Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តកោះកុង ប្រាប់ដល់អភិបាលថ្មីស្រុកកោះកុង ប្រឹងប្រែងដោះស្រាយបញ្ហាវិវាទដីធ្លី

បានផុស

នៅ

លោកស្រី​អភិបាល​ខេត្ត​កោះកុង បាន​ប្រាប់​ដល់​លោក​អភិបាល​ថ្មី​ស្រុក​កោះកុង ធ្វើយ៉ាងណា​ប្រឹងប្រែង​សម្របសម្រួល​ដោះស្រាយ​បញ្ហា​វិវាទ​ដីធ្លី​ឱ្យបាន​ល្អប្រសើរ ពិសេស​នៅក្នុង​មូលដ្ឋាន​ឃុំ​ជ្រោយ​ប្រស់​ ដែលមាន​វិវាទ​ច្រើន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វិវាទ​ដីធ្លី​តែង​កើតមាន​ក្នុង​មូលដ្ឋាន​នីមួយៗ ដូច្នេះ​សូម​លោក​អភិបាល​ថ្មី​ស្រុក​កោះកុង​ចាប់អារម្មណ៍​យកចិត្តទុកដាក់​ខ្ពស់​សម្របសម្រួល​ដោះស្រាយ​ឱ្យបាន​ទាន់ពេលវេលា ចៀសវាង​បញ្ហា​នេះ​បន្ត​នៅ​រ៉ាំរ៉ៃ​នាំ​ពិបាក​ដោះស្រាយ​ទៅ​អនាគត។ នេះ​ជា​ការ​បញ្ជាក់​របស់​លោកស្រី ឈី វ៉ា អភិបាល​ខេត្ត​កោះកុង ថ្លែង​ក្នុង​ពិធី​ប្រកាស​តែងតាំង​លោក សុវណ្ណ ប៊ុនធឿន ជា​អភិបាល​ថ្មី​ស្រុក​កោះកុង ជំនួស​លោក ជា សូវី អតីត​អភិបាលស្រុក។

លោកស្រី​អភិបាលខេត្ត បាន​រំលេច​នៅ​ថ្ងៃទី​ ២៣ ខែតុលា ទៀតថា ប្រជាពលរដ្ឋ​ឃុំ​ជ្រោយ​ប្រស់ បាន​ដាក់​ពាក្យបណ្ដឹង​ជាច្រើន​លើ​ទំនាស់​ដីធ្លី ពិសេស​នៅ​តំបន់​អភិវឌ្ឍន៍​វិស្សមកាល​ក្រសួង​ការពារ​ជាតិ។

លោកស្រី​អភិបាលខេត្ត បាន​បញ្ជា​ដល់​លោក​អភិបាលស្រុក​កោះកុង បង្កើន​ការតាមដាន​ទប់ស្កាត់​ការ​រុករាន​ទន្ទ្រាន​ដីធ្លី​រដ្ឋ​ខុសច្បាប់​ធ្វើជា​សិទ្ធិ​ឯកជន​។ ជាក់ស្តែង​នៅ​ឃុំ​តា​តៃ​ក្រោម ឃុំ​ត្រពាំងរូង និង​ឃុំ​ជ្រោយ​ប្រស់​។ បន្ថែមនោះ បន្ត​បែងចែក​ដី​សម្បទាន​សង្គម​កិច្ច​ជូន​អតីត​យុទ្ធជន​ឱ្យ​បាន​ឆាប់​រហ័ស តប​នឹង​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា។

លោកស្រី ឈី វ៉ា ណែនាំ​ដល់​មន្ត្រី​ពាក់ព័ន្ធ​ក្នុងស្រុក តាមដាន​ពិនិត្យ​គ្រប់គ្រង​ស្ថានការណ៍​ក្នុង​មូលដ្ឋាន ចាំបាច់​តាមដាន​ក្ដោបក្ដាប់​បាន​ទាន់​ពេលវេលា ជៀសវាង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ប្រាកដ​ដែលនាំឱ្យ​ចលាចល​ក្នុងសង្គម ដូចជា​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​ជម្លោះ​បញ្ហា​ព្រំដែន​រវាង​កម្ពុជា និង​ថៃ ជា​ដើម។

លោក សុវណ្ណ ប៊ុនធឿន ដែល​ជា​អភិបាល​ថ្មី​ស្រុក​កោះកុង បាន​ប្ដេជ្ញា​ចិត្ត​ថា លោក​នឹង​ប្រឹងប្រែង​ឱ្យ​អស់​ពី​កម្លាំងកាយ​ចិត្ត និង​បទពិសោធ​ការងារ​មក​បម្រើ​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ឱ្យ​បាន​ឆាប់​រហ័ស។ ការពារ​ថែរក្សា​សុខ​សន្តិភាព​ដែល​កំពុងមាន​បច្ចុប្បន្ន​ឱ្យបាន​ល្អប្រសើរ និង​បង្កើន​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​មូលដ្ឋាន​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត។

លោក​អភិបាល​ស្រុក​កោះកុង អះអាង​ថា នឹង​គោរព​តាមច្បាប់​បទដ្ឋាន​គតិយុត្តិ​នានា​ដែល​រាជរដ្ឋាភិបាល​ប្រគល់ជូន​នៅពេលនេះ​។ ខិតខំ​សម្របសម្រួល​ទប់ស្កាត់ និង​ដោះស្រាយ​បញ្ហា​ទំនាស់​ដីធ្លី​មក​ទាប​បំផុត​។ ជាក់ស្តែង​ទុក្ខលំបាក​ផ្សេងៗ​ របស់​ពលរដ្ឋ​ នឹង​ត្រូវ​ដោះស្រាយ​បំពេញ​បន្ថែម។

ចំណែក​ឯ​ លោក ជា សូវី អតីត​អភិបាលស្រុក​កោះកុង ថ្លែងថា ក្នុង​រយៈពេល​អាណត្តិ​រប​ស់លោក លោក​បម្រើសេវា​សាធារណៈ​នៅ​ច្រកចេញចូល​តែមួយ​ស្រុក​ជាង ​១​ ម៉ឺន​ច្បាប់ កសាង​ផ្លូវ​បេតុង ផ្លូវ​លំ និង​លូ​រំដោះ​ទឹកបាន​ចំនួន​ ៨​ គម្រោង​ធំៗ ស្មើនឹង​ប្រវែង ​១​ ម៉ឺន​ ៣ ​ពាន់​ម៉ែត្រ​។ ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ​បាន​ ១៦៤​ ករណី​។ ចុះបញ្ជី​ទោចក្រយានយន្ត ត្រីចក្រយានយន្ត​ បាន ​១៩ ​ស្លាក​លេខ។

ក្រៅពីនេះ​ លោក ជា សូវី បាន​បំពេញការងារ​ស្នូល​ច្រើន​ទៀត​ទាំង​ផ្នែក​សង្គមកិច្ច បរិស្ថាន និង​ទេសចរណ៍ ក្នុង​ន័យ​លើកកម្ពស់​ជីវភាព​សេដ្ឋកិច្ច​ក្នុង​មូលដ្ឋាន ដោយ​ធ្វើយ៉ាងណា​សំដៅ​កាត់បន្ថយ​ភាព​ក្រីក្រ និង​ការ​អភិវឌ្ឍ​ឥត​ឈប់ឈរ។ ទោះយ៉ាងណា​ក៏មាន​ចំណុច​ប្រឈម​ផងដែរ គឺ​ស្រុក​ខ្វះខាត​ដី​ធ្វើ​ទីលាន​ចាក់សំរាម កង្វះ​ទឹក​ស្អាត​ប្រើប្រាស់ និង​ការ​វាស់វែង​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​រួចរាល់​ហើយ ប៉ុន្តែ​មិនទាន់​ចេញ​បណ្ណ​កម្មសិទ្ធិ៕

អត្ថបទ ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម