ព័ត៌មានជាតិ
រដ្ឋមន្រ្តី នេត្រ ភក្ត្រា លើកទឹកចិត្តឱ្យយុវជនបង្កើនទម្លាប់អានសៀវភៅ ដើម្បីបង្កើនចំណេះដឹង សមត្ថភាពជាប្រចាំ
លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកទឹកចិត្តឱ្យប្អូនៗសិស្សានុសិស្ស និងយុវជននាំគ្នាបង្កើនទម្លាប់មកអានសៀវភៅ ដើម្បីបង្កើនចំណេះដឹង និងសមត្ថភាពរបស់ខ្លួនជាប្រចាំ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល អាណត្តិទី៧។ លោកបញ្ជាក់ថា ការអានជាមូលដ្ឋានគ្រឹះដ៏រឹងមាំផ្តល់នូវចំណេះដឹង ជំនាញ កាន់តែទូលំទូលាយ ការអានជួយឱ្យការនិយាយកាន់តែល្អ ដោយមានឃ្លា មានប្រយោគ មានបែបបទនៃការនិយាយ និងការប្រើពាក្យពេចន៍បានត្រឹមត្រូវទៅតាមកាលៈទេសៈ។

ការថ្លែងបែបនេះ បានធ្វើឡើងនៅក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតីភាពបើកសម្ពោធពិព័រណ៍លក់សៀវភៅ Big Bad Wolf Books ដែលបានរៀបចំឡើងក្នុងផ្សាររុងរឿង ស្ថិតនៅក្នុងភូមិគៀនឃ្លាំង សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦នេះ។ លោកអះអាងទៀតថា ក្រសួងព័ត៌មាននឹងនៅតែបន្តគាំទ្រចំពោះពិព័រណ៍ សៀវភៅរបស់ Big Bad Wolf Books នេះ ដែលបានចូលរួមលើកកម្ពស់ការសិក្សារៀនសូត្រ ចំណេះដឹង និងពង្រឹងវប្បធម៌នៃការអាន និងសូមអំពាវនាវឱ្យប្រជាជនកម្ពុជាចូលរួមក្នុងព្រឹត្តិការណ៍នេះ និងធ្វើឱ្យការអានក្លាយជាទម្លាប់ពេញមួយជីវិត។
លោក នេត្រ ភក្ត្រា ក៏បានរម្លឹកថា ប្រទេសកម្ពុជា ក្រោមមគ្គុទ្ទេសក៍ដឹកនាំដ៏ឆ្នើមរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានព្រឹទ្ធសភា និងបន្តដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចាត់ទុកវិស័យអប់រំជាវិស័យអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា និងបានគាំទ្រ ជំរុញលើកទឹកចិត្តវិស័យអំណាន តាមរយៈការបង្កើតទិវាជាតិអំណានជាលើកដំបូងនៅក្នុងឆ្នាំ២០១៦ ក្នុងគោលបំណងដើម្បីបណ្ដុះទម្លាប់អាន ជំរុញវប្បធម៌អាន និងការតែងនិពន្ធ សំដៅរួមចំណែកការពារ និងពង្រឹងវប្បធម៌ អរិយធម៌ខ្មែរ។

លោក នេត្រ ភក្ត្រា បានលើកឡើងយ៉ាងដូច្នេះថា៖ «ខ្ញុំអាចធ្វើជាសាក្សីរស់មួយថា ការអាន គឺពិតជាបានផ្តល់នូវមូលដ្ឋានគ្រឹះដ៏រឹងមាំ ផ្តល់នូវចំណេះដឹង និងធ្វើឱ្យយើងកាន់តែមានភាពរឹងមាំផ្នែកសមត្ថភាព ជំនាញ និងចំណេះដឹងទូទៅផង។ នៅពេលដែលយើងអានច្រើនគឺយើងនឹងដឹង និងចេះកាន់តែច្រើន»។
«បើកាលណាយើងអានច្រើន យើងនឹងមានគំនិតច្រើន ហើយយើងក៏អាចបង្រួមទៅលើខ្លឹមសារថាអ្វីដែលជាមូលដ្ឋានយើងចង់ប្រាប់ និងខ្លឹមសារអ្វីល្អដែលយើងចង់និយាយ។ ពីព្រោះថាការនិយាយជួនកាលមិនប្រាកដទេថាគេស្តាប់ទាំងអស់ទេ។ អ៊ឹចឹងបើចង់ឱ្យការនិយាយគេស្តាប់ គឺយើងចាំបាច់ត្រូវតែជ្រើសរើសនូវពាក្យពេចន៍ ក៏ដូចជាព័ត៌មានដែលយើងត្រូវបញ្ចេញ មិនមែននិយាយហើយចង់បញ្ចប់មិនដឹងថាជាអ្វីនោះទេ»។ នេះការថ្លែងឡើងរបស់លោករដ្ឋមន្រ្តី។
លោកបានលើកឡើងថា ការនិយាយមួយដែលពូកែ គឺយើងចាំបាច់ត្រូវឆ្លងកាត់មូលដ្ឋានច្រើន ក្នុងនេះចំណុចទី១ គឺចំណេះដឹងទូលំទូលាយ ស្គាល់ប្រធានបទរបស់ខ្លួនឱ្យច្បាស់លាស់ ត្រូវមាន ទឡ្ហិករណ៍ ភស្ថុតាង ឯកសារ និងអ្វីដែលសំខាន់មួយទៀត គឺទិន្នន័យ។ ហេតុអ្វីដែលតម្លៃការអានសៀវភៅខុសពីការអានព័ត៌មាន។

ជាមួយគ្នានេះ លោកស្រី Jacqueline Ng សហស្ថាបនិករបស់ Big Bad Wolf Books បានលើកឡើងថាពិព័រណ៍សៀវភៅនេះ គឺមានការបញ្ចុះតម្លៃរហូតដល់ ៩៥ភាគរយ ក្នុងនេះដែរតម្លៃសៀវភៅទាបបំផុតចាប់ពី១ដុល្លារ ក្នុងមួយក្បាល។ ជាមួយគ្នានេះ ចាប់ពីថ្ងៃចន្ទដល់ថ្ងៃសុក្រ សិស្ស-និស្សិតទាំងអស់នឹងទទួលបានការបញ្ចុះតម្លៃ៥ភាគរយ លើសៀវប្រភេទមួយចំនួន។ លោកស្រីថា៖«ដើម្បីទទួលបានការបញ្ចុះតម្លៃនេះ ពួកគេគ្រាន់តែបង្ហាញកាតសិស្សនិស្សិត ឬស្លៀកពាក់ឯកសណ្ឋានសិស្សនិស្សិតរបស់គេនៅពេលគិតលុយ។ កម្មវិធីបញ្ចុះតម្លៃនេះ ស័ក្តិសមបំផុតសម្រាប់ក្រុមសិស្សនិស្សិត និងអ្នកអានវ័យក្មេង ក្នុងការបង្កើតបណ្ណាល័យផ្ទាល់ខ្លួន»។
លោកស្រីបានបញ្ជាក់ថា ពិព័រណ៍សៀវភៅនេះគឺជាលើកទី៤ហើយនៅកម្ពុជា ហើយសម្រាប់សៀវភៅដែលគាត់បាននាំយកមកលក់នេះកន្លងមកត្រូវបានលក់ចេញបានប្រមាណជាង ៦០ភាគរយ ដែលនេះបង្ហាញថាការអានសៀវភៅក្នុងស្រទាប់យុវជនមានការកើនឡើងបន្តបន្ទាប់។

គួរបញ្ជាក់ថា ពិព័រណ៍លក់សៀវភៅនេះនឹងចាប់ផ្តើមពីថ្ងៃច័ន្ធដល់ថ្ងៃព្រហស្បតិ៍ចាប់ពីម៉ោង ១០ព្រឹកដល់ម៉ោង១០យប់ និងថ្ងៃសុក្រដល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង១០ព្រឹកដល់ម៉ោង១២យប់ នៅផ្សាររុងរឿង ស្ថិតនៅក្នុងភូមិគៀនឃ្លាំង សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ ក្នុងរាជធានីភ្នំពេញ៕
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១៩ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


