Connect with us

ព័ត៌មានជាតិ

បណ្ឌិត គិន ភា៖ ការដោះលែងកងទ័ពកម្ពុជា១៨រូប ជាសូចនាករវាស់វែងពីសុចរិតភាពថៃក្នុងការអនុវត្តកិច្ចព្រៀមព្រៀងសន្តិភាព

បានផុស

នៅ

ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត គិន ភា បានចង្អុលបង្ហាញថា ការដោះលែងជាបន្ទាន់នូវវីរកងទ័ពខ្មែរទាំង១៨រូបដែលត្រូវទាហានថៃចាប់ខ្លួនជាចំណាប់ខ្មាំងកាលពីថ្ងៃទី២៩ ខែកក្កដា កន្លងទៅ ជាសូចនាករវាស់វែងពីសុឆន្ទៈ ការប្តេជ្ញាចិត្ត និងសុចរិតភាពរបស់ភាគីថៃក្នុងការអនុវត្តកិច្ចព្រៀមព្រៀងសន្តិភាព (Kula Lumpua Peace Deal) ដែលមានសហរដ្ឋអាម៉េរិកជាអ្នកបោះមេ។ ការចង្អុលបង្ហាញរបស់លោកបណ្ឌិត គិន ភា​ នេះ គឺបន្ទាប់ពីភាគីថៃមិនទាន់ដោះលែងកងទ័ពកម្ពុជាមកវិញតាមកិច្ចព្រមព្រៀងសន្តិភាព និងបន្ទាប់ពីអាម៉េរិក បានប្រកាសពីជំហរចង់ថៃធ្វើការជាមួយកម្ពុជាដោះលែងពួកគេឱ្យបានលឿនបំផុត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅលើហ្វេសប៊ុកនៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥នេះ លោកបណ្ឌិត គិន ភា បានអះអាងថា៖ «បើភាគីថៃនៅតែមិនដោះលែងវីរកងទ័ពខ្មែរយើងទាំង១៨រូបនោះមកវិញទេ មានន័យថា ពួកគេគ្មានសុឆន្ទៈ ការប្តេជ្ញាចិត្ត និងសុចរិតភាពក្នុងការអនុវត្តកិច្ចព្រៀមព្រៀងសន្តិភាពទេ។ ភ្លាមៗបន្ទាប់ពីចុះហត្ថលេខាលើកិច្ចព្រមព្រៀង ខ្មែរយើងបានដកអាវុធធុនធ្ងន់ចេញពីព្រំដែនទាំងយប់តែម្តង តែភាគីថៃនៅមិនទាន់ធ្វើដូចគ្នានេះនៅឡើយ»។

ចាប់តាំងពីកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ត្រូវបានចុះហត្ថលេខាក្រោមការធ្វើជាសាក្សីពីលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក និងនាយករដ្ឋមន្រ្តីម៉ាឡេស៊ីនៅថ្ងៃទី២៦ ខែតុលា រហូតមកដល់ពេលនេះ គឺកងទ័ពកម្ពុជាទាំង១៨រូប មិនត្រូវបានដោះលែងភ្លាមៗដូចដែលបានចែងនៅក្នុងកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃនោះទេ។ ក្នុង​កិច្ច​ព្រមព្រៀង​សន្ដិភាព​កម្ពុជា-ថៃ ត្រង់ចំណុច​ទី​៥​បាន​បញ្ជាក់​ថា ដើម្បីបង្ហាញ​ពី​បំណង​ប្រាថ្នា​របស់ប្រទេស​ថៃ​ក្នុង​ការ​លើក​កម្ពស់​ទំនុកចិត្ត និង​ការ​ជឿ​ទុក​ចិត្ត​គ្នា​ទៅវិញទៅមក ប្រទេស​ថៃ​នឹង​ដោះលែង​ឈ្លើយ​សឹក​ដោយ​គ្មាន​បង្អែ​បង្អង់។

បន្ថែមពីលើនេះ នៅក្នុងពិធីចុះកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃនៅ​ថ្ងៃទី​២៦ ខែ​តុលា ​​នៅ​ទី​ក្រុង​កូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី នៅចំពោះ​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី និងនាយករដ្ឋមន្រ្តីកម្ពុជា លោក អានុទីន ចាន់វីរៈគល់​ នាយករដ្ឋមន្រ្តីថៃ ក៏បាន​ថ្លែងថា ​ក្រោយ​ចុះ​ហត្ថលេខា​កិច្ចព្រមព្រៀងនេះ ភាគី​ថៃ​នឹង​ចាប់​ផ្ដើម​ដំណើរ​ការ​នៃ​ការ​ដោះលែង​ទាហាន​កម្ពុជា​ទាំង​១៨រូបមក​ឱ្យ​កម្ពុជា​វិញ​។

ចំពោះបញ្ហាកងទ័ពកម្ពុជាទាំង១៨រូបនេះ មន្ត្រី​ជាន់ខ្ពស់​ក្រសួងការបរទេស​អាម៉េរិក​បាន​ប្រាប់​ភ្នាក់ងារ​សារព័ត៌មាន​អង់គ្លេស​ Reuters ដោយ​សង្ឃឹម​ថា ​ថៃ​នឹង​ធ្វើ​ការ​ជាមួយ​កម្ពុជា​លើ​ការ​ដោះលែង​ទាហាន​កម្ពុជា​ទាំង​១៨​រូប​​មក​កម្ពុជា​វិញ​។ មន្ត្រី​ជាន់​ខ្ពស់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះរូបនេះ​ បានប្រាប់​ Reuters ថា៖ «ការ​រំពឹង​ទុក​របស់​យើង​ គឺ​ថា​ដំណើរការ​នេះទាក់ទង​ទៅ​នឹង​ការ​ប្តេជ្ញាចិត្ត​ទាំងអស់ ចាប់​ផ្តើម​ភ្លាមៗ​នៅ​ពេល​ដែល​ពួកគេ​ត្រូវ​បាន​ចុះ​ហត្ថលេខា»។

គិតមកដល់ថ្ងៃទី២៨ ខែតុលានេះ គឺជាថ្ងៃទី៩១ហើយដែលវីរកងទ័ពកម្ពុជាចំនួន១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ។ កម្ពុជា អំពាវនាវឱ្យភាគីថៃដោះលែងពួកគាត់ត្រឡប់មកវិញឱ្យបានឆាប់រហ័សជាទីបំផុត ដើម្បីឱ្យពួកគាត់អាចវិលត្រឡប់មកជួបជុំក្រុមគ្រួសាររបស់ពួកគាត់ និងប្រកបដោយសុខសុវត្ថិភាព ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម