Connect with us

ព័ត៌មានជាតិ

សម្តេច ម៉ែន សំអន គាំទ្រលើកទឹកចិត្តពលរដ្ឋ ពិសេសរាល់សកម្មភាពរបស់ស្ត្រី ដើម្បីចូលរួមលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ

បានផុស

នៅ

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ប្រធាន​សមាគមនារី​កម្ពុជា​ដើម្បី​អភិវឌ្ឍន៍ បាន​ថ្លែង​នូវ​ការ​គាំទ្រ លើកទឹកចិត្ត ដល់​ពលរដ្ឋ ពិសេស​រាល់​សកម្មភាព​របស់​ស្ត្រី ដើម្បី​ចូលរួម​លើក​កម្ពស់​ការ​ប្រើប្រាស់​ផលិតផល​ខ្មែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ​ថ្លែង​បែប​នេះ ក្នុងពេល​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះ​សំណាល​ជាមួយ​សមាគម​នារី​កម្ពុ​ជា​ដើម្បី​សន្តិភាព​ និង​អភិវឌ្ឍន៍​នៅ​ទូទាំង​ប្រទេស តាមរយៈ​ប្រព័ន្ធ ZOOM ដែលមាន​សមាសភាព​ចូលរួម​ចំនួន​ជាង ១ ពាន់​នាក់ នា​ព្រឹក​ថ្ងៃ​ពុធ ១ កើត ខែ​កត្តិក ឆ្នាំ​ម្សាញ់ សប្តស័ក ព​.​ស ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី ២២ ខែ​តុលា ឆ្នាំ ២០២៥។

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត បាន​នាំយក​ការ​ផ្ដាំផ្ញើ​សាកសួរ​សុខទុក្ខ និង​ការ​នឹករលឹក​ពី​សំណាក់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកិត្តិយស​សមាគម​នារី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍ ជូន​ដល់​សមាជិក-សមាជិកា​ទាំងអស់ ដែល​បាន​ចូលរួម​នា​ថ្ងៃនេះ។

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត បាន​ថ្លែង​នូវ​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ លោកជំទាវ លោកស្រី ជា​ថ្នាក់ដឹកនាំ​សមាគមនារី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍ និង​សាខា​សមាគមនារី​កម្ពុជា​ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍ រាជធានី​-​ខេត្ត ដែល​បាន​ខិតខំ​ប្រឹងប្រែង ពុំ​ខ្លាច​ពី​ការនឿយហត់ បំពេញ​ភារកិច្ច​របស់​ខ្លួន​រយៈពេល​ពេញ​កន្លងមក ដោយបាន​សហការ​យ៉ាង​ល្អ ដោយ​ស្មារតី ឆន្ទៈ ក្នុង​ការ​ចូលរួម​ការងារ​សង្គម ព្រមទាំង​ចូលរួម​ដោះស្រាយ​លើ​បញ្ហា​ប្រឈម រហូត​សម្រេចបាន​នូវ​សមិទ្ធផល​គួរ​ជាទី​មោទនៈ។

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត បានធ្វើការ​ផ្ដាំផ្ញើ​ដល់​នារី ក្រសួង ស្ថាប័ន រាជធានី ខេត្ត ត្រូវ​យកចិត្តទុក​ដាក់​អនុវត្ត​អនុវត្ត​នូវ​ទិសដៅ យុទ្ធសាស្ត្រ​របស់​ស្ថាប័ន​ដែល​បានដាក់​ចេញ អនុវត្ត​នូវ​ផែនការ​សកម្មភាព​រប​ស់​សមាគមនារី​កម្ពុជា​ដើម្បី​សន្តិភាព ​និង​អភិវឌ្ឍន៍​ ឱ្យបាន​ជោគជ័យ ត្រូវ​ពង្រឹង​សាមគ្គីភាព ឯកភាព ​និង​សហការ​ល្អ​ផ្ទៃក្នុង ​ក៏ដូចជា​មួយ​អ្នក​ពាក់ព័ន្ធ​ទាំងអស់ ពង្រឹង​រចនាសម្ព័ន្ធ​សមាគមនារី​ និង​ពង្រីក​សមាជិក សមាគម ​ឱ្យបាន​ច្រើន តាមរយៈ​ការ​រួម​សហការ​គ្នា បំពេញការងារ​ស្របតាម​លក្ខន្តិកៈ​របស់​សមាគម​នារី​កម្ពុជា​ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ដែល​បាន​កំណត់។

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត បាន​គាំទ្រ ជំរុញ និង​លើកទឹកចិត្ត​ដល់​ពលរដ្ឋ​ខ្មែរ​ទាំងអស់គ្នា ពិសេស រាល់​សកម្មភាព​របស់​ស្ត្រី ដើម្បី​ចូលរួម​លើកកម្ពស់​ការ​ប្រើប្រាស់​ផលិតផល​ខ្មែរ​ដែល​ជា​ផលិតផល​ក្នុង​ស្រុក បញ្ឈប់​ការ​ប្រើប្រាស់​ទំនិញ​ថៃ ដើម្បី​ស្ថិរភាព និង​វឌ្ឍនភាព​ នៃ​សេដ្ឋកិច្ច​កម្ពុជា ប្រកប​ដោយ​និរន្តរភាព​ផង និង​ជា​ការ​ប្រុងប្រយ័ត្ន​ចំពោះ​ទង្វើ​អគតិ​ដោយ​ការ​ប្រើប្រាស់​សារជាតិ​បំផ្លាញ​សុខភាព​តែម្ដង៕

អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម