ព័ត៌មានជាតិ
សម្តេច ម៉ែន សំអន ៖ ព្រះពុទ្ធសាសនា បានផ្តល់នូវមេរៀនដ៏មានតម្លៃ ដើម្បីចូលរួមកសាងសុខសន្តិភាព និងការអភិវឌ្ឍ
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានថ្លែងថា ព្រះពុទ្ធសាសនា បានផ្តល់នូវមេរៀនដ៏មានតម្លៃដើម្បីចូលរួមកសាងសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិផងដែរ។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងបែបនេះក្នុងពេលអញ្ជើញជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំកំពូលព្រះពុទ្ធសាសនា កម្ពុជា ឡាវ វៀតណាម លើកទី ៣ ក្រោមប្រធានបទ “សុខដុមនីយកម្មព្រះពុទ្ធសាសនា ដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព” ដែលបានរៀបចំឡើងនៅ សណ្ឋាគារកាំបូឌីយ៉ាណា កាលពីព្រឹកថ្ងៃអង្គារ ៧ កើត ខែកត្តិក ឆ្នាំម្សាញ់ សប្ដស័ក ព.ស ២៥៦៩ ថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៥។

លោកបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា លើកឡើងថា កិច្ចប្រជុំកំពូលព្រះពុទ្ធសាសនាលើកទី ៣ ត្រូវបានរៀបចំឡើងដោយមានថ្នាក់ដឹកនាំ នៃប្រទេសកម្ពុជា ឡាវ វៀតណាម ដោយបានធ្វើការវាយតម្លៃខ្ពស់ និងសម្តែងការអបអរសាទរចំពោះការរីកចម្រើនឥតឈប់ឈរ នៃចំណងសាមគ្គីភាព មិត្តភាពជាប្រពៃណី ទំនាក់ទំនងជាប្រវត្តិសាស្ត្រ និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធលើគ្រប់វិស័យ រួមមាន នយោបាយ សន្តិសុខ ការពារជាតិ ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម សាសនា វប្បធម៌ អប់រំ និងទេសចរណ៍។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានថ្លែងកោតសរសើរដល់ លោកបណ្ឌិត ចាយ បូរិន ថ្លែងអំណរព្រះគុណ សម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ សម្តេចព្រះសង្ឃនាយក និងសូមកោតសរសើរវាយតម្លៃខ្ពស់ចំពោះក្រសួងធម្មការ និងសាសនា ដែលបានសហការចាត់ចែងរៀបចំកិច្ចប្រជុំកំពូលនេះឡើង ក្នុងគោលបំណងចែករំលែកអំពីតួនាទីព្រះពុទ្ធសាសនា នៃប្រទេសទាំង ៣ កម្ពុជា ឡាវ និង វៀតណាម ដើម្បីចូលរួមចំណែកកសាងអភិវឌ្ឍន៍ប្រទេសទាំងក្នុងវិស័យនយោបាយ សេដ្ឋកិច្ច សង្គមវប្បធម៌ និងសាសនា ជាពិសេសការចូលរួមកសាងមូលធនមនុស្ស។ ជាងនេះទៅទៀត កិច្ចប្រជុំកំពូលព្រះពុទ្ធសាសនា គឺជាកាលានុវត្តភាពមួយ បង្កើនការយល់ដឹងពីគុណតម្លៃស្នូល និងគោលការណ៍របស់ព្រះពុទ្ធសាសនា ក្នុងការចូលរួមថែរក្សាសុខុមាលភាពសង្គម មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អ តាមរយៈការបង្ហាញ និងលើកកម្ពស់គោលការណ៍អហិង្សា។

សម្តេចកិត្តិសង្គហបណ្ឌិត បន្តទៀតថា សាសនា ជាប្រភពផ្ដល់គុណតម្លៃដឹកនាំខាងស្មារតី ឱវាទជួយដល់អ្នកប្រតិបត្តិ។ មិនត្រឹមតែប៉ុណ្ណោះ តួនាទីរបស់ព្រះពុទ្ធសាសនា បានផ្តល់នូវមេរៀនដ៏មានតម្លៃជាច្រើនចូលរួមកសាងនូវសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។ នៅក្នុងប្រទេសកម្ពុជា ព្រះពុទ្ធសាសនាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការព្យាបាលរបួសផ្លូវចិត្តរ៉ាំរ៉ៃពីអតីតកាល។ ចំណែកឯព្រះសង្ឃ បានចូលរួមចំណែកស្តារឡើងវិញនូវអត្តសញ្ញាណជាតិ និងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សះផ្សាជាតិ បង្រួបបង្រួមជាតិ តាមរយៈទ្រឹស្ដីព្រះពុទ្ធសាសនា មានធម៌អហិង្សា សាមគ្គីធម៌ និងព្រហ្មវិហារធម៌ជាដើមផងដែរ៕
អត្ថបទ ៖ វិមាន




-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


