ព័ត៌មានជាតិ
ពិព័រណ៍សៀវភៅកម្ពុជាលើកទី១២ រៀបចំរយៈពេល៤ថ្ងៃនៅកោះពេជ្រ ដើម្បីលើកកម្ពស់ការអាន
ពិព័រណ៍សៀវភៅកម្ពុជា បានត្រឡប់មកជាថ្មីម្តងទៀត ដោយនៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ ពិព័រណ៍សៀវភៅកម្ពុជាលើកទី១២ បានសម្ពោធជាផ្លូវការនៃកម្មវិធីបើកពិព័រណ៍ ដែលប្រារព្ធរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី ១១ ដល់ទី១៤ ខែធ្នូ ក្រោមប្រធានបទ “សៀវភៅជាជំនួយបញ្ញា ជាអាហារគំនិត” ដើម្បីលើកកម្ពស់ការអាននៅកម្ពុជាឱ្យកាន់តែប្រសើរ។ កម្មវិធីរៀបចំនៅ Elysée – កោះពេជ្រ ចាប់ពីម៉ោង ៨៖០០ ព្រឹក ដល់ ៨៖០០ យប់។

ក្នុងពិធីបើកពិព័រណ៍នេះ មានការចូលរួមក្រោមអធិបតីភាពរបស់ លោក ខៀវ កាញារីទ្ធ ឧត្តមប្រឹក្សាព្រះមហាក្សត្រ រួមជាមួយតំណាងក្រសួងអប់រំ យុវជន និងកីឡា និងតំណាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងអ្នកនិពន្ធ ជាច្រើននាក់។

ក្នុងឱកាសនោះ លោក ខៀវ កាញារីទ្ធ បានលើកឡើងថា សៀវភៅ គឺជាឱសថជួយកាត់បន្ថយភាពតានតឹងយ៉ាងមានប្រសិទ្ធភាព។ បន្ថែមពីនេះ ការអានសៀវភៅជួយផ្តល់នូវចំណេះដឹងសម្បូរបែប ពីគ្រប់មជ្ឈដ្ឋាន ដើម្បីឱ្យមនុស្សយកមកពង្រឹងសមត្ថភាពរបស់ខ្លួន អាចឱ្យមនុស្សចេះគិតគូរពិចារណា រកហេតុ និងផល បានត្រឹមត្រូវ។

ចំពោះការបើកសម្ពោធពិព័រណ៍សៀវភៅកម្ពុជាលើកទី១២នេះ លោក ខៀវ កាញារីទ្ធ ថា គឺជាព្រឹត្តិការណ៍ដ៏សំខាន់ ព្រោះជាវេទិកាជួបជុំអ្នកនិពន្ធ អ្នកអាន អ្នកបោះពុម្ពផ្សាយ និងភាគីពាក់ព័ន្ធដែលធ្វើការងារពាក់ព័ន្ធនឹងសៀវភៅ។ លោកបញ្ជាក់ថា តាមរយៈការជួបជុំក្នុងឱកាសពិព័រណ៍សៀវភៅនេះ អាចឱ្យពួកគេបានពិភាក្សាគ្នា ដកស្រង់បទពិសោធ និងស្វែងយល់ពីគ្នាទៅវិញទៅមកនូវចំណុចល្អ ចំណុចខ្វះខាត តម្រូវការ និងផលវិបាកទាំងអ្នកអាន និងអ្នកនិពន្ធ។ ជាមួយគ្នានេះ លោកសង្កត់ធ្ងន់ថា កម្មវិធីនេះក៏ជាកត្តារួមចំណែកជំរុញទឹកចិត្តដល់កូនខ្មែរឱ្យចូលចិត្តអាន និងសរសេរផងដែរ។
សូមជម្រាបថា ពិព័រណ៍សៀវភៅកម្ពុជា ត្រូវបានរៀបចំ១២លើកហើយ គិតត្រឹមរយៈពេលកំពុងពិព័រណ៍នេះ ដែលជាការរៀបចំដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងព័ត៌មាន។ ពីមួយឆ្នាំទៅមួយឆ្នាំ ពិព័រណ៍សៀវភៅមានការគាំទ្រ និងចូលរួមច្រើនពីសាធារណជន សិស្សនិស្សិត និងកុមារតូចៗ។

សម្រាប់ពិព័រណ៍សៀវភៅកម្ពុជាលើកទី១២ ឆ្នាំ២០២៥នេះ មានគោលបំណងសំខាន់ៗចំនួន ៥។ ទី១ ជួយផ្សព្វផ្សាយការបោះពុម្ពសៀវភៅគ្រប់ប្រភេទ ទាំងស្នាដៃអ្នកនិពន្ធចាស់ និងថ្មី ដើម្បីឱ្យមានទីផ្សារទាំងក្នុង និងក្រៅប្រទេស។ ទី២ ជំរុញឱ្យប្រជាជនខ្មែរមានទម្លាប់ក្នុងការអានសៀវភៅកាន់តែប្រសើរ និងក៏ជាសារទៅកាន់យុវជនឱ្យបានស្គាល់ពីគុណតម្លៃនៃការអាន ដើម្បីអភិវឌ្ឍន៍ចំណេះដឹង និងបង្កើតគំនិតសម្រាប់ការសិក្សា និងការងារ។ ទី៣ បង្កើនកម្មវិធីនិទានរឿង និងគូរគំនូររូបភាពផ្សេងៗ ក្នុងគោលបំណងបណ្តុះទឹកចិត្តកុមារឱ្យស្រឡាញ់ និងចូលចិត្តសៀវភៅតាំងពីតូច។ ទី៤ គឺគាំទ្រឧស្សាហកម្មបោះពុម្ពផ្សាយនៅកម្ពុជា និងក្នុងពិភពលោក និងទី៥ ជាការលើកទឹកចិត្តដល់កវី អ្នកនិពន្ធ អ្នកស្រាវជ្រាវ វិចិត្រករខ្មែរ ក្នុងការបង្កើតស្នាដៃថ្មីៗបន្ថែមទៀត៕








-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


