្តបន្ទាយមាន ជ័យបានទទួលពិនិត្យ និង ព្យាបាលអ្នកជំងឺជាជនជាតិថៃ សរុបចំនួន ៣១នាក់។

គ្រប់អ្នកជំងឺទាំងអស់ដែលមកទទួលសេវាពិនិត្យ ព្យាបាល និងសង្គ្រោះ នៅក្នុងមន្ទីរពេទ្យទទួលបាននូវការបម្រើសេវាដោយយកចិត្តទុកដាក់ប្រកបដោយស្នាមញញឹម រួមទាំងការមើលថែទាំ ងូតទឹក ប្តូរសម្លៀកបំពាក់ សេវាគាំទ្រផ្លូវចិត្ត និងការផ្តល់របបអាហារប្រចាំថ្ងៃ។ ក្នុងចំណោមអ្នកជំងឺជនជាតិបរទេស និងជនជាតិថៃដើម ភាគច្រើនដែលមកទទួលសេវា មិនមានសាច់ញាតិឬអ្នកកំដរជូនមកទេ ប៉ុន្តែមន្ទីរពេទ្យមានភារកិច្ចទទួលយកមកពិនិត្យ ព្យាបាលដោយគ្មានការរើសអើង ប្រកាន់ពូជសាសន៍ឡើយ។ ជាមួយគ្នានេះ អ្នកជំងឺក្រីក្រ ឬគ្មានលទ្ធភាពបង់ថ្លៃត្រូវបានការលើកលែងការបង់ថ្លៃសេវា។

សរុបសេចក្តីមក មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបន្ទាយមានជ័យ សូមធ្វើច្រានចោលទាំងស្រុងចំពោះការចុះផ្សាយព័ត៌មានមិនពិតនេះដែលមានលក្ខណៈញុះញង់ធ្វើឱ្យមានការ​រើសអើង ប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ក្នុងន័យធ្វើឱ្យមតិជាតិ និងអន្តរជាតិមានការយល់ច្រឡំអំពីការពិត នៃការបម្រើសេវារបស់ក្រុមគ្រូពេទ្យ ពិសេសធ្វើឱ្យប៉ះពាល់ដល់កិត្តិយស កេរ្តិ៍ឈ្មោះរបស់ក្រុមគ្រូពេទ្យនៃព្រះរាជាណាចក្រកម្ពុជា លើឆាកជាតិ និងអន្តរជាតិ ដែលកំពុងបំពេញភារកិច្ចបម្រើសេវាដោយបុរេសកម្ម ការយកចិត្តទុកដាក់ការទទួលខុសត្រូវ គោរពក្រមសីលធម៌វិជ្ជាជីវៈ និងមនុស្សធម៌ ។

ជាមួយគ្នានេះ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ស្នើឱ្យគណនីហ្វេសបុកឈ្មោះ “Khaosod English” ធ្វើការកែសម្រួលព័ត៌មាន និងលុបចោលនូវការផ្សាយព័ត៌មានមិនពិតនេះពីបណ្តាញសង្គម ដើម្បីចៀសវាងការយល់ច្រឡំពីមតិជាតិ និងអន្តរជាតិ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម