ព័ត៌មានជាតិ
សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ រៀបចំពិព័រណ៍ ស្តីពីការផលិត និងប្រើប្រាស់កុលាលភាជន៍នៅតំបន់អង្គរ
សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ សហការជាមួយនាយកដ្ឋានស្រាវជ្រាវបណ្តុះបណ្តាល និងផ្សព្វផ្សាយ នៃអាជ្ញាធរជាតិអប្សរា បានរៀបចំពិព័រណ៍មិនអចិន្ត្រៃយ៍មួយស្តីពី៖ ការផលិតនិងប្រើប្រាស់កុលាលភាជន៍នៅតំបន់អង្គរ ដល់សាធារណជនបានទស្សនា និងសិក្សាស្រាវជ្រាវ មានរយៈពេល២ខែ ចាប់តាំងថ្ងៃទី២៣ ខែតុលា រហូតដល់ចុងខែធ្នូ ឆ្នាំ២០២៥។ នេះ បើតាមការផ្សាយរបស់ផេកអាជ្ញាធរជាតិអប្សរា ថ្ងៃទី២៤ ខែតុលា។

បើតាមប្រភពដដែល លោក ឆាយ រចនា ប្រធានការិយាល័យសិក្សាកុលាលភាជន៍អង្គរ នៃនាយកដ្ឋានស្រាវជ្រាវបណ្តុះបណ្តាល និងផ្សព្វផ្សាយ បានឱ្យដឹងថា កុលាលភាជន៍ប្រមាណ ២០ប្រភេទ ដែលផលិតនាសម័យអង្គរ ជាពិសេសនៅចុងសតវត្សរ៍ទី៩ រហូតដល់សតវត្សរ៍ទី១៤ ជាប្រភេទកុលាលភាជន៍ រួមមាន៖ ក្រឡ ផើង ក្អម ដន្លាប់ ចាន ពែង ខួច និងការផលិតក្បឿងជាដើម ដែលមនុស្សសម័យបុរាណតែងប្រើប្រាស់ប្រចាំថ្ងៃដោយកុលាលភាជន៍ទាំងនោះ ភាគច្រើនមានប្រភពមកពីស្ថានីយ៍ផលិតភាជន៍ថ្នល់ម្រេចភ្នំគូលែន និងស្ថានីយ៍ផលិតភាជន៍សសី។
លោកបន្តថា ពិព័រណ៍មិនអចិន្ត្រៃយ៍នេះ មានគោលបំណងចង់ឱ្យសាធារណជន បានយល់ដឹងពីឧស្សាហកម្មកុលាលភាជន៍នៅក្នុងសង្គមខ្មែរ មានការរីកចម្រើនខ្លាំង។ បើទោះបីសម័យអង្គរ មានទំនាក់ទំនងជាមួយអន្តរជាតិយ៉ាងណាក៏ដោយ ក៏បុព្វបុរសខ្មែរនៅតែផលិតសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ មិនពឹងផ្អែកលើការនាំចូលឡើយ។ ទាំងនេះបង្ហាញថានៅក្នុងអរិយធម៌ខ្មែរនាសម័យបុរាណកុលាលភាជន៍ក្រៅពីប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃនៅក្នុងព្រះបរមរាជវាំងរហូតដល់ប្រជាពលរដ្ឋធម្មតាប៉ុណ្ណោះទេ សូម្បីកិច្ចពិធីគោរពបូជាផ្សេងៗ ឬសម្រាប់រក្សាទុកអធិធាតុរបស់បុព្វការីជនជាដើម។

ជាមួយគ្នានេះ លោកស្រី ឌី ដារី មន្ត្រីផ្នែករដ្ឋបាលរបស់សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ បញ្ជាក់ថា ពិព័រណ៍មិនអចិន្ត្រៃយ៍ រយៈពេល២ខែ ចាប់ផ្តើមថ្ងៃទី២៣ ខែតុលា រហូតដល់ចុងខែធ្នូ ឆ្នាំ២០២៥ បានតាំងបង្ហាញក្នុងសាលជាន់ទី១របស់សារមន្ទីរ។ អ្នកទេសចរ អាចដើរទស្សនាពិព័រណ៍ធំៗ ជាពិព័រណ៍អចិន្ត្រៃយ៍ ពិព័រណ៍មិនអចិន្ត្រៃយ៍ និងវត្ថុបុរាណរាប់រយប្រភេទទៀត ដែលបានអភិរក្ស ថែរក្សាទុកនៅក្នុងសារមន្ទីរ។ បន្ថែមពីនេះ ក៏មានមគ្គុទ្ទេសក៍ទេសចរណ៍ របស់សារមន្ទីរធ្វើបទបង្ហាញជូនតាមសាលពិព័រណ៍នីមួយៗផងដែរ។
លោកស្រី ឌី ដារី បានអំពាវនាវសាធារណជន និងភ្ញៀវទេសចរសូមអញ្ជើញមកទស្សនា និងស្វែងយល់បន្ថែមពីសម្បត្តិបេតិកភណ្ឌនាសម័យបុរេប្រវត្តិ សម័យអង្គរ និងក្រោយសម័យអង្គរ ដែលរួមមាន៖ទាំងវត្ថុសិល្បៈ និងពិព័រណ៍កុលាលភាជន៍ នៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ។

សូមជម្រាបថា សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ មានទីតាំងក្នុងភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប។ សារមន្ទីរបើកឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលទស្សនាចាប់ពីថ្ងៃអង្គារ ដល់ថ្ងៃអាទិត្យ វេលាម៉ោង៨:៣០នាទីព្រឹក ដល់ម៉ោង ៤:៣០ល្ងាច៕




-
កីឡា៦ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៦ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
សន្តិសុខសង្គម៧ ម៉ោង agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
សន្តិសុខសង្គម១ សប្តាហ៍ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់


