Connect with us

ព័ត៌មានជាតិ

គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភានឹងពិនិត្យលើសេចក្ដីព្រាងច្បាប់ចំនួន៥ ដើម្បីដាក់ក្នុងរបៀបវារៈសម័យប្រជុំពេញអង្គ

បានផុស

នៅ

នៅព្រឹកថ្ងៃសុក្រ ទី២៤ ខែតុលា ឆ្នាំ២០២៥ ស្អែកនេះ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នឹងបើកកិច្ចប្រជុំរបស់ខ្លួន ដើម្បីពិនិត្យ និងសម្រេចលើសំណើសុំដាក់សេចក្ដីព្រាងច្បាប់ចំនួន៥ ទៅក្នុងរបៀបវារៈសម័យប្រជុំពេញអង្គព្រឹទ្ធសភា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយការអនុម័តពីរដ្ឋសភាជាតិ សេចក្តីព្រាងច្បាប់ចំនួន៥ ដែលពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម បច្ចេកវិទ្យា សុវត្ថិភាពអាហារ និងយុត្តិធម៌ ត្រូវបានបន្តបញ្ជូនមកកាន់ស្ថាប័នព្រឹទ្ធសភា ដើម្បីសុំការពិនិត្យហើយឱ្យយោបល់ពីអង្គព្រឹទ្ធសភា។

សេចក្ដីព្រាងច្បាប់ទាំង៥នេះ គឺរួមមាន៖ ១) សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីក្របខណ្ឌបទប្បញ្ញត្តិសុវត្ថិភាពម្ហូបអាហារអាស៊ាន។ ២) សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារធ្វើវិសោធកម្មកិច្ចព្រមព្រៀងអាស៊ានស្តីពីបម្លាស់រូបវន្តបុគ្គល។ ៣) សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទីមួយធ្វើវិសោធកម្មកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុងនៃសាធារណរដ្ឋប្រជាមានិតចិន។ ៤) សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទីពីរធ្វើវិសោធកម្មកិច្ចព្រមព្រៀងបង្កើតតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី-នូវែលសេឡង់។ និង៥) សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើអនុសញ្ញាស្តីពីការបង្កើតអង្គការអន្តរជាតិសម្រាប់សន្ធានកម្ម។

បើតាមសេចក្ដីប្រកាសព័ត៌មានរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នៅថ្ងៃស្អែក ក៏នឹងកំណត់កាលបរិច្ឆេទ និងរបៀបវារៈបន្តសម័យប្រជុំលើកទី៤ ព្រឹទ្ធសភា នីតិកាលទី៥ ផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម