ព័ត៌មានជាតិ
ពិព័រណ៍សៀវភៅកម្ពុជា លើកទី១២ មានគោលបំណងសំខាន់ ៥ ដើម្បីលើកកម្ពស់ការអាន
ពិព័រណ៍សៀវភៅកម្ពុជា លើកទី១២ ឆ្នាំ២០២៥ បានត្រឡប់មកវិញហើយ ដោយនឹងរៀបចំរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ទី១៤ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខ ក្រោមប្រធានបទ “សៀវភៅជាជំនួយបញ្ញា ជាអាហារគំនិត” ដើម្បីលើកកម្ពស់ការអាននៅកម្ពុជាឱ្យកាន់តែប្រសើរ។

នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា លោក គឹម ពីនន់ អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីដំណើរការនៃការរៀបចំពិព័រណ៍សៀវភៅកម្ពុជា លើកទី១២ ថា ពិព័រណ៍សៀវភៅឆ្នាំនេះ រៀបចំដោយមានគោលបំណងសំខាន់ៗចំនួន ៥។ ទី១ ជួយផ្សព្វផ្សាយការបោះពុម្ពសៀវភៅគ្រប់ប្រភេទ ទាំងស្នាដៃអ្នកនិពន្ធចាស់ និងថ្មី ដើម្បីឱ្យមានទីផ្សារទាំងក្នុង និងក្រៅប្រទេស។ ទី២ ជំរុញឱ្យប្រជាជនខ្មែរមានទម្លាប់ក្នុងការអានសៀវភៅកាន់តែប្រសើរ និងក៏ជាសារទៅកាន់យុវជនឱ្យបានស្គាល់ពីគុណតម្លៃនៃការអាន ដើម្បីអភិវឌ្ឍន៍ចំណេះដឹង និងបង្កើតគំនិតសម្រាប់ការសិក្សា និងការងារ។ ទី៣ បង្កើនកម្មវិធីនិទានរឿង និងគូរគំនូររូបភាពផ្សេងៗ ក្នុងគោលបំណងបណ្តុះទឹកចិត្តកុមារឱ្យស្រឡាញ់ និងចូលចិត្តសៀវភៅតាំងពីតូច។ ទី៤ គឺគាំទ្រឧស្សាហកម្មបោះពុម្ពផ្សាយនៅកម្ពុជា និងក្នុងពិភពលោក និងទី៥ ជាការលើកទឹកចិត្តដល់កវី អ្នកនិពន្ធ អ្នកស្រាវជ្រាវ វិចិត្រករខ្មែរ ក្នុងការបង្កើតស្នាដៃថ្មីៗបន្ថែមទៀត។

ពិព័រណ៍សៀវភៅឆ្នាំនេះ លោក គឹម ពីនន់ បានបញ្ជាក់ថា មានស្តង់សៀវភៅចូលរួមចំនួន ២៩៥ស្តង់ ដោយលោករំពឹងថា នឹងមានអ្នកចូលរួមពិព័រណ៍ច្រើនជាងឆ្នាំមុនៗ។ លោកក៏បានលើកឡើងដែរថា ឆ្នាំនេះ គឺជាឆ្នាំទី១២ហើយ ដែលក្រសួងវប្បធម៌ ក្រសួងអប់រំ និងក្រសួងព័ត៌មាន បានរៀបចំពិព័រណ៍សៀវភៅថ្នាក់ជាតិ លើកទី១២ នេះឡើងនៅកម្ពុជា។ ចំពោះការរៀបចំកន្លងមក លោកថាមានដំណើរការយ៉ាងរលូន ដោយមានការចូលរួមគាំទ្រពីភាគីពាក់ព័ន្ធក្នុងវិស័យសៀវភៅ អង្គការក្រៅរដ្ឋាភិបាល សង្គមស៊ីវិល ក្រុមហ៊ុន សាកលវិទ្យាល័យ អាជ្ញាធរដែនដី និងអ្នកសារព័ត៌មានផងដែរ។ អនុរដ្ឋលេខាធិការ ក៏បានសំណូមពរឱ្យបានការផ្សព្វផ្សាយទូលំទូលាយពីការពិព័រណ៍ ដើម្បីបញ្រ្ជាបការអានដល់យុវជនខ្មែរគ្រប់រូប ព្រោះថា ការអានផ្តល់នូវពុទ្ធិ និងសតិបញ្ញាភ្លឺថ្លា ព្រមទាំងជាការរួមចំណែកបណ្តុះចិត្តគំនិតស្រឡាញ់សៀវភៅដូចគ្នា។
ជាមួយគ្នានេះ សម្រាប់ពិព័រណ៍ឆ្នាំនេះ លោក សុទ ឫទ្ធី គណៈកម្មការពិព័រណ៍សៀវភៅកម្ពុជា ក៏រំពឹងដែរថា នឹងមានអ្នកចូលរួមគាំទ្រពិព័រណ៍បានច្រើនជាងឆ្នាំមុនៗ មិនក្រោម ១០ម៉ឺននាក់ឡើយ ពីសំណាក់សាធារណជន ជាពិសេស យុវជន អាណាព្យាបាល សិស្សនិស្សិត ហើយលោកសង្ឃឹមថា នឹងមានការចូលរួមទិញសៀវភៅឱ្យបានច្រើន ដើម្បីលើកស្ទួយ និងពង្រឹងការអាននៅកម្ពុជា។
សូមជម្រាបថា ពិព័រណ៍សៀវភៅកម្ពុជា លើកទី១២ បើកឱ្យសាធារណជនចូលរួមដោយសេរី ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៨យប់ នៅ Elysée – កោះពេជ្រ។ បើតាមគណៈកម្មការរៀបចំពិព័រណ៍ ក្នុងឱកាសនេះ នឹងមានសៀវភៅរាប់មុឺនចំណងជើងតាមស្តង់ពិព័រណ៍ជិត៣០០ស្តង់មកពីសា្ថប័នផ្សេងៗជាច្រើន។ អ្វីដែលកាន់តែពិសេសនោះ នេះ ក៏ជាឱកាសសម្រាប់អ្នកស្រឡាញ់សៀវភៅដែលមានបំណងចង់ជួបអ្នកនិពន្ធក្នុងចិត្តផងដែរ។ ក្រៅពីការតាំងបង្ហាញសៀវភៅ ក៏មានសកម្មភាពកម្សាន្តជាច្រេីន មានកន្លែងថតរូបស្អាតៗ ការលេងហ្គេមដើម្បីឈ្នះរង្វាន់ ការគូរគំនូរ ផាត់ពណ៌សម្រាប់កុមារតូចៗនៅសួនកុមារ ការប្រគំតន្រ្តី និងការបង្ហាញសមត្ថភាពសម្តែងថែមទៀតផង។
ចំពោះទីតាំងរៀបចំពិព័រណ៍ឆ្នាំនេះ លោក សុទ ឫទ្ធី បញ្ជាក់ថា មានភាពងាយស្រួលជាងឆ្នាំមុនដល់អ្នកចូលរួម មានចំណតធំទូលាយជាងឆ្នាំមុន ហើយក៏ជាទីតាំងដែលស្ថិតនៅចំណុចកណ្តាល ងាយស្រួលសម្រាប់អ្នកចូលរួមពីមជ្ឈដ្ឋានផ្សេងៗ។ បន្ថែមពីនេះ លោកបានអំពាវនាវឱ្យមានការចូលរួមផ្សព្វផ្សាយពិព័រណ៍ឱ្យបានទូលំទូលាយ ដើម្បីចូលរួមចំណែកលើកស្ទួយវិស័យបោះពុម្ពផ្សាយ និងការអាន៕
អត្ថបទ៖ អុន ស្រីមាន




-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍១ សប្តាហ៍ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១៨ ម៉ោង agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


