Connect with us

ព័ត៌មានជាតិ

ទំនេរពីស្រែចម្ការ ជនជាតិដើមភាគតិចព្រំដែនកម្ពុជា-វៀតណាម ប្រកបរបររែងមាសនៅតាមអូរ

បានផុស

នៅ

ខេត្តរតនគិរី៖ ទំនេរពីធ្វើស្រែចម្ការ សហគមន៍ជនជាតិដើមភាគតិចរស់នៅតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម ងាកទៅប្រកបរបររែងមាសដោយប្រើឧបករណ៍បុរាណ នៅតាមដងអូរ ដែលបានបន្សល់ទុកតាំងពីដូនតារបស់ខ្លួន ថ្វីដ្បិតតែការងារនេះ មានលក្ខណៈផ្សងព្រេងក៏ដោយ។ អ្នករស់នៅក្នុងភូមិប្រមាណ ១០០ នាក់ ក្រៅពីទំនេរធ្វើស្រែចម្ការ ពួកគេបាននាំគ្នាទៅរែងមាសនៅតាមអូរ ស្ទឹង ក្រោមកម្តៅថ្ងៃ ដើម្បី​រក​ប្រាក់​ផ្គត់ផ្គង់​គ្រួសារ​របស់​ពួក​គេ។ ដីអូរមានពណ៌ខ្មៅដែលអ្នកភូមិទៅជីកដីកកាយស្វែងរករ៉ែមាសនេះ ស្ថិតនៅភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកស្រី រស្មី កម្មករជីករ៉ែមាស ជាជនជាតិដើមភាគតិចចារ៉ាយ នៅភូមិប៉ក់ធំ បានប្រាប់កម្ពុជាថ្មីថា អ្នកស្រី និងស្វាមីបាននាំគ្នារែងមាសតាំងពីព្រឹកមកម្ល៉េះ ប៉ុន្តែរែងមាសបានចំនួនតិចតួចប៉ុណ្ណោះ។ អ្នកស្រី​បាន​ពន្យល់​ថា មូលហេតុ​ដែល​នាំស្វាមីទៅ​រែងមាស​គឺ​ដោយសារ​អ្នក​ភូមិ​ក្បែរ​ផ្ទះ​ធ្លាប់​រក​មាសបានសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ​។ អ្នកស្រីបន្តថា៖«ការងារនេះពិបាករកណាស់ ថ្ងៃខ្លះរកមិនដល់ ១ ហ៊ុនផង ហើយពេលខ្លះបានត្រឹម ៥ម៉ឺនរៀលប៉ុណ្ណោះ សម្រាប់ដោះស្រាយជីវភាពគ្រួសារ»។

អ្នកស្រី និងស្វាមី បានតស៊ូក្រោកតាំងពីព្រឹកព្រលឹម រួចរៀបចំបាយម្ហូប ដើម្បីចេញទៅរ៉ែងរកមាស រហូតដល់ព្រលប់។ ជាទម្លាប់បន្ទាប់ពីរែងមាសបានហើយ គឺយកទៅលក់ទៅឱ្យឈ្មួញដែលរង់ចាំទិញនៅឯផ្ទះ ក្នុងតម្លៃ ១ ហ៊ុន ១២ ម៉ឺនរៀល។

ចំណែកជនជាតិដើមភាគតិចម្នាក់ទៀតអ្នកស្រី ពូស សាង បានប្រាប់កម្ពុជាថ្មីថា គាត់មកជីករ៉ែមាសតែម្នាក់ឯង ដោយសារឃើញអ្នកភូមិមកច្រើន ទើបគាត់សម្រេចចិត្តសាកល្បងរ៉ែងមាសដែរ។ ដោយសារអ្នកស្រីមានបទពិសោធថ្មីថ្មោង ជួន​កាល​គាត់​មក​ជីក​មាស​២​ទៅ​៣​ថ្ងៃ​ រកបាន​ប្រាក់​តែ​១​ម៉ឺន​ទៅ​២​ម៉ឺន​រៀល​គ្រាន់​ទិញ​ម្ហូប​អាហារ។

ខេត្តរតនគិរី មិនត្រឹមតែសម្បូរទៅដោយវិស័យទេសចរណ៍ធម្មជាតិប៉ុណ្ណោះទេ ថែមទាំងសម្បូរទៅដោយធនធានដ៏មានតម្លៃដូចជាត្បូងពេជ្រ និងរ៉ែធម្មជាតិ។ ជាពិសេសតំបន់មួយចំនួនត្រូវបានគេស្គាល់ថាសម្រាប់ការជីកយករ៉ែមាស។ សម្រាប់​សហគមន៍​ជនជាតិ​ដើម​ភាគតិច ពេល​មាន​ការ​ខ្វះខាត និងទំនេរពីការធ្វើស្រែចម្ការ ពួកគេ​តែងតែ​ងាក​មក​ជីក​រក​មាស​ជា​មធ្យោបាយ​ចិញ្ចឹម​ជីវិត៕

អត្ថបទ៖ ខៀប ចាប

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម