ព័ត៌មានជាតិ
តើពិព័រណ៍សៀវភៅកម្ពុជា លើកទី១២ ឆ្នាំ២០២៥ មានអ្វីពិសេសជាងឆ្នាំមុនៗ?
ឆ្នាំ២០២៥ គឺជាឆ្នាំទី១២ ដែលក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងព័ត៌មាន បានរៀបចំពិព័រណ៍សៀវភៅថ្នាក់ជាតិ លើកទី១២ នៅកម្ពុជា។ ចំពោះពិព័រណ៍សៀវភៅកម្ពុជា លើកទី១២ នឹងប្រារព្ធចាប់ពីថ្ងៃទី១១ ដល់ទី១៤ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខ នៅ Elysée-កោះពេជ្រ ដោយត្រូវបានរំពឹងថា នឹងមានសាធារណជនចូលរួមគាំទ្រកាន់តែច្រើនជាងឆ្នាំមុនៗទៀត។

តើពិព័រណ៍សៀវភៅកម្ពុជា លើកទី១២ មានសកម្មភាពអ្វីខ្លះ? តើមានអ្វីពិសេសជាងឆ្នាំមុនៗ? បើតាម លោក គឹម ពីនន់ អនុរដ្ឋលេខាធិការនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងជាប្រធានគណៈកម្មការរៀបចំពិព័រណ៍សៀវភៅកម្ពុជា បានលើកឡើងក្នុងសន្និសីទសារព័ត៌មាន ស្តីពីដំណើរការនៃការរៀបចំពិព័រណ៍សៀវភៅ នាថ្ងៃទី២៦ ខែវិច្ឆិកា ថា សម្រាប់សកម្មភាពក្នុងពិព័រណ៍ខាងមុខ គឺមានការដាក់តាំងបង្ហាញសៀវភៅដែលចូលរួមពីអ្នកនិពន្ធ គ្រឹះស្ថានបោះពុម្ពផ្សាយ និងបណ្ណាគារនានាក្នុងប្រទេសកម្ពុជា ហើយក្នុងនោះ សៀវភៅមួយចំនួនក៏នឹងត្រូវដាក់លក់ក្នុងតម្លៃពីសេសផងដែរ។ ក្រៅពីការតាំងបង្ហាញសៀវភៅ មានវេទិកាស្តីពីការបោះពុម្ពផ្សាយតាមប្រព័ន្ធអេឡិចត្រូនិក ការធ្វើបទបង្ហាញនានាទាក់ទងនឹងអក្សរសាស្រ្តអក្សរសិល្ប៍ខ្មែរ និងវិទ្យាសាស្ត្រជាដើម។

ក្រៅពីសកម្មភាពខាងលើ លោក គឹម ពីនន់ បញ្ជាក់ទៀតថា ក៏មានការនិពន្ធសៀវភៅទៅជាខ្សែភាពយន្ត និងការអភិវឌ្ឍជំនាញការអាន ចាប់ផ្តើមពីអំណានពីដំណាក់កាលដំបូងនៃជីវិត រួមទាំងអំណានថ្នាក់ដំបូង ដើម្បីឱ្យកូនខ្មែរចូលចិត្តអានតាំងពីថ្នាក់ដំបូងមក។ ជាមួយគ្នានេះ ក៏មានការជួបពិភាក្សា និងទទួលបាននូវបទពិសោធពីអ្នកនិពន្ធល្បីៗ ព្រមទាំងមានឱកាសទទួលបានហត្ថលេខាពីអ្នកនិពន្ធ និងវិចិត្រករផងដែរ។ ក្នុងពិព័រណ៍ ក៏មានកម្មវិធីអានរឿង និងល្បែងសិក្សាសម្រាប់កុមារ ព្រមទាំងការប្រគំតន្រ្តី និងសំណួរចម្លើយយករង្វាន់ថែមទៀតផង។

សម្រាប់ពិព័រណ៍សៀវភៅកម្ពុជា លើកទី១២ ដែលមានរយៈពេល ៤ថ្ងៃ ខាងមុខ អ្វីដែលពិសេស និងប្លែកជាងឆ្នាំមុនៗ គឺនៅថ្ងៃទី១២ ខែធ្នូ ត្រូវនឹងថ្ងៃទី២ នៃកម្មវិធី លោក គឹម ពីនន់ បញ្ជាក់ថា នឹងមានព្រឹត្តិការណ៍មួយ គឺការរៀបចំទិវាជាតិអ្នកនិពន្ធ ព្រោះថា កាលពីឆ្នាំ២០២៤ ក៏មានការរៀបចំទិវាជាតិអ្នកនិពន្ធដែរ (មិនមែនក្នុងពិព័រណ៍) និងសង្កេតឃើញថា មានអ្នកចូលរួមគាំទ្រច្រើន ហេតុនេះ ក្នុងកម្មវិធីពិព័រណ៍សៀវភៅកម្ពុជា លើកទី១២ ក៏នឹងបញ្ចូលកម្មវិធីនេះដូចគ្នា។ លើសពីនេះ ក្នុងឱកាសទិវាអ្នកនិពន្ធ ក៏មានភ្ជាប់ជាមួយការប្រគល់ពានរង្វាន់ព្រះនាងឥន្រ្ទទេវី ឆ្នាំ២០២៥ ដែលជាការប្រកួតស្តីពីការប្រឡងស្នាដៃតែងនិពន្ធប្រលោមលោកខ្នាតខ្លី និងកំណាព្យរឿង ដើម្បីចូលរួមថែរក្សា លើកតម្កើង និងជំរុញវិស័យអក្សរសិល្ប៍ អក្សរសាស្ត្រជាតិឱ្យកាន់តែប្រសើរឡើងថែមទៀត។
លោក គឹម ពីនន់ ក៏បានលើកឡើងដែរថា ពីមួយឆ្នាំទៅមួយឆ្នាំ ការតាំងពិព័រណ៍សៀវភៅកម្ពុជា ទទួលបានការគាំទ្រច្រើនពីសាធារណជន ជាពិសេស គឺយុវជនតែម្តង ហើយក៏បានក្លាយជាព្រឹត្តិការណ៍វប្បធម៌ដ៏សំខាន់មួយ ក្នុងការផ្សព្វផ្សាយ និងជំរុញទឹកចិត្តប្រជាជនខ្មែរឱ្យមានទម្លាប់ក្នុងការអានសៀវភៅ ស្គាល់ពីគុណតម្លៃនៃការអាន ដើម្បីអភិវឌ្ឍន៍ចំណេះដឹង និងការងារ។
ក្នុងឱកាសពិព័រណ៍សៀវភៅកម្ពុជា លើកទី១២ ដែលនឹងរៀបចំនៅខែក្រោយនេះ នឹងមានស្តង់ពិព័រណ៍ចំនួន ២៩៥ស្តង់ រួមជាមួយនឹងសៀវភៅរាប់ម៉ឺនក្បាល ហើយគណៈកម្មការរៀបចំពិព័រណ៍សៀវភៅ រំពឹងថា នឹងទទួលបានអ្នកចូលរួមក្នុងពិព័រណ៍ ឆ្នាំ២០២៥ នេះ កើនដល់ ២០ម៉ឺននាក់៕


-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


