Connect with us

ព័ត៌មានជាតិ

លោក ហួត ហាក់ ផ្តាំនិស្សិតខ្មែរសិក្សានៅអង់គ្លេសធ្វើជាតំណាងផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា

បានផុស

នៅ

រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ហួត ហាក់ បានជំរុញ និងលើកទឹកចិត្តដល់និស្សិតខ្មែរដែលកំពុងសិក្សានៅចងក្រភពអង់គ្លេស ធ្វើជាតំណាងទេសចរណ៍ផ្សព្វផ្សាយទៅកាន់មិត្តភ័ក្តិបរទេសឱ្យកាន់តែទូលំទូលាយដើម្បីឱ្យមកពួកគេមកទស្សនាកម្ពុជា ព្រមទាំងចូលរួមប្រឆាំង និងទប់ស្តាត់ព័ត៌មានក្លែងក្លាយ ដែលជះឥទ្ធិពលអវិជ្ជមានដល់កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការជំរុញនេះ ធ្វើឡើងនា​ឱកាស រដ្ឋមន្រ្តីក្រសួងទេសចរណ៍លោក ហួត ហាក់ បានជួបសំណេះសំណាលជាមួយសហគមន៍ខ្មែរ និងនិស្សិតដែលរស់នៅ និងសិក្សាក្នុងចក្រភពអង់គ្លេស។ ពិធីសំណេះសំណាលនេះ រៀបចំដោយ ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំចក្រភពអង់គ្លេស លោកស្រី ទួត បញ្ញា នាឱកាសប្រារព្វ ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៧២ នៃទិវាឯករាជ្យជាតិកម្ពុជា (ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ ១៩៥៣ – ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៥) នៅស្ថានទូតកម្ពុជា នៅទីក្រុងឡុងដ៍។

នាឱកាសនោះ លោក ហួត ហាក់ ក៏បានផ្ដាំដល់បងប្អូន និងសិស្ស និស្សិតកម្ពុជា ឱ្យធ្វើជាតំណាងទេសចរណ៍កម្ពុជា (Brand Ambassador) ជួយផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ដល់មិត្តភក្តិបរទេស និងប្រជាជនអង់គ្លេសឱ្យបានទូលំទូលាយ និងលើកទឹកចិត្តឱ្យគេមកទស្សនាប្រទេសកម្ពុជាថែមទៀត។ លោករដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ពីតម្លៃមិនអាចកាត់ថ្លៃបាននៃកត្តាសុខសន្តិភាព ឯករាជ្យ និងសាមគ្គីភាពរួមជាធ្លុងមួយរបស់ប្រជាជនកម្ពុជានាគ្រប់សម័យកាល និងបានចែករំលែកពីប្រវត្តិសង្គ្រាមនៅកម្ពុជា និងដំណើរស្វែងរកសន្តិភាពពេញលេញ ក៏ដូចជាកិច្ចខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមលើគ្រប់វិស័យរហូតដល់សព្វថ្ងៃ។

ការជំរុញនេះ ស្របដែលកម្ពុជាដាក់ផែនការទាក់ទាញភ្ញៀវទេសចរអន្តរជាតិឱ្យមកទស្សនាកាន់តែច្រើន និងបានសាងសង់អាកាសយានដ្ឋានអន្តរជាតិកម្រិតពិភពលោក ដើម្បីស្វាគមន៍យន្តហោះចុះចតគ្រប់ប្រភេទ។ សូមជម្រាបថា លោករដ្ឋមន្រ្តីទេសចរណ៍បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ និងក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) ចូលរួមពិព័រណ៍ទេសចរណ៍ពិភពលោក នៅទីក្រុងឡុងដ៏ ចក្រភពអង់គ្លេស និងបានឆ្លៀតឱកាសជួបសំណេះសំណាលជាមួយ សហគមន៍ខ្មែរ និងនិស្សិតដែលរស់នៅ និងសិក្សានៅទីនោះ។

ក្នុងរយៈពេល ៩ ខែ (មករា-កញ្ញា) ឆ្នាំ ២០២៥ កម្ពុជា​បាន​ស្វាគមន៍​ភ្ញៀវ​ទេសចរ​អន្តរ​ជាតិ​ប្រមា​ណ ៤,៣ លាននាក់ ដែលចំនួននេះបានធ្លាក់ចុះ ៨,៨% ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២៤។ ​យោង​តាម​ក្រសួងទេសចរណ៍​ ក្នុង​ចំណោម​ភ្ញៀវទេសចរ​អន្តរជាតិជាង​ ៤,៣ លាន​​នាក់ ​ទេសចរណ៍​ថៃឈរ​នៅ​លំដាប់​លេខរៀងទី១ ចំនួន​ជាង​ ៩៧ ម៉ឺននាក់ ធ្លាក់ចុះ ​៣៥,៩% វៀតណាមជាង ៩០ ម៉ឺននាក់ ធ្លាក់ចុះ ​ជិត ៧% ចិន ៨៨ ម៉ឺន​នាក់ កើន ៤៦,៣% ​អាមេរិកជាង ១៤ ម៉ឺននាក់ ​ធ្លាក់ចុះ ១,៦% ​កូរ៉េជាង ​១២ ម៉ឺននាក់ ​ធ្លាក់ចុះជិត ​១០,៨%។ ការធ្លាក់ចុះនេះ ដោយសារកត្តាសេដ្ឋកិច្ចសាកលធ្លាក់ចុះដែលជាផ្នែកមួយជះឥទ្ធិពលដល់កំណើនភ្ញៀវទេសចរ ក្នុងការកាត់បន្ថយ​ការធ្វើ​ដំណើរ​ផ្លូវឆ្ងាយ កត្តាជំងឺឆ្លង គ្រោះធម្មជាតិ និងសង្គ្រាមជាដើម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម